(ពិភពលោក)៖ តំបន់អាក់ទិច ភាគច្រើនត្រូវគេស្គាល់ថា ជាមហាសមុទ្រទឹកកក ដែលស្ថិតនៅប៉ូលខាងជើងនៃភពរបស់យើង ប៉ុន្តែផ្នែកខ្លះនៃប្រទេសមួយចំនួនដូចជា កាណាដា កោះគ្រីនលែនរបស់ដាណឺម៉ាក រុស្ស៉ី អ៉ីស្លង់ ហ្វាំងឡង់ ន័រវែស ស៊ុយអែត និងរដ្ឋអាឡាស្កា នៃសហរដ្ឋអាមេរិក ក៏ស្ថិតនៅតំបន់អាក់ទិចផងដែរ។ រីឯ តំបន់អង់តាក់ទិចវិញ គឺជាទ្វីបទឹកកក ដែលស្ថិតនៅប៉ូលខាងត្បូងរបស់ផែនដី។ តើអ្នកមានធ្លាប់ឆ្ងល់ទេថា តើឈ្មោះស្រដៀងគ្នានៃតំបន់ទាំងពីរនេះ មានប្រវត្តិយ៉ាងដូចម្តេច?
ឈ្មោះ «អាក់ទិច (Arctic)» គឺមានប្រភពចេញពីពាក្យ «អាក់តូស (Arktos)» ដែលជាពាក្យក្នុងភាសាក្រិកបុរាណមានន័យថា «សត្វខ្លាឃ្មុំ»។ មូលហេតុមិនមែនដោយសារ មានសត្វខ្លាឃ្មុំទឹកកករស់នៅតំបន់អាក់ទិចទេ គឺព្រោះតែនៅទីនោះ គេអាចមើលឃើញកញ្ចុំផ្កាយពីរឈ្មោះ អឺសាមេចឺ (Ursa Major) និងអឺសាម៉ៃណឺ (Ursa Minor) ឬកញ្ចុំផ្កាយមេខ្លាឃ្មុំ និងកញ្ចុំផ្កាយកូនខ្លាឃ្មុំ។
គួរបញ្ជាក់ថា សម្រាប់ឈ្មោះ «អង់តាក់ទិច (Antarctica)» វិញ វាមានប្រភពចេញមកពី ពាក្យក្រិកបុរាណមួយទៀតគឺ អង់តាក់ទីកូស (Antarktikos) ដែលមានន័យថា «ផ្ទុយពីអាក់ទិច»។ តំបន់អាក់ទិចនិងទ្វីបអង់តាក់ទិច មានទំហំប្រហាក់ប្រហែលគ្នាគឺជាង ១៤លានគីឡូម៉ែត្រក្រឡា៕