(ពិភពលោក)៖ ជាធម្មតានៅតាមឆ្នេរសមុទ្រ គឺគ្របដណ្តប់ទៅដោយខ្សាច់ ប៉ុន្តែនៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកមានឆ្នេរសមុទ្រពិសេសមួយដែលជំនួសឲ្យខ្សាច់ គឺវាគ្របដណ្តប់ទៅដោយកម្ទេចកម្ទីកញ្ចក់ និងកែវរាប់លានបំណែកទៅវិញ។
ឆ្នេរសមុទ្រខាងលើឈ្មោះថា Glass Beach ដែលជាឆ្នេរតូចៗ ៣ ត្រូវបានរួមបញ្ចូលគ្នាទៅជាឧទ្យាន MacKerricher នៅតំបន់ភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា។ មូលហេតុដែលនាំឲ្យពួកវាមានផ្ទុកបំណែកកញ្ចក់ និងកែវដ៏ច្រើនបែបនេះ គឺដោយសារតែការចាក់សំរាមរាប់ទសវត្សរ៍ទៅលើទីនោះ។
អំលុងដើមសតវត្សរទី២០ គឺចាប់ពីឆ្នាំ១៩០៦-១៩៦៧ ទីតាំងចាក់សំរាមចំនួន ៣ ត្រូវបានបង្កើតឡើងដោយពួកវាផ្ទុកទៅដោយសំណល់កញ្ចក់ និងកែវផ្សេងៗ។ ក្នុងរយៈពេលរាប់សិបឆ្នាំ បំណែកនៃវត្ថុដែលគេបោះចោលទាំងនោះបានប៉ះកកិតជាមួយធាតុនៅជុំវិញ រួមមានដូចជា ថ្ម ទឹកសមុទ្រ និងខ្សាច់ ដែលធ្វើឲ្យពួកវាប្រែក្លាយទៅជាមូលៗ និងរលោង ហើយលែងមានគែមមុតស្រួច។
គួរបញ្ជាក់ថា នៅជុំវិញពិភពលោកមានកន្លែងរាប់រយផ្សេងទៀត ដែលស្រដៀងឆ្នេរខាងលើ ប៉ុន្តែមិនធំដូចឆ្នេរ Glass Beach នៅរដ្ឋកាលីហ្វ័រញ៉ានេះឡើយ។ យោងតាមច្បាប់ឧទ្យានរដ្ឋកាលីហ័្វរញ៉ា អ្នកទៅដើរទស្សនាកម្សាន្តនៅឆ្នេរ Glass Beach មិនត្រូវបានអនុញ្ញាតឲ្យយកកម្ទេចកញ្ចក់ និងកែវចេញពីទីនោះឡើយ៕