(ពិភពលោក)៖ លំហអវកាស ត្រូវគេចាត់ទុកថាជាកន្លែងរុករកចុងក្រោយបង្អស់របស់មនុស្សលោកយើង។ នៅរយៈកម្ពស់១០០គីឡូម៉ែត្រពីផ្ទៃផែនដីដែលគេហៅថា បន្ទាត់ព្រំដែនកាម៉ាន់ (Karman Line) គឺត្រូវចាត់ទុកជាកន្លែងខណ្ឌចែកគ្នារវាងស្រទាប់បរិយាកាសភពយើង និងលំហអវកាស។
គិតចាប់តាំងពីពេលដែលមនុស្សដំបូងគេបង្អស់បានធ្វើដំណើរឡើងទៅដល់ទីនោះ មកទល់នឹងបច្ចុប្បន្នគឺវាមានរយៈពេល៦០ឆ្នាំហើយ។ ដូច្នេះតើមានមនុស្សសរុបប៉ុន្មាននាក់ដែរ ដែលបានឡើងទៅដល់លំហអវកាស?
យោងតាមស្ថិតិរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA គឺមានមនុស្សសរុបលើសពី៦០០នាក់ហើយ ដែលបានធ្វើដំណើរទៅកាន់ទីអវកាស ក្រោយពីអវកាសយានិកអាមេរិក៤រូបទៀត ទើបតែបានជិះយានរបស់ក្រុមហ៊ុន SpaceX ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ក្នុងចំណោមនោះមានអវកាសយានិក៣នាក់ ដែលពុំធ្លាប់ធ្វើដំណើរឡើងទីអវកាសពីមុនមកទាល់តែសោះ។ ប្រការនេះក៏បានធ្វើឲ្យតួលេខសរុបកើនដល់៦០១នាក់។
អង្គការ NASA បានចាប់ផ្តើមរាប់ចំនួនអ្នកធ្វើដំណើរឡើងទីអវកាសកាលពីឆ្នាំ១៩៦១ នៅពេលដែលអវកាសយានិកសូវៀត (រុស្ស៉ី) លោក យូរី ហ្កាហ្ការីន (Yuri Gagarin) ក្លាយជាមនុស្សដំបូងគេដែលបានជិះយានអវកាសគោចរជុំវិញផែនដី។ មិនដល់មួយខែក្រោយមក លោក អាឡាន សឺផាត (Alan Shepard) ក៏បានក្លាយជាបុគ្គលទី២ និងជាអវកាសយានិកអាមេរិកដំបូងបង្អស់ដែលបានធ្វើដូចគ្នា។
នៅក្នុងបញ្ជីនៃមនុស្សទាំងជាង៦០០នាក់ខាងលើ គឺរួមមានចាប់តាំងពីអវកាសយានិករបស់សហរដ្ឋអាមេរិក និងរុស្ស៉ី ក៏ដូចជាមកពីបណ្តាទីភ្នាក់ងារអវកាសនៃប្រទេសដទៃទៀត ដែលបានចំណាយពេលរាប់ខែ ឬលើសពី១ឆ្នាំថែមទៀតនៅក្នុងទីអវកាស រហូតដល់បុគ្គលមួយចំនួនដែលបានឡើងទៅដល់លំហអវកាសតែមួយភ្លែតប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចំនួនអ្នកធ្វើដំណើរឡើងទីអវកាស ត្រូវគេមើលឃើញថានឹងបន្តមានសន្ទុះកើនឡើងកាន់តែឆាប់រហ័សថែមទៀត ខណៈដែលទីផ្សារនៃការធ្វើដំណើរទេសចរណ៍អវកាសសម្រាប់ក្រុមមហាសេដ្ឋីកំពុងតែលេចរូបរាងឡើងជាបណ្តើរៗហើយ៕