(ភ្នំពេញ)៖ អាចម៍ផ្កាយ (Meteorite) គឺជាវត្ថុ ឬបំណែកវត្ថុដែលធ្លាក់ពីទីអវកាសមកលើផែនដី ក្នុងទម្រង់ជាថ្មផង និងជាលោហៈផង។ អាចម៍ផ្កាយដែលធ្លាក់មកលើផែនដីយើងនេះ គឺមានចំនួនច្រើនរាប់មិនអស់ ដោយខ្លះមានអាយុកាលប្រហាក់ប្រហែលនឹងផែនដីយើងដែរ។
ខាងក្រោមនេះគឺជាអាចម៍ផ្កាយធ្ងន់ៗជាងគេទាំង៥ ដែលមានវត្តមាននៅលើផែនដីយើងបច្ចុប្បន្ន៖
១៖ ហូបា (Hoba meteorite)
អាចម៍ផ្កាយហូបាមានទម្ងន់សរុបប្រមាណ៦០តោន ដែលត្រូវបានរកឃើញនៅទីក្រុងហ្គ្រូតហ្វុងតែន (Grootfontein) ប្រទេសណាមីប៊ី (Namibia) កាលពីឆ្នាំ១៩២០។ វាជាប្រភេទអាចម៍ផ្កាយលោហៈ ឬអ៉ីយ៉ុង (Iron) ដែលមានសារធាតុដែកលាយជាមួយនីកែល។ អាចម៍ផ្កាយនេះបានធ្លាក់មកលើផែនដីកាលពីប្រមាណ៨០,០០០ឆ្នាំមុនមកម្ល៉េះ។
២៖ ខេបយ៉ុក (Cape York) ឬអាណាយហ៉ីតូ (Ahnighito)
អាចម៍ផ្កាយអាណាយហ៉ីតូនេះ ក៏ជាប្រភេទអាចម៍ផ្កាយអ៉ីយ៉ុងដែរ ដែលមានទម្ងន់ជាង៣៤តោន។ វាត្រូវបានរកឃើញនៅជ្រោយយ៉ក (Cape York) ភាគខាងលិចកោះហ្គ្រីនលែន (Greenland) នៅអំលុងឆ្នាំ១៨៩៤ ដោយអ្នករុករកជនជាតិអាមេរិកម្នាក់ឈ្មោះ រ៉ូបឺត ភារី (Robert Peary) ប៉ុន្តែនៅឆ្នាំ១៨៩៧ អាចម៍ផ្កាយនេះ ក៏ត្រូវលោក ភារី លួចពីកោះហ្គ្រីនលែនយកទៅលក់ឱ្យសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉ក ក្នុងតម្លៃ៤០,០០០ដុល្លារអាមេរិក។ នៅពេលទៅដល់សហរដ្ឋអាមេរិក អាចម៍ផ្កាយអាណាយហ៉ីតូក៏ត្រូវបានប្ដូរឈ្មោះទៅជាអាចម៍ផ្កាយខេបយ៉កវិញ ពីព្រោះតែវាត្រូវបានរកឃើញនៅជ្រោយយ៉កនោះឯង។ បច្ចុប្បន្ន អាចម៍ផ្កាយខេបយ៉កត្រូវបានតម្កល់ទុកនៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិសហរដ្ឋអាមេរិកនាទីក្រុងញូវយ៉កនោះដដែល។
៣៖ ហ្កាន់ស៊េដូ (Gancedo meteorite)
អាចម៍ផ្កាយហ្កាន់ស៊េដូមានទម្ងន់សរុបប្រមាណ៣០.៨តោន ជាប្រភេទអាចម៍ផ្កាយលោហៈ ឬអ៉ីយ៉ុងដែរ។ អាចម៍ផ្កាយនេះ គឺជាបំណែកមួយនៃក្រុមអាចម៍ផ្កាយ កាមប៉ូ ឌែលស៊ាលឡូ (Campo del Cielo) ដែលត្រូវបានរកឃើញនៅខេត្តឆាកូ (Province of Chaco) និងទីក្រុងសាន់ត្យាហ្គោ ឌែលឡេស្តេរ៉ូ (Santiago del Estero) នៃប្រទេសអាហ្សង់ទីន ចាប់ពីឆ្នាំ១៥៧៦-២០១៦។ ក្រុមអាចម៍ផ្កាយទាំងនេះមានអាយុកាលប្រមាណ ៤,២០០ ដល់ ៤,៧០០ ឆ្នាំមកហើយ។
៤៖ អាម៉ាន់ធី (Armanty meteorite)
អាចម៍ផ្កាយនេះមានទម្ងន់សរុប២៨តោន ដែលត្រូវបានរកឃើញនៅតំបន់រដ្ឋបាលស្វយ័តស៉ីនជាំង (Xinjiang region) នាឆ្នាំ១៨៩៨។ អាចម៍ផ្កាយនេះជាប្រភេទអាចម៍ផ្កាយលោហៈ ឬអ៉ីយ៉ុងដែរ។ ឯកសារខ្លះដាក់ឈ្មោះឱ្យអាចម៍ផ្កាយនៅប្រទេសចិនមួយនេះថា អាចម៍ផ្កាយយក្ស (Giant Meteorite)។
៥៖ បាគូប៊ីរីតូ (Bacubirito meteorite)
អាចម៍ផ្កាយបាគូប៊ីរីតូ មានទម្ងន់សរុប២៤តោន។ វាត្រូវបានរកឃើញនៅរដ្ឋស៉ីណាឡូអា (Sinaloa state) ប្រទេសម៉ិកស៉ិក (Mexico) កាលពីឆ្នាំ១៨៦៣។
យើងនៅចាំបានថា ពពួកអាចម៍ផ្កាយ គឺធ្លាប់ធ្លាក់មកលើផែនដីយើងយ៉ាងខ្លាំងសម្បើម រហូតធ្វើឱ្យជីវិតនៅផែនដីត្រូវស្លាប់ផុតពូជ ពិសេសគឺនៅជំនាន់សត្វដាយណូស័រ តាំងពីប្រមាណ៦៥លានឆ្នាំមុន ក្នុងនោះក៏បានបន្សល់ទុកនូវរណ្ដៅអាចម៍ផ្កាយធំៗជាច្រើននៅពាសពេញពិភពលោក៕