(អាមេរិកឡាទីន)៖ នៅលើពិភពលោកយើងនេះ គឺមានមហាវិថីដ៏អស្ចារ្យមួយខ្សែ ដែលជាផ្លូវល្បឿនលឿនតភ្ជាប់ពីឆ្នេរខាងកើតនៃមហាសមុទ្រប៉ាស៉ីហ្វិក និងឆ្នេរខាងលិចនៃមហាសមុទ្រអាត្លង់ទិក ពោលគឺពុះកាត់ទទឹងទ្វីបអាមេរិកខាងត្បូង ឬតំបន់អាមេរិកឡាទីន ពិសេសគឺជ្រែកកាត់ភាគខ្លះនៃព្រៃអាម៉ាហ្សន (Amazon)។
តើផ្លូវមួយខ្សែនេះមានភាពអស្ចារ្យយ៉ាងដូច្នេះ ហើយផ្ដល់ផលប្រយោជន៍យ៉ាងណាខ្លះដល់មនុស្សជាតិ?
ផ្លូវនេះមានឈ្មោះថា «មហាវិថីអន្តរមហាសមុទ្រ» ដែលភាសាបច្ចេកទេសហៅថា Interoceanic Highway (អ៉ីនថឺររ៉ូស៉ីអេននិក ហាយវ៉េយ៍) ឬហៅម្យ៉ាងទៀតថា Trans-oceanic Highway (ត្រេនសូស៉ីអេននិក ហាយវ៉េយ) ដែលបច្ចុប្បន្នវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជាមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាជននៅតំបន់អាមេរិកឡាទីន។
* ជាស្ពានឆ្លងទ្វីបមួយ
នៅក្នុងឆ្នាំ២០១២ ផ្លូវល្បឿនលឿន Transoceanic Highway បានបើកដំណើរការជាសាធារណៈលើកដំបូង។ សមិទ្ធផលនេះ ដំបូងគឺកើតចេញពីក្តីសុបិន្តរបស់អ្នកនយោបាយប៉េរូតាំងពីឆ្នាំ១៩៥០។ រហូតដល់ឆ្នាំ២០០៦ ទើបក្ដីសុបិន្តនោះបានចាប់ផ្តើមចេញរូបរាងជាមហាវិថី និងស្ពានឡើង ហើយបានបញ្ចប់គម្រោងសាងសង់ទាំងស្រុងនៅឆ្នាំ២០១០។ មហាវិថីដ៏អស្ចារ្យនេះមានប្រវែង២,៦០០គីឡូម៉ែត្រ ដោយចេញពីឆ្នេរសមុទ្រប៉ាស៉ីហ្វិកនៃប្រទេសប៉េរូ ឆ្លងកាត់ជួរភ្នំអង់ (Andes mountains) និងផ្នែកខ្លះនៃព្រៃអាម៉ាហ្សន (ជាព្រៃរងទឹកភ្លៀងធំជាងគេនៅលើពីភពលោក) បន្តឆ្ពោះទៅកាន់ប្រទេសប្រេស៉ីល ដែលមានបណ្តាញផ្លូវតទៅមហាសមុទ្រអាត្លង់ទិក។
Transoceanic Highway ត្រូវបានគេអបអរសាទរ និងចាត់ទុកថាជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យមួយនៅទ្វីបអាមេរិកខាងត្បូង ហើយអ្នកគាំទ្រគម្រោងនេះបានលើកឡើងថា វានឹងជួយលើកកម្ពស់ជីវិតមនុស្សបានកាន់តែល្អប្រសើរ ពីព្រោះកាលពីមុន ការធ្វើដំណើរពីទីក្រុងគូស្កូ (Cusco) និងទីក្រុងព័រតូម៉ាល់ដូណាដូ (Puerto Maldonado) នៃប្រទេសប៉េរូ ត្រូវចំណាយពេលជាច្រើនថ្ងៃតាមរយៈរថយន្តក្រុង ឬរថយន្តធំៗ ហើយផ្លូវតូចចង្អៀត ខណៈភាគខ្លះនៃផ្លូវកាត់តាមដងភ្នំ គឺពោរពេញដោយភាពកខ្វក់។ ឥឡូវនេះ ការធ្វើដំណើរ ចំណាយពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយមានសុវត្ថិភាពជាងមុនផងដែរ។
* ជួយលើកកម្ពស់ជីវភាពប្រជាជន
បន្ថែមទៅលើការបង្កភាពងារស្រួលក្នុងការធ្វើដំណើរ អ្នកគាំទ្របន្តថា ផ្លូវល្បឿនលឿននេះនឹងល្អសម្រាប់ធុរកិច្ច។ មានតម្រូវការធំធេងណាស់នៅអាមេរិកខាងជើង និងអាស៉ី សម្រាប់ផលិតផលរបស់ប្រេស៉ីល និងប៉េរូ រួមទាំងសណ្តែងសៀង សាច់គោ និងមាស។ ក្រុមហ៊ុនជាច្រើននៅទីក្រុងគូស្កូ និងទីក្រុងព័រតូម៉ាល់ដូណាដូ ក៏លក់ឈើទៅកាន់គ្រប់កន្លែងលើពិភពលោក។ ភាគច្រើននៃក្រុមហ៊ុនទាំងនេះនាំចេញឈើទៅកាន់តំបន់ប៉ាស៉ីហ្វិក។ ត្រូវអរគុណដល់ផ្លូវល្បឿនលឿន Transoceanic Highway ដែលអាចឲ្យគេធ្វើដំណើរត្រឹមរយៈពេលខ្លី ខណៈដែលកាលពីមុន គេត្រូវចំណាយពេលរាប់ថ្ងៃ ឬរាប់សប្តាហ៍ឯណោះ។ ការដឹកជញ្ជូនដែលចំណាយថ្លៃតិច ក៏បានជួយឲ្យគេដឹកឈើទៅកាន់អតិថិជនយ៉ាងរហ័ស និងស្ថិតក្នុងស្ថានភាពល្អទៀតផង ដែលនេះធ្វើឲ្យអ្នករកស៉ីចំណេញច្រើន។
Transoceanic Highway ថែមទាំងបើកទំនាក់ទំនងទៅកាន់តំបន់ជនជាតិប៉េរូ ដែលនៅក្បែរអាម៉ាហ្សូនមានភាពរស់រើក ដែលអាចតភ្ជាប់នឹងពិភពខាងក្រៅ ត្រឹមតែប៉ុន្មានឆ្នាំក្រោយផ្លូវត្រូវបានដាក់ដំណើរការ។ នេះក៏អាចកើតមានសកម្មភាពច្រើន ហើយវាផ្តល់ឲ្យប្រជាពលរដ្ឋនូវទីតាំងថ្មីសម្រាប់រស់នៅ និងធ្វើដំណើរកម្សាន្តផងដែរ ដែលមានន័យថា ការងារជាច្រើន និងប្រាក់ជាច្រើនបានកើតឡើងសម្រាប់ជនជាតិដើមប៉េរូ។
* អំពីព្រៃរងទឹកភ្លៀងអាម៉ាហ្សន
ព្រៃអាម៉ាហ្សនដ៏ធំនេះមានទីតាំងនៅទ្វីបអាមេរិកខាងត្បូង ដែលគ្របដណ្ដប់លើផ្ទៃដីសរុប៥,៥០០,០០០គីឡូម៉ែត្រការ៉េ ដោយគ្របដណ្ដប់លើប្រទេសប្រេស៉ីល ៦០% លើប្រទេសប៉េរូ ១៣% ប្រទេសកូឡុំប៊ី ១០%។ ចំណែកបរិមាណ ១៧% ទៀត គឺស្ថិតនៅក្នុងដែនដីប្រទេសបូលីវី ប្រទេសអេក្វាទ័រ ដែនដីហ្វ្រង់ក្វាណារបស់បារាំង (French Guiana) ប្រទេសហ្គីយ៉ាន (Guyana) ប្រទេសសូរីណាម (Suriname) និងប្រទេសវ៉េណេស៊ុយអេឡា។ ព្រៃអាម៉ាហ្សនក៏ជាជម្រកជីវចម្រុះដ៏ធំជាងគេបំផុតនៅលើពិភពលោកផងដែរ ហើយប្រសិនបើនិយាយអំពីប្រភេទដើមឈើវិញនោះ គឺមានរហូតដល់ទៅប្រមាណ១៦,០០០ប្រភេទ ស្មើនឹងចំនួនសរុប៣៩០ពាន់លានដើមឯណោះ។
គេបានចាត់ទុកថាព្រៃរងទឹកភ្លៀងដ៏ធំជាងគេមួយនេះ មានបរិមាណស្មើនឹងជាងពាក់កណ្តាលនៃព្រៃរងទឹកភ្លៀងនៅលើភពផែនដី។ ដោយសារបរិមាណព្រៃរងទឹកភ្លៀងដ៏ធំសម្បើមនេះហើយ ទើបបង្កើតឲ្យមានអាងស្តុកទឹកដ៏មួយមហិមាមួយផងដែរ ខណៈអាងស្តុកទឹកធម្មជាតិនេះត្រូវបានគេហៅឈ្មោះដូចគ្នាថា «អាងអាម៉ាហ្សន» ដែលបានគ្របដណ្ដប់លើផ្ទៃដីប្រមាណ៧,០០០,០០០គីឡូម៉ែត្រក្រឡា។
អាងអាម៉ាហ្សនខាងលើនេះ ក៏ជាប្រភពទឹកដ៏សំខាន់របស់ទន្លេអាម៉ាហ្សន ដែលហូរធ្លាក់ទៅដល់មហាសមុទ្រអាត្លង់ទិករៀងរាល់ឆ្នាំ ដោយនាំទាំងដីល្បាប់ដ៏មានជីវជាតិ និងទឹកសម្រាប់ឲ្យប្រជាជននៅតាមដងទន្លេបានប្រើប្រាស់យ៉ាងសម្បូរសប្បាយហូរហៀផងដែរ៕