(ពិភពលោក)៖ តើអ្នកដឹងទេថា ទីក្រុងណាដែលមានទំហំធំជាងគេនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ ហើយតើទីក្រុងណាដែលមានប្រជាជនរស់នៅច្រើនជាងគេ និងមានប្រជាជនរស់នៅណែនណាន់តាន់តាប់ជាងគេ? តើជាទីក្រុងប៉េកាំងនៃប្រទេសចិន ឬទីក្រុងវ៉ាស៉ីនតោននៃសហរដ្ឋអាមេរិក ឬជាទីក្រុងម៉ិកស៊ិកូនៃប្រទេសម៉ិកស៊ិក ឬក៏ទីក្រុងសៅប៉ៅឡូនៃប្រទេសប្រេស៉ីល ឬមួយជាទីក្រុងម៉ុមបៃនៃប្រទេសឥណ្ឌា ឬមួយក៏ទីក្រុងតូក្យូនៃប្រទេសជប៉ុន?

ប្រសិនបើចង់ជ្រាបច្បាស់ សូមតាមដានការបង្ហាញរបស់ Fresh News Plus ដូចតទៅ៖

ថ្វិដ្បិតជាទីក្រុងឯកោនៅកណ្ដាលមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែទីក្រុងហូណូលូលូ (Honolulu) នៃរដ្ឋហាវ៉ៃ (Hawai) របស់សហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ថាជា ទីក្រុងដែលធំជាងគេនៅលើពិភពលោក។ នៅក្រោមច្បាប់រដ្ឋហាវ៉ៃ ដែលអនុម័តនៅក្នុងឆ្នាំ១៩៩៧, ទីក្រុងហូណូលូលូ ពុំមែនគ្រាន់តែបូកបញ្ចូលផ្ទៃដីសំណល់ពីកោះអូហៃយ៉ូ (Ohio) ប៉ុណ្ណោះទេ តែវាក៏រួមបញ្ចូលទាំងដីដែលសេសសល់ នៅតំបន់ពាយព្យនៃប្រជុំកោះហាវ៉ៃផងដែរ ដែលលយចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដល់ទៅ ២,៤១៤ គីឡូម៉ែត្រ មានន័យថា ហូណូលូលូ ស្ថិតនៅលើផ្ទៃដ៏ធំបំផុត ក្នុងចំណោមទីក្រុងផ្សេងៗទៀតលើពិពលោក គឺ ៥,៥០៩ គីឡូម៉ែត្រក្រឡា បើទោះមានប្រជាជនត្រឹមតែ ៨៧៦,១៥៦ នាក់ក៏ដោយ ហើយផ្ទៃដី ៧២% នៃទីក្រុងនេះ គឺត្រូវគ្របដណ្ដប់ទៅដោយទឹកសមុទ្រ។

ចំណែកទីក្រុងដែលមានប្រជាជនច្រើនបំផុតក្នុងពិភពលោក គឺទីក្រុងម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា (ពីមុនមានឈ្មោះថា បុមបៃ) ដែលមានប្រជាជនរស់នៅដល់ទៅ ១២,៨០០,០០០ នាក់ លើផ្ទៃដី ៤៤០ គីឡូម៉ែត្រកាឡា មានន័យថា ក្នុងមួយគីឡូម៉ែត្រក្រឡា មានមនុស្សរស់នៅប្រហែល ២៩,០០០នាក់។

ប្រសិនបើនិយាយពីទីក្រុង ដែលមានប្រជាជនរស់នៅណែនណាន់តាន់តាប់បំផុតលើពិភពលោកនោះ គឺទីក្រុងតូក្យូ (Tokyo) ប្រទេសជប៉ុន ដែលមានប្រជាជនរស់នៅ ៣៥,២០០,០០០ នាក់ លើផ្ទៃដី ១៣,៤៦៨ គីឡូម៉ែត្រក្រឡា។

ទោះបីជាទីក្រុងហូណូលូលូ ជាមជ្ឈមណ្ឌលរបស់រដ្ឋហាវ៉ៃ តែវាក៏ពុំមែនតាំងនៅលើកោះហាវ៉ៃនោះឡើយ។ រៀងរាល់ថ្ងៃនេះ ប្រជុំកោះហាវ៉ៃគ្រាន់តែជាផ្នែកកំពូល នៃជួរភ្នំដែលមានទំហំធំបំផុតលើពិភពលោកប៉ុណ្ណោះ។ ចំណែកហាវ៉ៃជារដ្ឋតែមួយគត់ របស់សហរដ្ឋអាមេរិកដែលមានដាំកាហ្វេ ចំណែកម្នាស់លើសពី ១ភាគ៣ លើពិភពលោក ក៏ត្រូវបាននាំចេញពីប្រជុំកោះហាវ៉ៃផងដែរ។

ចំពោះវិស័យទេសចរណ៍វិញ ទីក្រុងហូណូលូលូ ត្រូវបានគេស្គាល់ថាជា ទីក្រុងដែលមានឆ្នេរសមុទ្រដ៏សែនស្អាតជាងគេ នៅលើពិភពលោកផងដែរ៕