(អូស្ត្រាលី)៖ ជនបរទេសដែលទៅដល់ទ្វីបអូស្ត្រាលីដំបូងគេ មិនមែនជាកាពីទែន ជេម ឃុក អ្នករុករកជនជាតិអង់គ្លេសនោះទេ ពីព្រោះមានមនុស្សពីរនាក់ផ្សេងទៀតដែលបានឡើងច្រាំងអូស្ត្រាលីមុន ជេម ឃុក នេះទៅទៀត ម្នាក់គឺមេទ័ពចិនសម័យរាជវង្សម៉េង និងម្នាក់ទៀតជាជនជាតិហូឡង់ដែលបានឃើញសត្វកុងហ្ការូមុនគេ។
អ្នកដែលបានរុករកដល់ទ្វីបអូស្ត្រាលីគ្រាដំបូងមាន៣នាក់សំខាន់ៗ រួមមាន៖
ទី១៖ មេទ័ពចិន ចឹង ហឺ (Zheng He 1371-1435) អ្នករុករកជនជាតិចិនដែលអ្នកគួរតែស្គាល់ឱ្យបានច្រើន
ក្នុងតួនាទីជាមេទ័ពជើងទឹករបស់មហាម៉េង (Ming dynasty) លោកម្ចាស់ ចឹង ហឺ បានធ្វើដំណើរទៅដល់ទ្វីបអូស្ត្រាលីមុនគេបង្អស់តាំងពីឆ្នាំគ្រិស្ដសករាជ ១៤៣២ មកម្ល៉េះ។ ថ្មីៗនេះ គេបានរកឃើញស្លាកស្នាមប្រវត្តិសាស្ត្រដ៏សំខាន់មួយចំនួន ដែលបង្ហាញថាវត្តមានសំពៅរបស់មេទ័ពចិនរូបនេះបានទៅដល់ឆ្នេរសមុទ្រក្បែរទីក្រុងដាវិន (Dawin) នៃរដ្ឋថឺររីថឺរីខាងជើង (Northern Territory)។
មេទ័ពជើងទឹកដែលចេញពីគ្រួសារមូស្លីមចិនរូបនេះ ក៏ជាអ្នករកឃើញទ្វីបអាមេរិកមុនលោក គ្រីស្តុប កូឡំ ផងដែរ ពីព្រោះរាជការម៉េងក្នុងរជ្ជកាលព្រះរាជា ជូ យានចាង (Zhu Yuanzhang) បានបញ្ជាឱ្យមេទ័ព ចឹង ហឺ ដឹកនាំកងទ័ពជើងទឹករបស់ចិនចេញរុករកពិភពខាងក្រៅនៅឯនាយសមុទ្រ ហើយបេសកកម្មរបស់លោកពិតជាទទួលបានជោគជ័យប្រាកដមែន ប៉ុន្តែគ្រាន់តែការផ្សព្វផ្សាយមិនសូវទូលំទូលាយដូចជនជាតិអឺរ៉ុប។
ទី២៖ អ្នករុករកជនជាតិហូឡង់ វីល្លៀម ដឹមភៀរ (William Dampier 1652-1715)
បន្ទាប់ពីមេទ័ព ចឹង ហឺ ខាងលើនេះ ក៏មានអ្នករុករកជនជាតិហូឡង់ម្នាក់ទៀតដែរ គឺលោក វីល្លៀម ដឹមភៀរ ដែលបានទៅដល់ទ្វីបអូស្ត្រាលីនៅឆ្នាំគ្រិស្ដសករាជ ១៦៩៧ ហើយបានកត់ត្រាអំពីសត្វកុងហ្ការូយកមកផ្សព្វផ្សាយប្រាប់មនុស្សម្នានៅអឺរ៉ុប។ កាលណោះ គាត់ហៅសត្វកុងហ្ការូនេះថា «សត្វខ្លួនធំចេះលោត»។
វីល្លៀម ដឹមភៀរ បានធ្វើដំណើរជុំវិញពិភពលោកដល់ទៅបីលើកឯណោះ ដោយលោកបានធ្វើកិច្ចការជាអ្នកត្រួសត្រាយផ្លូវសមុទ្រ ជាអ្នករុករក ជាអ្នកធ្វើផែនទីសមុទ្រ និងផែនទីខ្យល់ ជាអ្នកអង្កេតការណ៍ផ្នែកវិទ្យាសាស្ត្រ ហើយក៏ជាមេចោរសមុទ្រផងដែរ។
ទី៣៖ អ្នករុករកជនជាតិអង់គ្លេស ជេម ឃុក (James Cook 1728-1779)
ក្នុងដំណើរឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៉ីហ្វិកខាងត្បូងចាប់ពីគ្រិស្ដសករាជ ១៧៦៨-១៧៧១ លោក ជេម ឃុក ក៏បានពើបប្រទះនឹងទ្វីបថ្មីមួយដែលមិនធ្លាប់ឃើញពីមុនមក ហើយលោកបានឡើងច្រាំងទ្វីបនេះនៅអំលុងឆ្នាំគ្រិស្ដសករាជ ១៧៧០។ ពេលនោះហើយដែលក្រុមសំពៅចររបស់លោកបានជួបនឹងជនជាតិម្ចាស់ស្រុក ហើយថែមទាំងប្រយុទ្ធជាមួយពួកនេះយ៉ាងខ្លាំងផងដែរ។
ក្រោយពីរួចជីវិតរត់មកដល់ចក្រភពអង់គ្លេសវិញ ជេម ឃុក បានផ្សព្វផ្សាយអំពីរបកគំហើយថ្មីនេះទៅកាន់មនុស្សម្នានៅអឺរ៉ុប ហើយចាប់ពីពេលនោះមក ទើបមានពួកអឺរ៉ុបឆ្លងទៅកាន់ទ្វីបថ្មីនេះជាបណ្ដើរៗ និងរស់នៅតកូនតចៅរហូតមកដល់សព្វថ្ងៃ។
គួរជម្រាបថា មុនអ្នករុករកទៅដល់ទ្វីបអូស្ត្រាលី ជនជាតិម្ចាស់ស្រុកបានរស់នៅលើទ្វីបនេះតាំងពី៤០,០០០ឆ្នាំមុនមកម្ល៉េះ នេះបើតាមការរកឃើញស្លាកស្នាមផូស៉ីលនៅទីនោះ៕