(ចក្រវាឡ)៖ បច្ចុប្បន្ន អ្នកតារាសាស្ត្របានរកឃើញព្រះចន្ទរបស់ភពព្រហស្បតិ៍ដល់ទៅ៧៩ដួងឯណោះ ប៉ុន្តែព្រះចន្ទដែលល្បីល្បាញជាងគេមានតែ៤ដួងប៉ុណ្ណោះ ដែលពួកវាត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រម្នាក់ បន្ទាប់ពីមនុស្សចេះផលិតតេឡេទស្សន៍ ឬកែវយឹតលើកដំបូង។
* តើអ្នកដឹងទេថា ព្រះចន្ទរបស់ភពព្រហស្បតិ៍ត្រូវបានរកឃើញដំបូងនៅឆ្នាំណា ដោយអ្នកណា ហើយព្រះចន្ទទាំង៤ដួងនោះមានឈ្មោះអ្វីខ្លះ?
កាលពីគ្រិស្ដសករាជ ១៦១០ តារាវិទូជនជាតិអ៉ីតាលីម្នាក់ គឺលោក កាលីលេអូ កាលីឡេ (Galileo Galilei) បានប្រើកែវយឹតដែលលោកបានបង្កើតឡើងដំបូង ដើម្បីឆ្លុះមើលទៅកាន់ភពព្រហស្បតិ៍ (Jupiter) ហើយបានប្រទះឃើញតារាតូចៗចំនួន៤ដួងស្ថិតនៅក្បែរភពយក្សនេះ។ ដំបូងឡើយ គឺនៅថ្ងៃទី០៧ ខែមករា លោកបានឆ្លុះមើលឃើញតែតារា៣ដួងប៉ុណ្ណោះ ដែលស្ថិតនៅឈមគ្នាជាជួរនៅជិតភពព្រហស្បតិ៍។ តាមការសង្កេតជាបន្តបន្ទាប់មកឃើញថា តារាទាំងនោះបានផ្លាស់ទីចេញពីទីតាំងដើម ដែលហាក់ដូចជាខុសពីដំណើរផ្លាស់ទីទូទៅរបស់តារាផ្សេងៗ។ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំដដែល លោក កាលីឡេ បានសង្កេតឃើញថាមានតារាមួយដួងបានបាត់ខ្លួន លោកក៏បានសង្កេតមើលបន្តទៅទៀត ទើបរកឃើញថាវាបាត់ខ្លួនដោយសារបាំងពីក្រោយភពព្រហស្បតិ៍ ទើបលោកបានសន្មតថា តាមពិតតារាទាំងបីដួងនោះគឺជាតារារណបគោចរជុំវិញភពព្រហស្បតិ៍ ឬជាព្រះចន្ទរបស់ភពព្រហស្បតិ៍នេះឯង។
មកដល់ថ្ងៃទី១៣ ខែឆ្នាំដដែល លោក កាលីឡេ បានរកឃើញព្រះចន្ទមួយទៀត ហើយបានដាក់ឈ្មោះឱ្យព្រះចន្ទទីបួននេះថា មេឌីស៊ាន (The Medicean Stars) ដោយយកតាមព្រះនាមរបស់ព្រះអង្គម្ចាស់ កូស៊ីម៉ូ នៃរាជវង្សមេឌីស៊ី (Cosimo de’ Medici) ដែលជាសិស្សជំនិតរបស់លោក។ ចំណែកព្រះចន្ទ៣ដួងទៀត គឺលោកបានដាក់ឈ្មោះឱ្យថា ហ្វ្រាន់ស៉ីស្កូ (Francesco) កាឡូ (Carlo) និងឡូរិនហ្សូ (Lorenzo) ដោយយកតាមព្រះនាមរបស់បងប្អូនព្រះអង្គម្ចាស់ កូស៉ីម៉ូ ចំនួន៣អង្គទៀត។
រហូតដល់គ្រិស្ដសករាជ ១៦១៤ តារាវិទូជនជាតិអាល្លឺម៉ង់ម្នាក់ទៀត គឺលោក ស៉ីម៉ុន ម៉ារ្យូស (Simon Marius) បានអះអាងថា លោកបានរកឃើញតារារណបរបស់ភពព្រហស្បតិ៍ទាំងបួនដួងនេះដូចគ្នា ហើយក៏បានប្រសិទ្ធនាមថ្មីដល់ពួកវាឡើងវិញ ក្នុងនោះរួមមាន អាយអូ (Io) យូរ៉ូប៉ា (Europa) ហ្កានីមីដ (Ganymede) និងកាលលីស្តូ (Callisto)។ ការដាក់ឈ្មោះថ្មីឱ្យតារារណបទាំង៤ដួងនេះ គឺធ្វើឡើងតាមសំណើរបស់លោក ចូហាណ្ណេស ខេប្លឺ (Johannes Kepler) ដែលជាតារាវិទូជនជាតិអាល្លឺម៉ង់ដូចគ្នា។ ម្យ៉ាងវិញទៀត ឈ្មោះថ្មីទាំងបួននេះគឺយកតាមព្រះនាមរបស់ទេវី៤អង្គ ដែលជាមហេសីរបស់ស្ដេចអាទិទេពហ្ស៊ូស (Zeus) នៅក្នុងទេវកថាក្រិកបុរាណ។
ឈ្មោះទាំងនេះក៏ត្រូវបានទទួលស្គាល់ជាផ្លូវការ និងប្រើប្រាស់ជាប់មករហូតដល់ពេលបច្ចុប្បន្ន ហើយគេក៏បានហៅតារារណបទាំងនោះថា ព្រះចន្ទកាលីឡេ ឬ Galilean Moons ដើម្បីជាកិត្តិយសដល់លោក កាលីលេអូ កាលីឡេ ដែលបានរកឃើញពួកវាមុនដំបូងគេបង្អស់។
សូមជម្រាបថា នៅគ្រិស្ដសករាជ ១៨៩២ តារាវិទូសញ្ជាតិអាមេរិកម្នាក់ គឺលោក អេដវ៉ឺដ អ៉ីម៉ឺរសិន បារណាដ (Edward Emerson Barnard) បានបន្តរកឃើញព្រះចន្ទទី៥របស់ភពព្រហស្បតិ៍ ហើយគាត់បានដាក់ឈ្មោះឱ្យតារារណបនេះថា អាម៉ាល់ធា (Amalthea) ដោយយកតាមព្រះនាមមាតាចិញ្ចឹមរបស់ស្ដេចអាទិទេពហ្ស៊ូស (Zeus) ក្នុងទេវកថាក្រិកបុរាណខាងលើនោះដែរ។
បច្ចុប្បន្ន អង្គការណាសាបានរកឃើញតារារណបភពព្រហស្បតិ៍ទាំងអស់ចំនួន៧៩ដួង ក្នុងនោះ៥៣ដួងមានឈ្មោះផ្លូវការរួចហើយ ខណៈ២៦ដួងទៀតមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ៕