(ភ្នំពេញ)៖ អាការហូរឈាមតាមច្រមុះ គឺជាបញ្ហសុខភាពមួយដែលមនុស្សយើងតែងជួបជារឿយៗ ប៉ុន្តែពេលខ្លះយើងមានការយល់ច្រឡំហើយអនុវត្តខុស ជាហេតុនាំឱ្យអាការនេះឈានទៅមានបញ្ហាធ្ងន់ធ្ងរ ដូច្នេះហើយទើបអ្នកជំនាញបានណែនាំហើយណែនាំទៀត អំពីវិធីបឋមក្នុងការបញ្ឈប់បញ្ហាហូរឈាមតាមច្រមុះនេះ។
ជាដំបូង គ្រូពេទ្យជំនាញបានហាមប្រាមថា ប្រសិនបើមានអាការហូរឈាមតាមច្រមុះនេះ យើងមិនត្រូវងើយមុខជាដាច់ខាត ពីព្រោះប្រសិនបើយើងងើយមុខឡើងលើ វានឹងធ្វើឱ្យឈាមចូលក្នុងបំពង់ក ហើយប្រសិនបើយើងលេបឈាមចូលទៅ ក្រពះនឹងកើតអាការក្រហាយចង់ក្អួត។ លើសពីនេះ ប្រសិនបើឈាមហូរចូលសួតទៀតនោះ វានឹងធ្វើឱ្យយើងឈ្នក់ ឬដកដង្ហើមមិនចេញក៏មាន។
* តើត្រូវធ្វើដូចម្ដេច ទើបអាចបញ្ឈប់អាការហូរឈាមតាមច្រមុះបាន?
វិធីដែលល្អបំផុត គឺអង្គុយឱ្យត្រង់ខ្លួន បែរក្បាលមើលទៅខាងមុខ ព្រោះការអង្គុយត្រង់ខ្លួន ក្បាលរបស់យើងគឺស្ថិតនៅត្រង់ពីលើបេះដូង ហើយវានឹងធ្វើឱ្យឈាមហូរចេញមកតិច ចំណែកការបែរក្បាលទៅខាងមុខ នឹងជួយឱ្យឈាមហូរចេញមកតាមច្រមុះ ពោលគឺអាចជៀសផុតពីការហូរឈាមចូលទៅក្នុងបំពង់ក ឬចូលសួត។
ទស្សនាវដ្ដីវេជ្ជសាស្ត្រអង់គ្លេស (British Medical Journal) បានបង្ហាញថា យើងអាចឃាត់ឈាមបានដោយការប្រើចង្អុលដៃ និងមេដៃច្របាច់ចុងច្រមុះទាំងសងខាងទប់៥-១០នាទី។ វិធីនេះនឹងជួយឱ្យឈាមកក។ ចំណែកការប្រើថង់ត្រជាក់ ឬកញ្ចប់ទឹកកកដាក់នៅពីលើក្ដោងច្រមុះ ក៏ជួយបានដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពេលវេលាកន្លងទៅ២០នាទី ហើយឈាមនៅតែហូរមិនឈប់ទៀត ឬមានមូលហេតុមកពីក្បាលប៉ះទង្គិចនឹងអ្វីមួយ ចូរប្រញាប់ទៅជួបពេទ្យជាបន្ទាន់។
ភាសាពេទ្យសម្រាប់អាការឈាមហូរតាមច្រមុះ គឺអេភីសតាក់ស៊ីស (Epistaxis)។ មូលហេតុនៃឈាមហូរតាមច្រមុះមានដូចជា គេដាល់ត្រូវច្រមុះ ឬការកេះអាចម៍ច្រមុះ។ ក្រៅពីនេះ សរសៃឈាមឆ្មារក្នុងច្រមុះដាច់រហែកនៅពេលជួបសម្ពាធអាកាស ឬក៏សីតុណ្ហភាពដែលផ្លាស់ប្តូរយ៉ាងលឿន ឬដោយសារអាកាសត្រជាក់ខ្លាំង ឬប្រព័ន្ធធ្វើឱ្យត្រជាក់នៅក្នុងអគារ បើមិនដូច្នោះទេ ព្រោះតែអ្នកញើសសំបោរខ្លាំងពេក។
ការហូរឈាមតាមច្រមុះតែងកើតត្រង់ផ្នែកខាងមុខរបស់ច្រមុះ បរិវេណក្រោមឆ្អឹងច្រមុះ ឬភ្នាស់កណ្តាលច្រមុះ ដែលហៅថា ផ្នែកឃីសសេលបាក់ (Kiesselbach's area)។ ត្រង់កន្លែងនេះទន់ណាស់ ព្រោះវាជាចំណុចដែលសរសៃឈាមក្រហមនៅលើមុខបួនសរសៃមកប្រសព្វគ្នា។ នេះបើតាមតម្រាវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិត វីលហែម ឃីសសេលបាក់ (Wilhelm Kiesselbach) អ្នកឯកទេសត្រចៀកច្រមុះនិងកជនជាតិអាល្លឺម៉ង់ ដែលលោកបានសរសេរប្រកបដោយភាពជឿជាក់។ លោកហៅអាការនេះថា ណាសិនប៊្លូថិន (Násenbluten) ជាពាក្យក្នុងភាសាអាល្លឺម៉ង់ ប្រែថា «ឈាមច្រមុះ»៕