(ពិភពលោក)៖ បើគេនិយាយពី «ហូឡង់ (Holland)» មនុស្សភាគច្រើនប្រហែលស្គាល់ច្បាស់ថា គឺជាឈ្មោះប្រទេសមួយនៅទ្វីបអឺរ៉ុប។ តាមពិតទៅហូឡង់មានឈ្មោះផ្លូវការថា «នេដឺលែន (Netherlands)» ហើយឈ្មោះហូឡង់នេះ គ្រាន់តែជាឈ្មោះតំបន់ និងជាអតីតខេត្តមួយប៉ុណ្ណោះ។ ប៉ុន្តែហូឡង់បានក្លាយជាឈ្មោះមិនផ្លូវការ ដែលគេហៅប្រទេសនេដឺលែនជាប់មាត់ទៅហើយ។ ដូច្នេះតើមកពីមូលហេតុអ្វីបានជាគេហៅ «នេដឺលែន» ថា «ហូឡង់» បែបនេះទៅវិញ?
ព្រះរាជាណាចក្រនេដឺលែន ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៥៧៩ ក្នុងទម្រង់ជាសហភាពនៃខេត្ត-ទីក្រុងជាច្រើន ហៅថាសាធារណរដ្ឋដាច់ (Dutch Republic) ដែលបានរួមគ្នារើបម្រះប្រឆាំងនឹ ងការនឹងការត្រួតត្រារបស់អេស៉្បាញ។ ក្នុងចំណោមនោះ មានខេត្តមួយឈ្មោះថា ហូឡង់ ដែលសព្វថ្ងៃត្រូវបានបែងចែកចេញទៅជា ខេត្តចំនួនពីររបស់នេដឺលែនគឺ ខេត្តហូឡង់ខាងជើង (North Holland) និងខេត្តហូឡង់ខាងត្បូង (South Holland)។
គួរជម្រាបថា ទោះបីជាក្រោយពេលរួបរួមគ្នានោះក៏ដោយ ខេត្តហូឡង់នៅតែជាតំបន់ដែលមានឥទ្ធិពលជាងគេ។ ទីក្រុងធំៗដូចជា អាំស្ទើដាំ (Amsterdam), រ៉ូធើដាំ (Rotterdam), និងទីក្រុងឡាអេ (The Hague) សុទ្ធតែស្ថិតក្នុងតំបន់ហូឡង់។ ដោយសារតែដូច្នេះហើយ ការធ្វើទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់បណ្តាប្រទេសខាងក្រៅជាមួយនេដឺលែន ប្រមូលផ្តុំតែនៅតំបន់ហូឡង់ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យបរទេសភាគច្រើនប្រើប្រាស់ឈ្មោះថា ហូឡង់ៗ បែបនេះ សំដៅលើប្រទេសនេដឺលែន និងបន្តរហូតមកទល់ឥឡូវ។
យ៉ាងណាមិញ កាលពីដើមឆ្នាំ២០២០ រដ្ឋាភិបាលនេដឺលែនបានប្រកាសពីការសម្រេចចិត្ត ពីការបញ្ឈប់ការប្រើប្រាស់ឈ្មោះ «ហូឡង់» នេះ ដើម្បីបញ្ចប់ការភ័ន្តច្រឡំរវាងឈ្មោះហូឡង់ និងឈ្មោះនេដឺលែន៕