(ពិភពលោក)៖ នៅពេលកកើតដីទ្វីប និងទឹកសមុទ្រលើកដំបូងនៅលើផែនដី ធម្មជាតិមិនបានដាក់ឈ្មោះឱ្យនោះឡើយ គឺមនុស្សយើងទៅវិញទេដែលបានដាក់ឈ្មោះឱ្យទ្វីប និងទីតាំងភូមិសាស្ត្រនានានៅផែនដី។ តើអ្នកធ្លាប់ឆ្ងល់ទេថា ទ្វីបទាំងប្រាំពីរនេះ អ្នកណាខ្លះជាអ្នកដាក់ឈ្មោះឱ្យ?
* ទ្វីបអាហ្វ្រិក (Africa)
ឈ្មោះមួយនេះមានដើមកំណើតមកពីពួករ៉ូមាំង ដែលហៅសំដៅទៅលើប្រទេសទុយណេស៊ីដែលមានទីតាំងនៅខាងត្បូងអាណាចក្ររបស់ខ្លួន។ ប្រជាជនរ៉ូមាំងតែងហៅតំបន់នៅខាងត្បូងដែនដីរបស់ខ្លួននោះថា Africa Terra ឬ Land of the Afri ដែលជាភាសាខ្មែរមានន័យថា ដែនដីអាហ្វ្រី។ បច្ចុប្បន្ន តំបន់នេះបានក្លាយទៅជាប្រទេសទុយណេស៊ី ដែលមានទីតាំងនៅទ្វីបអាហ្វ្រិកប៉ែកខាងជើង និងខាងត្បូងប្រទេសអ៉ីតាលី។
ពាក្យថា Afri ទំនងជាមានដើមកំណើតនៅប្រទេសក្រិកមុននោះទៀត។ បន្ទាប់មក ពាក្យនេះត្រូវបានគេប្រើប្រាស់ទូទាំងទ្វីបអាហ្វ្រិក ដោយសារឥទ្ធិពលប្រជាជនអឺរ៉ុប។
* ទ្វីបអឺរ៉ុប (Europe)
ពាក្យនេះក្លាយមកពីពាក្យ Europa ដែលជាឈ្មោះរបស់បុត្រីស្តេច Agenor ឬ Phoenix នៅក្នុងរឿងព្រេងនិទានរបស់ក្រិកបុរាណ។
មតិមួយទៀតបានលើកឡើងថា ដោយលោក Ernest Klein បាននិយាយថា Europe អាចក្លាយមកពីពាក្យ Ereb ដែលជាភាសារបស់ប្រជាជនក្នុងតំបន់ Sumerian បុរាណ (សព្វថ្ងៃគឺប្រទេសអ៉ីរ៉ាក់) ក្នុងការហៅសំដៅលើប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។ Ereb នេះ មានន័យថា ភាពងងឹត ឬឱនភាព ដែលអាចសំដៅបានថាប្រទេសក្នុងតំបន់ Sumerian នេះធ្លាប់មានប្រវត្តិជូរចត់ជាមួយប្រទេសខ្លះក្នុងទ្វីបអឺរ៉ុប។
មួយវិញទៀត Ereb ក៏អាចមានន័យសាមញ្ញថា «ដែនដីខាងលិច» ផងដែរ។
* ទ្វីបអូសេអានី (Oceania)
ឈ្មោះនេះមានន័យត្រង់ៗងាយយល់ ដោយសារពាក្យ Oceania ក្លាយមកពីពាក្យថា Ocean ឬមហាសមុទ្រធំ។ ម្យ៉ាងវិញទៀត ពាក្យនេះក៏មានដើមកំណើតមកពីភាសាក្រិកថា Okeanos មានន័យថា ដែនដីដែលព័ទ្ធជុំវិញដោយមហាសមុទ្រ។
* ទ្វីបអាស៊ី (Asia)
ពាក្យនេះប្រើប្រាស់ដោយពួកក្រិកសម្រាប់ហៅទៅកាន់ប្រទេសនៅខាងកើតសមុទ្រ Aegean ក្បែរដែនដី Anatolia សព្វថ្ងៃប្រទេសតួកគី និងតំបន់អាស៊ីកណ្តាលមួយចំនួន។ ក្រោយមក ដោយសារអឺរ៉ុបមានឥទ្ធិពលខាងជំនួញ និងអក្សរសាស្ត្រ ពាក្យនេះក៏រាលដាលទៅដល់តំបន់ខាងកើតបន្តទៀត មានដូចជាចិន និងជប៉ុន។
* ទ្វីបអាមេរិក (America)
ពាក្យនេះគ្រប់ដណ្តប់ទាំងអាមេរិកខាងជើង និងអាមេរិកខាងត្បូង។ អ្នកធ្វើផែនទីបុរាណរបស់អឺរ៉ុបបានដាក់ឈ្មោះមួយនេះក្នុងការឱ្យកិត្តិយសដល់លោក អាមេរីកូ វេស្ពូស៉ី ដែលជាអ្នកនាវាចរដ៏ល្បីជនជាតិអ៉ីតាលីម្នាក់ និងជានាវិករបស់លោក គ្រិស្ដុប កូឡុំ អ្នកដែលរកឃើញទ្វីបអាមេរិកផងដែរ។
លោកមិនមែនជាអ្នកធ្វើដំណើរទៅកាន់ទ្វីបអាមេរិកដំបូងនោះទេ តែគាត់បានសន្មត់ជាលើកដំបូងថា ដែនដីមួយនេះជាទ្វីបមួយដែលធំហើយថ្មី សម្រាប់ប្រទេសមហាអំណាចក្នុងទ្វីបអឺរ៉ុបកាលពីពេលនោះ។
* ទ្វីបអង់តាក់ទិក (Antarctica)
ដំបូងឡើយ ពួកក្រិកហៅតំបន់ខាងជើងភពផែនដីនេះថា Arktos មានន័យថា ខ្លាឃ្មុំស ដែលរស់នៅតាមតំបន់ត្រជាក់អាក់ទិក។ ក្រោយមក ពួករ៉ូមាំងបានប្រើប្រាស់ពាក្យ Antarktike ឬ Anti-Arctic ដែលមានន័យថា មិនមែនអាក់ទិក ឬផ្ទុយពីអាក់ទិក សម្រាប់ហៅសំដៅលើតំបន់ខាងត្បូងបំផុតនៃពិភពលោក៕