(បរទេស)៖ ជាទូទៅ មនុស្សភាគច្រើនដឹងថាអវកាសយានិកអាមេរិកឈ្មោះ Neil Armstrong (នាល អាមស្ត្រង) គឺជាមនុស្សដំបូងបំផុតដែលបានឈានជើងជាន់លើផ្ទៃព្រះចន្ទ ប៉ុន្តែក៏នៅមានមនុស្សផ្សេងទៀតដែរ ដែលមានវាសនាធ្លាប់បានដើរនៅលើទីនោះ។ តើមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់មានវាសនាជាន់លើព្រះចន្ទ?
អវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក NASA គឺលោក Neil Armstrong និងលោក Buzz Aldrin (បឹស្ស អាល់ឌ្រីន) បានចុះទៅដល់លើផ្ទៃព្រះចន្ទជាលើកដំបូងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកកម្ម Apollo 11 (អាប៉ូឡូទី១១)។ ពេលនោះ លោក Neil Armstrong ជាអ្នកចេញពីយានអវកាស ហើយឈានជើងជាន់លើដីព្រះចន្ទមុនគេ បន្ទាប់មកទើបលោក Buzz Aldrin បានចេញពីយានរួចចុះទៅតាមក្រោយ។ ពាក្យមួយឃ្លាដែលលោក Armstrong ត្រូវបានចារទុកជាប្រវត្តិសាស្រ្តរហូតទល់បច្ចុប្បន្ន។ លោកបាននិយាយនៅពេលជាន់ដីព្រះចន្ទជាលើកដំបូងថា «នេះជាជំហានតូចមួយរបស់បុរសម្នាក់ ប៉ុន្តែជាការបោះជំហានដ៏ធំមួយសម្រាប់មនុស្សលោកទាំងមូល»។
យ៉ាងណាក្តី មិនមែនមានតែលោក Armrstrong និងលោក Buzz Aldrin ទេ ដែលធ្លាប់បានដើរលើផ្ទៃព្រះចន្ទនោះ ពោលគឺមានអវកាសយាននិកក្រោយៗ១០នាក់ទៀត សរុបគឺមាន១២នាក់ រួមទាំងលោក Armstrong និងលោក Aldrin។ មនុស្ស១០នាក់នោះបានចុះទៅដល់លើផ្ទៃព្រះចន្ទ តាមរយៈបេសកកម្ម Apollo ចំនួន៥ផ្សេងទៀតរបស់អង្គការ NASA កាលពីចន្លោះឆ្នាំ១៩៦៩ រហូតដល់ឆ្នាំ១៩៧២។ បច្ចុប្បន្ន នៅសល់តែ៤នាក់ប៉ុណ្ណោះ ដែលនៅមានជីវិតទល់សព្វថ្ងៃ។
ខាងក្រោមនេះគឺជាអវកាសយានិកទាំង១២នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលបានដើរលើផ្ទៃព្រះចន្ទ៖
ទី១៖ Neil Armstrong
លោក អាមស្ត្រង បានជាន់លើផ្ទៃព្រះចន្ទដំបូងគេ នៅពេលលោកបំពេញបេសកកម្ម Apollo 11 នៅឆ្នាំ១៩៦៩។
ទី២៖ Buzz Aldrin
លោក អាល់ឌ្រីន ក៏បានបំពេញបេសកកម្ម Apollo 11 ជាមួយអាមស្ត្រងដែរនៅឆ្នាំ១៩៦៩។
ទី៣៖ Pete Conrad (ភីត ខន់រ៉ាដ)
លោក ខន់រ៉ាដ បានទៅដល់ព្រះចន្ទនៅពេលលោកបំពេញបេសកកម្ម Apollo 12 កាលពីឆ្នាំ១៩៦៩។
ទី៤៖ Alan Bean (អាឡិន ប៊ីន)
លោក ប៊ីន បានទៅជាន់លើផ្ទៃព្រះចន្ទនៅពេលលោកបំពេញបេសកកម្ម Apollo 12 នៅឆ្នាំ១៩៦៩។
ទី៥៖ Alan Shepard (អាឡិន ស្សេបផឺដ)
លោក ស្សេបផឺដ បានទៅដល់តារារណបរបស់ផែនដីយើង នៅពេលលោកបំពេញបេសកកម្ម Apollo 14 នៅឆ្នាំ១៩៧១។
ទី៦៖ Edgar Mitchell (អឺដហ្ការ មែតសល)
លោក មែតសល ក៏មានវាសនាទៅដល់ព្រះចន្ទដែរ នៅពេលបំពេញបេសកកម្ម Apollo 14 កាលពីឆ្នាំ១៩៧១។
ទី៧៖ David Scott (ដេវីដ ស្កុត)
លោក ស្កុត បានទៅដល់ព្រះចន្ទតាមរយៈបេសកកម្ម Apollo 15 នៅឆ្នាំ១៩៧១។
ទី៨៖ James Irwin (ជេម សឺរវ៉ឹន)
ព្រះចន្ទក៏បានស្វាគមន៍វត្តមានរបស់លោក អឺរវ៉ឹន ដែរ ក្នុងពេលលោកបំពេញបេសកកម្ម Apollo 15 ឆ្នាំ១៩៧១។
ទី៩៖ John Young (ចន យ៉ាំង)
លោក យ៉ាំង បានទៅដល់ព្រះចន្ទតាមរយៈបេសកកម្ម Apollo 16 ឆ្នាំ១៩៧២។
ទី១០៖ Charles Duke (ឆាលី ឌូក)
លោក ឌូក បានទៅដល់ព្រះចន្ទ ក្នុងពេលចូលរួមបេសកកម្ម Apollo 16 ឆ្នាំ១៩៧២។
ទី១១៖ Gene Cernan (ជីន សឺរណិន)
លោក សឺរណិន បានទៅជាន់លើផ្ទៃព្រះចន្ទក្នុងពេលបំពេញបេសកកម្ម Apollo 17 ឆ្នាំ១៩៧២។
ទី១២៖ ចុងក្រោយ គឺលោក Harrison Schmitt (ហាររីសុន ស្មីត)
បេសកកម្ម Apollo 17 ឆ្នាំ១៩៧២ បាននាំលោក ហាររីសុន ស្មីត ទៅដល់ព្រះចន្ទចុងក្រោយគេបង្អស់។
គួរជម្រាបថា បន្ទាប់ពីបេសកកម្ម Apollo 17 ទីភ្នាក់ងារអវកាស NASA មិនបានបញ្ជូនអវកាសយានិកឲ្យចុះទៅលើផ្ទៃព្រះចន្ទតទៀតឡើយ។ ប៉ុន្តែបច្ចុប្បន្ន NASA មានគម្រោងដើម្បីបញ្ជូនអវកាសយានិកទៅកាន់ទីនោះសាជាថ្មីនៅឆ្នាំ២០២៤ ខាងមុខ៕
ប្រភព៖ វែបសាយព័ត៌មាន Metro (ដកស្រង់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១)