(ភ្នំពេញ)៖ ទន្លេស្ទើរតែទាំងអស់ កាលណាបើទឹកហូរទៅហើយ គឺមិនដែលហូរមកវិញនោះទេ ប៉ុន្តែនៅតំបន់អាស៉ីអាគ្នេយ៍ គឺមានទន្លេមួយដែលមានលក្ខណពិសេសលើសគេ ដោយនៅរដូវវស្សាទឹកហូរទៅ នៅរដូវប្រាំងទឹកហូរត្រលប់ចេញវិញ។ តើអ្នកស្គាល់ទន្លេដ៏ពិសេសនោះដែរឬទេ។
ទន្លេដែលយើងកំពុងនិយាយនេះ គឺនៅមិនឆ្ងាយពីយើងឡើយ ពោលគឺនៅក្នុងប្រទេសកម្ពុជាយើងនេះឯង។ ប្រជាពលរដ្ឋខ្មែរច្បាប់ជាស្គាល់ «ទន្លេសាប» ដែលជាផ្លូវទឹកធម្មជាតិដ៏ធំមួយតភ្ជាប់រវាងទន្លេមេគង្គ និងបឹងទន្លេសាប។ នៅរដូវវស្សា ទឹកបានហូរពីទន្លេមេគង្គចូលទៅក្នុងបឹងទន្លេសាបតាមរយៈទន្លេសាបនេះ, នៅរដូវប្រាំង ទឹកក៏ហូរត្រឡប់ពីបឹងទន្លេសាបមកកាន់ទន្លេមេគង្គវិញ ហើយក៏បន្តហូរចុះទៅសមុទ្រតាមទន្លេមេគង្គក្រោម។
ទន្លេសាបមានប្រវែងប្រមាណ១០០គីឡូម៉ែត គិតពីចំណុចទន្លេចតុមុខនៃរាជធានីភ្នំពេញ រហូតដល់ឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងនោះឆ្លងកាត់ខណ្ឌដូនពេញ ខណ្ឌឫស្សីកែវ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ, ស្រុកពញាឮ នៃខេត្តកណ្ដាល, ស្រុកកំពង់ត្រឡោច ស្រុករលាប្អៀរ ក្រុងកំពង់ឆ្នាំង និងស្រុកបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង។
ទន្លេសាប (Tonle Sap) ក៏ជាតំបន់ដីសើមទឹកសាប ដែលមានសារៈសំខាន់ជាងគេមួយក្នុងភូមិភាគអាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដី ២៥០,០០០ ដល់ ៣០០,០០០ ហិកតា ក្នុងរដូវក្ដៅ និងមានវិសាលភាពធំជាងនេះ៥ទៅ៦ដង ក្នុងរដូវវស្សា។ ប្រព័ន្ធតំបន់ដីសើមនេះ គឺជាប្រភពផ្គត់ផ្គង់ជលផលទឹកសាបមួយក្នុងពិភពលោក ហើយប្រព័ន្ធអេកូឡូស៊ីនៅទន្លេនេះមានសារៈសំខាន់ជួយដល់ប្រភេទជីវចម្រុះផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។
ក្រៅពីនេះ ទន្លេសាបក៏ជាផ្លូវនាវាចរណ៍ និងប្រព័ន្ធស្រោចស្រពដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ហើយមានទំនាក់ទំនងគ្រប់ផ្នែកជាមួយបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំមួយនៅតំបន់អាស៉ីអាគ្នេយ៍ផងដែរ៕