(ពិភពលោក)៖ ក្រៅពីរុស្ស៉ី និងសហរដ្ឋអាមេរិក មានតែចិនមួយគត់ ដែលមានសមត្ថភាពបញ្ជូនមនុស្សឡើងទៅទីអវកាសដោយខ្លួនឯង។ ប៉ុន្តែតើអ្នកដឹងទេថា អវកាសយានិកចិនរូបណា ដែលបានឡើងទីអវកាសដំបូងគេ ហើយមកទល់ពេលនេះ ប៉ុន្មាននាក់ត្រូវបានបញ្ជូនឡើងទៅលំហអវកាស។
ខាងក្រោមគឺជាអវកាសយានិកចិនចំនួន១៣នាក់ ដែលបានធ្វើដំណើរទៅកាន់ទីអវកាស គិតត្រឹមខែតុលា ឆ្នាំ២០២១នេះ៖
១៖ លោក យ៉ាង លីវ៉ី (Yang Liwei)
លោក យ៉ាង លីវ៉ី គឺជាអវកាសយានិកដំបូងគេដែលចិនបានបញ្ជូនឡើងទៅទីអវកាស។ លោក យ៉ាង បានធ្វើដំណើរក្នុងយានអវកាសឈ្មោះ សិនចូវទី៥ (Shenzhou-5) តែម្នាក់ឯងគត់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៣ និងចំណាយពេលជាង២១ម៉ោងនៅក្នុងលំហអវកាស។ ពេលនោះហើយ ដែលចិនបានក្លាយជាប្រទេសមានសមត្ថភាពនាំមនុស្សឡើងទៅទីអវកាស បន្ទាប់ពីសហព័ន្ធរុស្ស៉ី និងសហរដ្ឋអាមេរិក។
២៖ លោក ហ្វី ជិនលុង (Fei Junlong)
លោក ហ្វី ជិនឡុង គឺជាមេបញ្ជាការនៃបេសកកម្មយានសិនចូវទី៦ (Shenzhou-6) ដែលមានអវកាសយានិកចំនួន២នាក់។ បេសកកម្មនោះបានចេញដំណើរពីភពផែនដី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៥ និងបានចំណាយពេលជិត៥ថ្ងៃ នៅក្នុងទីអវកាស។
៣៖ លោក នា ហាយស្សឹង (Nie Haisheng)
លោក នា ហាយស្សឹង គឺជាអវកាសយានិកមួយរូបទៀតនៃបេសកកម្មយានសិនចូវទី៦ (Shenzhou-6)។ វាគឺជាបេសកកម្មលើកដំបូងរបស់លោក។ ក្រោយមក លោក នា បានធ្វើដំណើរឡើងទៅទីអវកាស២លើកទៀត គឺតាមរយៈបេសកកម្មសិនចូវទី១០ (Shenzhou-10) នៅឆ្នាំ២០១៣ និងបេសកកម្មសិនចូវទី១២ (Shenzhou-12) នៅឆ្នាំ២០២១ ថ្មីៗនេះ។
៤៖ លោក ចាយ ជឺកាង (Zhai Zhigang)
លោក ចាយ ជឺកាង គឺជាមេបញ្ជាការនៃបេសកកម្មយានសិនចូវទី៧ (Shenzhou-7) នៅឆ្នាំ២០០៨។ វាគឺជាបេសកកម្មលើកទីមួយរបស់លោក ហើយក៏មានអវកាសយានិករួមដំណើរ២នាក់ទៀតដែរ។ បេសកកម្មសិនចូវទី៧នេះចំណាយពេលជិត៣ថ្ងៃនៅក្នុងទីអវកាស។ លោក ចាយ គឺជាអវកាសយានិកចិនដំបូងគេដែលបានចេញបណ្តែតខ្លួនក្នុងទីអវកាសនោះដែរ។ បេសកកម្មថ្មីចុងក្រោយគេរបស់លោក គឺបេសកកម្មសិនចូវទី១៣ (Shenzhou-13) ដែលបានប្រតិបត្តិការនៅឆ្នាំ២០២១នេះ។
៥៖ លោក ជីង ហាយផឹង (Jing Haipeng)
លោក ជីង ហាយផឹង បានធ្វើដំណើរឡើងទៅទីអវកាសជាលើកដំបូង តាមរយៈបេសកកម្មសិនចូវទី៧ (Shenzhou-7) នៅឆ្នាំ២០០៨។ បេសកកម្មបន្ទាប់ទៀតរបស់លោក គឺសិនចូវទី៩ (Shenzhou-9) ដែលបានប្រតិបត្តិការកាលពីឆ្នាំ២០១២ ដែលពេលនោះ លោកគឺជាមេបញ្ជាការនៃបេសកកម្មនេះ។ សិនចូវទី៩ ជាបេសកកម្មដំបូងរបស់ចិន ដែលយានអវកាសដឹកមនុស្សបានទៅចូលចតនៅអតីតគំរូបន្ទប់ពិសោធន៍អវកាសចិន ឈ្មោះថា ធានគុងទី១ (Tiangong-1) ដោយជោគជ័យ។ លោក ជីង បានឡើងទៅទីអវកាសសាជាថ្មីម្តងទៀតក្នុងបេសកកម្មសិនចូវទី១១ (Shenzhou-11) នៅឆ្នាំ២០១៦។
៦៖ លោក លីវ ព័រមីង (Liu Boming)
លោក លីវ ព័រមីង គឺជាសមាជិកមួយរូបទៀតនៃបេសកកម្មសិនចូវទី៧។ លោក លីវ បានធ្វើដំណើរឡើងទៅទីអវកាសជាលើកទី២ក្នុងបេសកកម្មសិនចូវទី១២ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងសាងសង់ស្ថានីយអវកាសរបស់ចិន។ បេសកកម្មសិនចូវទី១២នេះមានរយៈពេល៣ខែ ដែលបានប្រព្រឹត្តទៅចាប់ពីខែមិថុនាដល់ខែកញ្ញា ឆ្នាំ២០២១។
៧៖ លោក លីវ វ័ង (Liu Wang)
លោក លីវ វ៉ាង បានធ្វើដំណើរឡើងទៅកាន់ទីអវកាសក្នុងបេសកកម្មសិនចូវទី៩ ជាមួយលោក ជីង ហាយផឹង (លេខទី៥) ដែរ ដែលបានប្រតិបត្តិការកាលពីឆ្នាំ២០១២។
៨៖ លោកស្រី លីវ យ៉ាង (Liu Yang)
លោកស្រី លីវ យ៉ាង គឺជាស្រ្តីជនជាតិចិនដំបូងបង្អស់ដែលបានធ្វើដំណើរឡើងទៅកាន់ទីអវកាស។ លោកស្រី លីវ ក៏ជាសមាជិកនៃបេសកកម្មសិនចូវទី៩ ជាមួយលោក លីវ យ៉ាង និងលោក ជីង ហាយផឹង ផងដែរ។
៩៖ លោក ចាង ស៊ាវហ្គ័ង (Zhang Xiaoguang)
លោក ចាង ស៊ាវហ្គ័ង បានធ្វើដំណើរឡើងទៅកាន់ទីអវកាសក្នុងបេសកកម្មសិនចូវទី១០ កាលពីឆ្នាំ២០១៣។ បេសកកម្មសិនចូវទី១០ និងបេសកកម្មសិនចូវទី៩ គឺជាការបញ្ជូនអវកាសយានិកឲ្យទៅស្នាក់នៅក្នុងអតីតគំរូបន្ទប់ពិសោធន៍ធានគុងទី១របស់ចិន។ បេសកកម្មទាំងពីរនេះមានរយៈពេលប្រមាណកន្លះខែ។
១០៖ លោកស្រី វ័ង យ៉ា-ភីង (Wang Yaping)
លោកស្រី វ័ង យ៉ា-ភីង គឺជាស្រ្តីជនជាតិចិនទី២ដែលបានធ្វើដំណើរឡើងទៅកាន់ទីអវកាស។ បេសកកម្មលើកដំបូងរបស់លោកស្រី វ័ង គឺបេសកកម្មសិនចូវទី១០ ហើយបេសកកម្មថ្មីចុងក្រោយគេ គឺបេសកកម្មសិនចូវទី១៣។
១១៖ លោក ឆិន ទុង (Chen Dong)
លោក ឆិន ទុង បានធ្វើដំណើរឡើងទៅកាន់ទីអវកាសក្នុងបេសកកម្មសិនចូវទី១១។ វាជាការបញ្ជូនអវកាសយានិកចិនឲ្យទៅស្នាក់នៅក្នុងបន្ទប់ពិសោធន៍អវកាសធានគុងទី២ (Tiangong-2) ដែលមានរយៈពេលជាង១ខែ គឺចាប់ពីខែតុលាដល់ខែវិច្ឆិកា ឆ្នាំ២០១៦។
១២៖ លោក ថាំង ហុងព័រ (Tang Hongbo)
លោក ថាំង ហុងព័រ បានធ្វើដំណើរឡើងទៅកាន់ទីអវកាសក្នុងបេសកកម្មសិនចូវទី១២ ជាមួយលោក លីវ ព័រមីង ផងដែរ។
១៣៖ លោក អៀ ហ្គ័ងហ្វួ (Ye Guangfu)
លោក អៀ ហ្គ័ងហ្វួ បានធ្វើដំណើរឡើងទៅកាន់ទីអវកាសក្នុងបេសកកម្មសិនចូវទី១៣។ វាជាបេសកកម្មបញ្ជូនមនុស្សជើងទី២ បន្ទាប់ពីបេសកកម្មសិនចូវទី១២ ដើម្បីឡើងទៅកាន់ស្ថានីយអវកាសចិន ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់។ បេសកកម្មសិនចូវទី១៣ ទើបតែបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ហើយនឹងមានរយៈពេលរហូតដល់៦ខែ៕