(បារាំង)៖ «ម៉ូណាលីសា (Mona Lisa)» ជាផ្ទាំងគំនូរនៃស្រ្តីម្នាក់ ដែលត្រូវបានគូរដោយវិចិត្រករជនជាតិអ៉ីតាលី លោក លីអូណាដូ ដាវីនស៉ី (Leonardo Da Vinci) កាលពីឆ្នាំ១៥០៣ ក្នុងសម័យរ៉ឺណេស្សង់ (Renaissance) និងត្រូវមនុស្សភាគច្រើននៅជុំវិញពិភពលោក បានស្គាល់ និងបានឃើញ ខណៈបច្ចុប្បន្នវាស្ថិតក្នុងប្រទេសបារាំង។ ខាងក្រោមគឺជាចំណុចគួរឲ្យយល់ដឹង មួយចំនួន ទាក់ទងនឹងផ្ទាំងគំនូរដ៏ល្បីនេះ។
១៖ ម៉ូណាលីសា ជារូបគំនូរនៃស្រ្តីម្នាក់ឈ្មោះ លីសា ឌែល ជីអូកុនដូ (Lisa del Giocondo)
លីសា ជាភរិយារបស់ឈ្មួញអ៉ីតាលីម្នាក់ឈ្មោះ ហ្វ្រាន់សេស្កូ ឌែល ជីអូកុនដូ (Francesco del Giocondo) និងរស់នៅក្នុងទីក្រុងហ្វ្លរែន (Florence) នៃប្រទេសអ៉ីតាលី។ លោក ហ្វ្រាន់សេស្កូ បានជួលវិចិត្រករ លីអូណាដូ ដាវីនស៉ី ឲ្យគូររូបភរិយាខ្លួន។
២៖ ម៉ូណាលីសា ជាផ្ទាំងគំនូរ ដែលត្រូវបានគូរដោយប្រើប្រេង នៅលើផ្ទាំងឈើ
ខណៈគំនូរម៉ូណាលីសា ត្រូវបានគូរដោយប្រើប្រេងនៅលើផ្ទាំងឈើ វិចិត្រករអ៉ីតាលីសម័យរ៉ឺណេស្សង់ភាគច្រើន ចូលចិត្តប្រើផ្ទាំងឈើ ដើម្បីគូរទៅវិញទេ។
៣៖ ម៉ូណាលីសា ធ្លាប់ស្ថិតនៅជាមួយស្តេចហ្រ្វង់ស័រទី១ (Francois I), ស្តេចល្វីសទី១៤ (Louis XIV), និងអធិរាជណាប៉ូឡេអុង បូណាផាត (Napoleon Bonaparte) នៃប្រទេសបារាំង
លោក ដាវីនស៉ី បានចាប់ផ្តើមគំនូរម៉ូណាលីសា តាំងតែពីពេលលោកស្ថិតនៅប្រទេសកំណើតគឺអ៉ីតាលីក៏ពិតមែន ប៉ុន្តែលោកពុំទាន់អាចបញ្ចប់ គំនូរនេះនៅឡើយទេ រហូតទាល់តែដល់ពេលលោក បានផ្លាស់ទីលំនៅទៅកាន់ប្រទេសបារាំង ក្រោមសំណើរបស់ស្តេចបារាំង ហ្រ្វង់ស័រទី១។ ក្រោយសម្រេចគំនូររួចរាល់ នៅឆ្នាំ ១៥១៩ លោក ដាវីនស៉ី ក៏បានទទួលមរណភាព។ ក្រោយមក ស្តេចហ្រ្វង់ស័រទី១ បានតាំងបង្ហាញផ្ទាំងគំនូរនេះ នៅព្រះរាជវាំងហ្វង់ទែនប្លូ (Fontainebleau) របស់ទ្រង់ ជាទីដែលម៉ូណាលីសា ស្ថិតនៅប្រមាណមួយសតវត្សរ៍។ ក្រោយមក ស្តេចបារាំងល្វីសទី១៤ បានរើផ្ទាំងគំនូរនេះទៅកាន់ព្រះរាជវាំងវែរសៃ (Palace of Versailles)។ មកដល់ឆ្នាំ១៨០០ មេទ័ពបារាំង ណាប៉ូឡេអុង ដែលក្រោយមកបានឡើងជាអធិរាជបារាំង បានតាំងផ្ទាំងគំនូរម៉ូណាលីសា នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់ទ្រង់។
៤៖ ម៉ូណាលីសា មានបន្ទប់ផ្ទាល់ខ្លួននៅសារមន្ទីរលូ (Louvre) ក្នុងទីក្រុងប៉ារីស
ផ្ទាំងគំនូរម៉ូណាលីសា ត្រូវបានយកទៅតាំងនៅសារមន្ទីរលូ ក្នុងទសវត្សរ៍ឆ្នាំ១៨០០។ បន្ទាប់ពីសារមន្ទីរលូ ចាប់ផ្តើមការកែលម្អដោយប្រើពេល៤ឆ្នាំ និងលុយ៦.៣លានដុល្លារ នៅឆ្នាំ២០០៣ ម៉ូណាលីសា ទទួលបាន បន្ទប់ផ្ទាល់ខ្លួន ដែលមានដំបូលកញ្ចក់ ដើម្បីឲ្យមានពន្លឺធម្មជាតិ ជះចូលទៅ ហើយផ្ទាំងគំនូរនេះ ត្រូវបានដាក់ក្នុងប្រអប់កញ្ចក់ការពារ ដែលមិនអាចបំបែកបាន និងរក្សាសីតុណ្ហភាពនៅត្រឹម ៦អង្សាសេ។
៥៖ ម៉ូណាលីសា ត្រូវបានគេស្គាល់នៅជុំវិញពិភពលោក បន្ទាប់ពីត្រូវចោរលួច
នៅឆ្នាំ១៩១១ ផ្ទាំងគំនូរម៉ូណាលីសា ត្រូវបានចោរលួច ដោយពេលនោះបទឧក្រិដ្ឋនេះ ត្រូវបានបណ្តាញសារព័ត៌មាននានា ចុះផ្សាយព្រោងព្រាងនៅ ពាសពេញពិភពលោក ហើយនៅពេលម៉ូណាលីសា ត្រូវបានរកឃើញនិងយកមកដល់សារមន្ទីរលូវិញ នៅ២ឆ្នាំក្រោយ គឺមនុស្សម្នា ជាច្រើន បានសម្តែងការអបអរសាទរ។
៦៖ ម៉ូណាលីសា ធ្លាប់ត្រូវតាំងបង្ហាញប៉ុន្មានលើក នៅក្រៅប្រទេសបារាំង
នៅឆ្នាំ១៩៦៣ ម៉ូណាលីសា ត្រូវបានយកទៅកាន់សហរដ្ឋអាមេរិក រយៈពេល៧សប្តាហ៍ ក្រោមការអញ្ជើញរបស់លោកស្រី ចេគី ឃែនណឺឌី (Jackie Kennedy) ដែលជាភរិយាលោក ចន ឃែនណឺឌី (John Kennedy) ជាប្រធានាធិបតីអាមេរិកនាពេលនោះ។ ផ្ទាំងគំនូរម៉ូណាលីសា ត្រូវបានតាំងបង្ហាញនៅសារមន្ទីរ ក្នុងរដ្ឋធានី វ៉ាស៉ីនតោន និងនៅញូយ៉ក ហើយទទួលបានការចូលទស្សនាពីមនុស្សជាង ១លាននាក់។ ជាង១០ឆ្នាំក្រោយមកទៀត ម៉ូណាលីសា បាន ទៅដល់ទីក្រុងតូក្យូរបស់ជប៉ុន និងទីក្រុងម៉ូស្គូរបស់អតីតសហភាពសូវៀត (រុស្ស៉ី) ហើយទទួលបានអ្នកចូលទស្សនាជាង២លាននាក់។
៧៖ ម៉ូណាលីសា ធ្លាប់រងការវាយប្រហារជាច្រើនលើក
នៅឆ្នាំ១៩៥៦ មានមនុស្សម្នាក់ជះទឹកអាស៉ីតទៅលើ ផ្ទាំងគំនូរម៉ូណាលីសា ហើយម្នាក់ទៀតបានយកដុំថ្មគប់។ ការប៉ះពាល់មិនសូវជាធ្ងន់ធ្ងរទេ ប៉ុន្តែអាចកត់សម្គាល់ឃើញ។ ជាមួយការបំពាក់ប្រអប់កញ្ចក់ការពារក្រោយមក ផ្ទាំងគំនូរម៉ូណាលីសា បានរួចផុតពីការវាយប្រហារជាបន្តបន្ទាប់ទៀត រួមមានការព្យាយាមបាញ់ថ្នាំពណ៌ នៅឆ្នាំ១៩៧៤ និងការជះកាហ្វេ នៅឆ្នាំ២០០៩។
៨៖ ម៉ូណាលីសា មិនអាចត្រូវគេទិញ ឬដាក់លក់បានឡើយ
បច្ចុប្បន្ន ម៉ូណាលីសា ស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង។ យោងតាមច្បាប់សម្បត្តិបេតិកភណ្ឌរបស់ប្រទេសបារាំង ផ្ទាំងគំនូរនេះមិនអាចត្រូវគេទិញយក ឬដាក់លក់បាននោះទេ៕