(ភ្នំពេញ)៖ ខ្សែអេក្វាទ័រ គឺសំដៅលើចំណុចខ្សែវ័ណ្ដខណ្ឌចែក នៅចំកណ្ដាលផែនដី ខណៈនៅតំបន់អេក្វាទ័រ ច្រើនតែមានកម្ដៅខ្លាំង ពីព្រោះតែតំបន់ទាំងនោះ នៅជិតព្រះអាទិត្យជាងតំបន់ដទៃ។ តើមានប្រទេសប៉ុន្មាន ដែលស្ថិតនៅចំខ្សែអេក្វាទ័រនេះ?
យោងតាមផែនទីពិភពលោក យើងឃើញថាមានប្រទេសចំនួន១៣ ដែលស្ថិតនៅចំខ្សែអេក្វាទ័រនេះ៖
* ទ្វីបអាមេរិកខាងត្បូង
ប្រសិនបើគិតពីទ្វីបអាមេរិកខាងត្បូងមក ខ្សែអេក្វាទ័របានលាតកាត់ប្រទេសអេក្វាទ័រ (Ecuador) ប្រទេសកូឡុំប៊ី (Colombia) និងប្រទេសប្រេស៉ីល (Brazil) ហើយបន្តសណ្ដូកកាត់មហាសមុទ្រអាត្លង់ទិក និងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក។
* ទ្វីបអាហ្វ្រិក
ចេញពីមហាសមុទ្រអាត្លង់ទិកមក ខ្សែអេក្វាទ័រយើងបានបន្តសណ្ដូកកាត់ប្រទេសសៅតូម៉េនិងប្រាំងស៉ីប (Sao Tome and Principe) ប្រទេសហ្កាបុង (Gabon) សាធារណរដ្ឋកុងហ្គោ (Republic of the Congo) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of the Congo) ប្រទេសអ៊ុយហ្កាន់ដា (Uganda) ប្រទេសកេនយ៉ា (Kenya) និងប្រទេសសូម៉ាលី (Somalia)។
* ទ្វីបអាស៉ី និងមហាសមុទ្រប៉ាហ្វិក
អាស៉ីជាទ្វីបដែលធំជាងគេក្នុងចំណោមទ្វីបទាំង៧នៅលើពិភពលោក ក្នុងនោះប្រទេសដែលស្ថិតនៅចំខ្សែអេក្វាទ័រមានដូចជាប្រទេសម៉ាល់ឌីវ (Maldives) ដែលជាប្រទេសដែនកោះដ៏ស្រស់ស្អាតជាងគេមួយស្ថិតនៅមហាសមុទ្រឥណ្ឌា។ ចេញពីមហាសមុទ្រឥណ្ឌា ខ្សែអេក្វាទ័របន្តសណ្ដូកកាត់កោះធំមួយចំនួននៅប្រទេសឥណ្ឌូណេស៉ី ដូចជា កោះស៊ូម៉ាត្រា (Sumatra) កោះកាលីម៉ាន់តាន់ (Kalimantan) កោះស៊ូឡាវេស៉ី (Sulawesi) កោះមូលុក ឬម៉ាលូគូ (Maluku) ហើយបន្តឆ្ពោះទៅមហាសមុទ្រប៉ាស៉ីហ្វិកទៀត ក្នុងនោះក៏បានឆ្លងកាត់ប្រទេសគិរីបាទី (Kiribati) ដែលជាប្រទេសដែនកោះដ៏ស្រស់ស្អាតមួយ ស្ថិតនៅកណ្ដាលមហាសមុទ្រប៉ាស៉ីហ្វិកផងដែរ៕