(ពិភពលោក)៖ ប្រមុខរដ្ឋនៃប្រទេសមួយ គឺជាតំណាងជាន់ខ្ពស់បង្អស់នៃប្រទេសនោះ ប៉ុន្តែក៏អាច ឬមិនអាចមានតួនាទីជាប្រមុខរដ្ឋាភិបាលផងដែរ។ នៅតាមប្រទេសបែបរាជានិយម ព្រះមហាក្សត្រ ឬព្រះមហាក្សត្រី គឺមានតួនាទីជាព្រះប្រមុខរដ្ឋ ដូចជាព្រះរាជាណាចក្រកម្ពុជា ចក្រភពអង់គ្លេសជាដើម រីឯនៅតាមប្រទេសបែបសាធារណរដ្ឋវិញ តួនាទីប្រមុខរដ្ឋនេះត្រូវធ្លាក់ទៅលើប្រធានាធិបតី ដូចជាសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិនជាដើម។
មនុស្សទូទាំងពិភពលោកច្បាស់ជាស្គាល់ព្រះមហាក្សត្រីអេលីហ្សាបេតទី២ (Queen Elizabeth II) ដែលជាព្រះមហាក្សត្រី និងជាព្រះប្រមុខរដ្ឋនៃចក្រភពអង់គ្លេស ហើយក៏ជាព្រះប្រមុខរដ្ឋនៃប្រទេសមួយចំនួនទៀតដែរ។ តើអ្នកដឹងទេថា ព្រះមហាក្សត្រីអេលីហ្សាបេតទី២ ជាព្រះប្រមុខរដ្ឋរបស់ប្រទេសណាខ្លះទៀត?
ក្រៅពីចក្រភពអង់គ្លេស មានប្រទេសសរុបចំនួន១៤ផ្សេងទៀត ដែលនៅទទួលស្គាល់ព្រះមហាក្សត្រីអេលីហ្សាបេតទី២ជាព្រះប្រមុខរដ្ឋរបស់ខ្លួន ក្នុងនោះរួមមានប្រទេសកាណាដា អូស្រ្តាលី នូវែលសេឡង់ និងប្រទេសតូចៗមួយចំនួនទៀតនៅតំបន់សមុទ្រការីបង់ (Caribbean Sea)។ ប្រទេសទាំងនេះស្ថិតនៅក្នុងអង្គការអន្តររដ្ឋាភិបាលមួយហៅថា សហធនរដ្ឋ (Commonwealth of Nations) ដែលមានសមាជិកសរុប៥៤ប្រទេស ហើយភាគច្រើនជាអតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា លើកលែងតែចក្រភពអង់គ្លេសផ្ទាល់ បណ្តាប្រទេសដែលមានព្រះមហាក្សត្រីអេលីហ្សាបេតទី២ជាប្រមុខរដ្ឋ គឺមានអគ្គទេសាភិបាលមួយរូបដែលដើរតួនាទីតំណាង និងបំពេញភារកិច្ចប្រចាំប្រទេសទាំងនោះជំនួសទ្រង់។ អគ្គទេសាភិបាលនេះត្រូវបានជ្រើសរើសដោយសភា គណៈរដ្ឋមន្រ្តី ឬនាយករដ្ឋមន្រ្តីនៃប្រទេសនីមួយៗ រួចហើយទើបត្រូវតែងតាំងជាផ្លូវការដោយមហាក្សត្រីអេលីហ្សាបេត៕