(ភ្នំពេញ)៖ ភ្នំគូលែន គឺជាអតីតមហារាជធានីមួយរបស់ព្រះបាទជយវម៌្មទី២ (គ.ស.៨០២-៨៥៥) ដែលមានឈ្មោះដើមហៅថា «មហិន្ទ្របព៌ត» ខណៈប្រជាជនខ្មែរបានចាត់ទុកបរមបព៌តនេះជាទីដ៏ពិសិដ្ឋសម្រាប់ការគោរពបូជា ដោយនៅទីនោះមានទីសក្ការ បូជនីយដ្ឋាន វត្តអារាម ប្រាង្គប្រាសាទ ចម្លាក់បដិមា ទឹកជ្រោះត្រជាក់ត្រជុំ ពើង ព្រៃឈើក្រាស់ និងទីបុរាណដ្ឋានផ្សេងទៀតជាច្រើន។
ដោយសារតំបន់ភ្នំគូលែនមានទំនាក់ទំនងមិនអាចខ្វះបានជាមួយតំបន់អង្គរ ទើបមានចម្ងល់លើកឡើងថា បន្ទាប់ពីការរកឃើញតំបន់អង្គរដោយជនជាតិបារាំង លោក អង់រី មួហួត (Henri Mouhot) តើជនបរទេសរូបណាដែលបានទៅដល់ភ្នំគូលែនមុនគេ?
ដូចយើងដឹងស្រាប់ហើយថា ស្ថាប័នអន្តរជាតិដែលបង្កើតកិច្ចសិក្សាស្រាវជ្រាវ អភិរក្សតំបន់បេតិកភណ្ឌនៅអាស៉ីអាគ្នេយ៍មុនគេ គឺមានតែសាលាបារាំងចុងបូព៌ានោះឯង។ នៅទសវត្សទី៦០ សាលាបារាំងចុងបូព៌ាបានបញ្ជូនជនជាតិបារាំងម្នាក់ ឱ្យមកជួយបំពេញបេសកកម្មសិក្សាស្រាវជ្រាវ ការពារអភិរក្សនៅតំបន់អង្គរ ទឹកដីដ៏ពិសិដ្ឋនៃប្រជាជាតិខ្មែរយើង។ ជនជាតិបារាំងរូបនោះគឺមានឈ្មោះថា ហ្សង់ ប៊ូលបេ (Jean Boulbet) លោកកើតនៅឆ្នាំ១៩២៦ នៅប្រទេសបារាំង ហើយបានទទួលមរណភាពនៅឆ្នាំ២០០៧ នៅកោះភូកេត ប្រទេសថៃ។
លោក ប៊ូលបេ បានចូលជាសមាជិកនៃសាលាបារាំងចុងបូព៌ានៅឆ្នាំ១៩៦៤ ដោយបានបំពេញការងារអភិរក្សបុរាណដ្ឋាននៅតំបន់អង្គរអស់ជាច្រើនឆ្នាំ។ ក្នុងពេលបំពេញបេសកកម្មនេះ លោកបានជួយសង្គ្រោះប្រជាជនខ្មែរយ៉ាងច្រើនពីជំងឺគ្រុនចាញ់ និងទឹកជំនន់។ ក្រោយមក ពោលគឺនៅចុងទសវត្ស៦០ ប្រជាជនទាំងនោះបានជួយឱ្យលោកធ្វើដំណើរទៅដល់ភ្នំគូលែន ដែលមានចម្ងាយជិត៥០គីឡូម៉ែត្រពីតំបន់អង្គរ ខណៈដែលទីនោះកំពុងស្ថិតក្រោមការកាន់កាប់ដោយពួកខ្មែរក្រហម។ លោកមានជំនួយការជាជនជាតិខ្មែរឈ្មោះ អូ (Ôo) ដោយ អូ មានភាពប៉ិនប្រសព្វណាស់ក្នុងការជួយការងាររបស់លោក ប៊ូលបេ ប៉ុន្តែ អូ ត្រូវបានខ្មែរក្រហមសម្លាប់បាត់ទៅ។
លោក ប៊ូលបេ បានសរសេរឯកសារថា ភ្នំគូលែនស្ថិតនៅចន្លោះទំនាបកណ្តាលនៃបឹងធំ (បឹងទន្លេសាប) និងវាលទំនាបដ៏ធំសម្បើមនៃភាគខាងជើងប្រទេសកម្ពុជា។ ថ្មភក់ដ៏ច្រើនដេរដាសប្រៀបដូចជាឆ្អឹងខ្នងនៃភ្នំ ដែលមានរយៈកម្ពស់ប្រមាណ៥០០ម៉ែត្រ ផ្ដល់នូវបរិយាកាសជីវភូមិសាស្ត្រយ៉ាងពិសិដ្ឋក្រៃលែង។
នៅលើផ្ទាំងបដាចារឹកមួយនៅស្រះដំរីបានសរសេររៀបរាប់ថា លោក ហ្សង់ ប៊ូលបេ ក៏បានទៅដល់ស្រះដំរីនេះផងដែរ ប៉ុន្តែគេមិនបានបញ្ជាក់ថាលោករកឃើញទីបុរាណដ្ឋាននេះនៅឆ្នាំណានោះឡើយ។ ប្រជាជនជឿថា ស្រះដំរីជាប្រភពទឹកអម្រឹត ឬទឹកពិសិដ្ឋ។ តាមការដំណាលរបស់អ្នកភូមិម្ចាស់ស្រុក ដែលថាទឹកស្រះដំរីជាទឹកពិសិដ្ឋនោះ លោក ប៊ូលបេ បានផ្គូរផ្គង់ទៅនឹងលក្ខណៈវិទ្យាសាស្ត្រ ជីវសាស្ត្រ ទីតាំងភូមិសាស្ត្រ ទេសភាព ខ្យល់អាកាស ដែលនាំឱ្យទឹកនោះក្លាយជាទឹកអម្រឹត។ លោកយល់បានថា ដោយសារកត្តាភូមិសាស្ត្រ ជីវសាស្ត្រទាំងនេះហើយ ដែលនាំឱ្យភ្នំគូលែនក្លាយជាភ្នំពិសិដ្ឋប្រៀបដូចជាទេវស្ថានដូចជំនឿរបស់ជនជាតិខ្មែរ។
បន្ទាប់ពីបានរកឃើញទីបុរាណដ្ឋានជាង២០កន្លែងនៅលើភ្នំគូលែន លោក ប៊ូលបេ បានគូរផែនទីលម្អិតនៃតំបន់ភ្នំគូលែននេះដំបូងបំផុត តាមមាត្រដ្ឋាន ១/១០០,០០០ (១ភាគ១សែន)។ របកគំហើញដ៏ល្បីល្បាញរបស់លោក គឺការរកឃើញតំបន់ភ្នំក្បាលស្ពាន និងស្ទឹងលិង្គមួយពាន់ នាអំលុងឆ្នាំគ្រិស្ដសករាជ ១៩៦៨។
ចន្លោះឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧០ លោក ហ្សង់ ប៊ូលបេ បានទៅមកធ្វើការនៅប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ ពិសេសគឺការធ្វើដំណើរសិក្សាស្រាវជ្រាវអំពីទន្លេមេគង្គ ការជួយសង្គ្រោះប្រជាជននិងសត្វព្រៃ ព្រៃឈើនិងបរិស្ថាន បុរាណវិទ្យា ក៏ដូចជាកិច្ចការអភិរក្សសម្បត្តិបេតិកភណ្ឌផងដែរ។ ក្រៅពីនេះ លោកបានបំពេញការងារក្នុងវិស័យអវកាស ដោយនៅឆ្នាំ១៩៨០ លោកបានសហការជាមួយមជ្ឈមណ្ឌលរបស់បារាំង ដើម្បីសិក្សាអំពីអវកាស និងបច្ចេកវិទ្យាអាស៉ី ដែលមានទីស្នាក់ការនៅទីក្រុងបាងកក និងកោះភូកេត ប្រទេសថៃ។
នៅឆ្នាំ១៩៩៨ គេបានចាក់ផ្សាយវីដេអូឯកសារនៅស្ទឹងលិង្គមួយពាន់ ដែលមានចំណងជើងថា La Rivière des Mille Linga (អាន៖ ឡា រីវីយ្យែរ ដេ មីល លីងហ្កា) ឬជាភាសាអង់គ្លេសថា The River of a Thousand Linga ហើយប្រសិនបើបកប្រែជាខេមរភាសាគឺ «ស្ទឹងលិង្គមួយពាន់»។
គួរជម្រាបថា មកទល់ពេលបច្ចុប្បន្ន តំបន់ភ្នំគូលែនត្រូវបានគ្រប់គ្រងការពារដោយរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ដាក់ជាតំបន់ការពារធម្មជាតិហៅថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»៕