(ភ្នំពេញ)៖ ផ្ទុយពីការជឿជាក់ថា គ្រីស្ដុប កូឡុំ (Christopher Columbus) បានទៅដល់អាមេរិកមុនគេ ប៉ុន្តែមានអ្នកប្រវត្តិវិទូជាច្រើនបានរកឃើញកំណត់ត្រាថ្មីថា មានអ្នករុករកម្នាក់ទៀតបានទៅដល់ទឹកដីអាមេរិកមុនលោកដល់ទៅជាង ៤០០ ឆ្នាំឯណោះ ហើយអ្នករុករករូបនោះក៏ថែមទាំងបានចូលទៅដល់ទឹកដីសហរដ្ឋអាមេរិកបច្ចុប្បន្នផងដែរ។ តើអ្នករុករករូបនោះជាអ្នកណា ហើយការរុករកទ្វីបអាមេរិករបស់គាត់មានដំណើរយ៉ាងដូចម្ដេចខ្លះ?
អ្នករុករកនោះ គឺមានឈ្មោះថា Leif Erikson (ភាសាអង់គ្លេស៖ លីហ្វ អេរិកសិន) ជាជនជាតិវ៉ៃឃីង (Viking) កើតនៅគ្រិស្ដសករាជ ៩៧០ លើដែនកោះនៃទឹកដីប្រទេសអ៉ីស្លង់សព្វថ្ងៃ។ លុះដល់វ័យកុមារ គ្រួសារអេរិកសិនក៏បានប្ដូរទៅរស់នៅភាគខាងកើតកោះហ្គ្រីនលែន។ បុព្វបុរសរបស់លោកសុទ្ធតែជាអ្នករុករក ហើយអេរិកសិនក៏បានជ្រើសរើសការងារដ៏គ្រោះថ្នាក់នេះដែរ ប៉ុន្តែវាគ្មានអ្វីចម្លែកសម្រាប់លោកឡើយ។
ដំបូងឡើយ លោកបានឮមិត្តភក្តិម្នាក់និយាយអំពី «ដែនដីថ្មីមួយនៅទិសខាងលិចនៃមហាកោះហ្គ្រីនលែន» ក៏ប៉ុន្តែមិត្តម្នាក់នោះមិនធ្លាប់បានទៅដល់ខ្លួនឯងទេ។ ក្រោយពីឮរឿងបែបនេះ អេរិកសិនរំភើបជាខ្លាំង ហើយក៏បានជិះទូកចេញដំណើរ ដើម្បីស្វែងរកដែនដីថ្មីនោះ។
តាមរយៈការរកឃើញដែនដីថ្មីដែលជាទ្វីបអាមេរិកខាងជើង អេរិកសិនបានបង្ហាញឲ្យពួកវ៉ៃឃីងដទៃទៀតឃើញថា វាពិតជាមានដែនដីដ៏សម្បូរធនធានមួយ នៅត្រើយម្ខាងទៀតនៃមហាសមុទ្រប្រាកដមែន។ នៅទីនោះ អេរិកសិនបានប្រទះឃើញរុក្ខជាតិគ្រប់បែបយ៉ាង ហើយមានឈើ ត្រី និងសត្វព្រៃយ៉ាងសម្បូរហូរហៀ។
អេរិកសិនបានកសាងភូមិនៅទីតាំងមួយដែលបច្ចុប្បន្ននៅខេត្តញូវហ្វោនលែនដ៍ (Newfoundland) ភាគខាងកើតប្រទេសកាណាដាសព្វថ្ងៃ ហៅថា វីនលែនដ៍ (Vinland)។ បើតាមការសន្និដ្ឋានរបស់ប្រវត្តវិទូមួយចំនួន លោក អេរិកសិន ទំនងជាបានធ្វើដំណើររុករកជ្រៅថែមទៀត គឺអាចដល់ទឹកដីរដ្ឋមីនីសូតា (Minnesota State) របស់សហរដ្ឋអាមេរិកបច្ចុប្បន្ន។
យ៉ាងណាមិញ អេរិកសិនមិនបានចំណាយពេលនៅទ្វីបអាមេរិកខាងជើងយូរឡើយ គឺលោកបានត្រលប់ទៅកោះហ្គ្រីនលែនវិញ ហើយទីបំផុតក្លាយជាមេដឹកនាំនៅទីនោះជំនួសឪពុកលោក។ អេរិកសិនបានទទួលមរណភាពនៅចន្លោះគ្រិស្ដសករាជ ១០១៩-១០២៥។ កេរដំណែលអស្ចារ្យបំផុតរបស់លោក គឺការបើកផ្លូវឲ្យអ្នកជំនាន់ក្រោយៗនៅកោះហ្គ្រីនលែនដើរតាមជំហានលោកក្នុងការបង្កើតភូមិថ្មីៗនៅដែនដីនៃទ្វីបអាមេរិកខាងជើង ទីដែលលោកបានរកឃើញមុនគេបង្អស់នោះ។
មានការអះអាងតៗគ្នាថា តាមពិតលោក គ្រីស្តុប កូឡុំ បានឮអំពីដែនដីថ្មីនេះ នៅពេលលោកធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រន័រវែសជាលើកដំបូងនៅគ្រិស្ដសករាជ ១៤៧៧។ ទោះរបកគំហើញរបស់អេរិកសិន គឺត្រូវបានគេដឹងឮជាទូទៅនៅតាមកំពង់ផែជាច្រើននៃតំបន់អឺរ៉ុបក៏ដោយ ក៏ពុំមានជនជាតិអឺរ៉ុបណាផ្សេងបានទៅដល់ទ្វីបអាមេរិកខាងជើងបន្ទាប់ពីលោក លីហ្វ អេរិកសិន ឡើយ រហូតទាល់តែលោក គ្រីស្តុប កូឡុំ បានទៅដល់ទីប្រជុំកោះនៃសមុទ្រការីបង់ ក៏ដូចជាទ្វីបអាមេរិកខាងត្បូងចាប់ពីគ្រិស្ដសករាជ ១៤៩២។
ថ្វីដ្បិតលោក គ្រីស្តុប កូឡុំ បានទៅដល់ទីប្រជុំកោះនៃសមុទ្រការីបង់ ក៏ដូចជាទ្វីបអាមេរិកខាងត្បូងក៏ពិតមែន ប៉ុន្តែលោកមិនបានទៅដល់ទឹកដីសហរដ្ឋអាមេរិកបច្ចុប្បន្ននោះឡើយ។ ទោះបីយ៉ាងនេះក្ដី ពិភពលោកបានចាត់ទុកថា គ្រីស្តុប កូឡុំ ជាអ្នកដែលបានទៅដល់ទ្វីបដ៏ធំមួយនេះមុនគេបង្អស់៕