(ពិភពលោក)៖ នៅលើពិភពលោកនេះ យើងធ្លាប់ឃើញតែពពួកសត្វដែលអាចបំប្លែងរាងកាយខាងក្រៅ ដើម្បីឱ្យសម្របខ្លួនឱ្យសមស្របទៅនឹងបរិស្ថានរស់នៅជុំវិញ ដូចជាសត្វបង្គួរ សត្វពស់ជាដើម ប៉ុន្តែក្រៅពីនោះក៏មានមានពពួកសត្វមួយចំនួន គឺចេះប្ដូរភេទរបស់ខ្លួន ដើម្បីបន្តការរស់រាន និងបង្កាត់ពូជ។ ដំណើរវិវត្តបែបនេះគឺពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន ដោយសារតែពពួកសត្វទាំងនោះមានសរីរាង្គបន្តពូជទាំងញីទាំងឈ្មោល ឬអាចផ្លាស់ប្តូរភេទរបស់ខ្លួនបាន។
ខាងក្រោមគឺជាឧទាហរណ៍ចំនួន ៧ នៃសត្វទាំងនោះ៖
១៖ កង្កែប (Frogs)
ខណៈសែនជះឥទ្ធិពលធំទៅលើភេទ បរិស្ថានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភេទនៃអម្បូរសត្វមួយចំនួន។ ក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមកត់សម្គាល់ឃើញថា ទំនោរខុសប្រក្រតីក្នុងចំណោមសត្វកង្កែបរស់នៅតាមបឹងដែលទទួលរងការបំពុល គឺពួកកង្កែបឈ្មោលជាច្រើនបានផ្លាស់ប្តូរភេទរបស់ពួកវាទៅជាញី។ ការសិក្សាបង្ហាញថា សារធាតុពុលទាំងនោះបានរឹតត្បិតការបង្កើតអ័រម៉ូនភេទរបស់កង្កែបឈ្មោល ហើយបែរជាបង្កើនអ័រម៉ូនភេទញីវិញ។
២៖ ត្រី (Fish)
អម្បូរសត្វដែលគេស្គាល់ទូលំទូលាយថាអាចប្តូរភេទបាន គឺសត្វត្រី ហើយមានច្រើនប្រភេទណាស់ដែលអាចធ្វើបែបនេះបាន។ ឧទាហរណ៍ អម្បូរត្រីខ្លោនហ្វីស្ហ (Clownfish) នៅក្នុងភាពយន្ត Finding Nemo គឺជាពពួកត្រីដែលចេះប្តូរភេទនៅពេលចាំបាច់។ ត្រីខ្លោនហ្វីស្ហទាំងអស់កើតមកសុទ្ធតែមានភេទឈ្មោល ប៉ុន្តែនៅតាមហ្វូងនីមួយៗនឹងមានខ្លះប្រែទៅជាភេទញីដើម្បីបង្កាត់ពូជ។ ការប្ដូរភេទមួយបែបទៀតរបស់ពពួកត្រីនេះ គឺដូចទៅនឹងកង្កែបដែរ ត្រីដែលរស់នៅក្នុងបឹងមានសារធាតុពុល ក៏អាចផ្លាស់ប្តូរភេទដូចគ្នា។
៣៖ បង្កួយប៊ែរឌីដដ្រាហ្កិន (Bearded Dragon)
សត្វបង្កួយ Bearded Dragon រស់នៅក្នុងប្រទេសអូស្រ្តាលី។ សត្វល្មូនប្រភេទនេះផ្លាស់ប្តូរភេទនៅពេលដែលពួកវានៅស្ថិតក្នុងពងនៅឡើយ។ កត្តាដែលកំណត់ការផ្លាស់ប្តូរភេទនេះ គឺភាពរួមបញ្ចូលគ្នារវាងកម្រិតក្រូម៉ូសូម និងសីតុណ្ហភាពខាងក្រៅ។ បង្កួយឈ្មោលដែលប្រែទៅញីអាចពងច្រើនជាងបង្កួយដែលមានភេទញីពីកំណើតដល់ទៅទ្វេដង។
៤៖ ពស់ (Snakes)
ខណៈសត្វពស់ញីភាគច្រើនត្រូវការពស់ឈ្មោលដើម្បីបង្កាត់ពូជ ក៏មានសត្វពស់ខ្លះទៀតមានសមត្ថភាពបង្កកំណើត និងពងដោយខ្លួនឯងបានដែរ។ ពស់មួយចំនួន ដូចជាពស់ហ្វ្លាវអឺរផត (Flowerpot) បង្កើតកូនពស់ញីចេញមកដូចពួកវាបេះបិទ។
៥៖ ខ្យងឥតស្នូក (Slug)
ពពួកខ្យងឥតស្នូកនេះមានសរីរាងបន្តពូជទាំងឈ្មោលទាំងញី ហើយក៏អាចបង្កកំណើតដោយខ្លួនឯងបានផងដែរ។ ដោយឡែក ប្រសិនបើខ្យងឥតស្នូកឈ្មោលពីរបង្កាត់ពូជជាមួយគ្នាវិញនោះ ពួកវាទាំងពីរនឹងមានកូនដូចគ្នា។
៦៖ មេអំបៅ (Butterflies)
សត្វមេអំបៅមួយចំនួនទទួលរងលក្ខខណ្ឌសែនចម្លែកម៉្យាង ដែលប្រព្រឹត្តនៅក្នុងដំណាក់កាលដំបូងៗនៃការបំបែកកោសិការបស់ពួកវា។ សត្វដែលឆ្លងកាត់បាតុភូតបែបនេះនឹងមានផ្ទុកចរិតលក្ខណៈទាំងភេទឈ្មោលទាំងភេទញី។ សម្រាប់សត្វមេអំបៅ ពួកវានឹងមានស្លាប មានពណ៌ខុសគ្នាលើខ្លួនតែមួយ។
៧៖ ផ្កាថ្ម (Corals)
មនុស្សភាគច្រើនប្រហែលច្រឡំថាផ្កាថ្មគឺជារុក្ខជាតិ តាមពិតវាគឺជាសត្វមានជីវិតទៅវិញទេ។ ផ្កាថ្មមានសមាសធាតុផ្សំពីសារពាង្គតូចល្អិតៗរាប់ពាន់ ហៅថា ផូល្លីពស៍ (Polyps)។ សម្រាប់ពពួកផ្កាថ្មមួយចំនួន ពួកវាមានសរីរាង្គបន្តពូជទាំងឈ្មោលទាំងញី ខណៈខ្លះទៀតមានសមត្ថភាពប្តូរភេទទៅមកបាន៕