(ភ្នំពេញ)៖ ទោះបីមិនមានចំនួនពិតប្រាកដក៏ដោយ ក៏អ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថា ភពផែនដីរបស់យើងមានអាយុប្រហែល៤,៦០០លានឆ្នាំហើយ ខណៈភពដែលមានជីវិតរស់នៅមួយនេះ គឺកកើតឡើងដំបូងអំពីសិលា ឧស្ម័ន ក៏ដូចជារ៉ែផងដែរ។ តើអ្នកដឹងទេថា រ៉ែមួយណាដែលមានអាយុកាលចាស់ជាងគេនៅលើផែនដីយើង?
អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវឃើញថា រ៉ែដែលចាស់ជាងគេ គឺរ៉ែហ្ស៊ាកុង ឬ ហ្សឺរខន (Zircon) ដែលត្រូវបានរកនៅភាគខាងលិចប្រទេសអូស្ត្រាលី។ គេប៉ាន់ស្មានថា រ៉ែហ្ស៊ាកុងនេះមានអាយុ៤,៤០០លានឆ្នាំហើយ។
អ្នកវិទ្យាសាស្ត្រក៏បានរកឃើញអាចម៍ផ្កាយចំណាស់ជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យផងដែរ ដែលវាមានអាយុកាល៤,៥៦៧លានឆ្នាំ។ ដូច្នេះ មានន័យថា ប្រព័ន្ធព្រះអាទិត្យយើងបានចាប់ផ្តើមកកើតឡើងកាលពី៤,៥៦៧លានឆ្នាំមុនមកម្ល៉េះ។
សម្មតិកម្មមួយអះអាងថា ផែនដីបានចាប់ផ្តើមបង្កើតឡើងភ្លាមៗ បន្ទាប់ពីអាចម៍ផ្កាយបានប្រមូលផ្ដុំគ្នា ប៉ុន្តែវាមិនទាន់អាចបញ្ជាក់ពីអាយុពិតប្រាកដរបស់វានៅឡើយទេ៕