(ពិភពលោក)៖ ក្នុងចំណោមអ្នកធ្វើដំណើរទៅកាន់ទីអវកាស គឺរួមមានចាប់ពីអ្នកដែលចំណាយពេលត្រឹមតែប៉ុន្មាននាទី រហូតដល់អ្នកដែលបានចំណាយពេលដល់ទៅរាប់រយថ្ងៃឯណោះនៅទីនោះ។ តើនរណាគេដែលជាម្ចាស់កំណត់ត្រានៃការស្នាក់នៅបានយូរថ្ងៃជាប់គ្នាបំផុតក្នុងលំហអវកាស?
បុគ្គលម្នាក់នោះគឺលោក វ៉ាល់ឡឺរី ប៉ូលីយ៉ាកូវ (Valeri Polyakov) ដែលជាអតីតអវកាសយានិករបស់រុស្ស៉ី។ លោក ប៉ូលីយ៉ាកូវ ត្រូវបានគេជ្រើសរើសជាអវកាសយានិកនៅឆ្នាំ១៩៧២ ហើយលោកបានធ្វើដំណើរទៅកាន់ទីអវកាសជាលើកដំបូងតាមរយៈយានអវកាស សូយូស ធីអឹម-៦ (Soyuz TM-6) នៅឆ្នាំ១៩៨៨។ លោកបានត្រឡប់ចុះមកផ្ទៃផែនដីវិញ ក្រោយស្នាក់នៅក្នុងអតីតស្ថានីយអវកាសរុស្ស៉ី មៀរ (Mir) អស់រយៈពេល២៤០ថ្ងៃ។
សម្រាប់បេសកកម្មលើកទីពីររបស់លោក លោក ប៉ូលីយ៉ាកូវ បានចំណាយពេលរហូតដល់៤៣៧ថ្ងៃជាប់គ្នានៅស្ថានីយមៀរកាលពីចន្លោះឆ្នាំ១៩៩៤-១៩៩៥។ មកទល់បច្ចុប្បន្ន ពុំទាន់មាននរណាផ្សេងអាចបំបែកកំណត់ត្រានេះបាននៅឡើយទេ។ លោក ប៉ូលីយ៉ាកូវ ក៏ជាប់នៅលេខរៀងទី៧ផងដែរ នៃក្រុមអវកាសយានិក ដែលបានចំណាយពេលសរុបច្រើនថ្ងៃបំផុតក្នុងទីអវកាស ដោយគិតបញ្ចូលបេសកកម្មផ្សេងៗគ្នា។
បើគិតពីរយៈពេលនៃបេសកកម្មផ្សេងៗរួមបញ្ចូលគ្នាវិញ លោក ប៉ូលីយ៉ាកូវ បានចំណាយពេលសរុប៦៧៨ថ្ងៃនៅក្នុងទីអវកាស ខណៈអតីតអវកាសយនិករុស្ស៉ីមួយរូបទៀតគឺ លោក ហ្កេនណាឌី ប៉ាដាល់កា (Gennady Padalka) ដែលជាម្ចាស់កំណត់ត្រា៨៧៨ថ្ងៃ ស្ថិតនៅលេខរៀងទី១។ និយាយរួមទៅ ចាប់ពីលេខរៀងទី១ ដល់លេខរៀងទី៨ គឺសុទ្ធតែជាអវកាសយានិករបស់រុស្ស៉ី។
ដោយឡែកសម្រាប់សហរដ្ឋអាមេរិក អវកាសយានិកដែលបានស្នាក់នៅក្នុងទីអវកាសយូរថ្ងៃជាប់គ្នាបំផុត គឺលោក ស្កុត ខែលលី (Scott Kelly) ជាមួយកំណត់ត្រា៣៤០ថ្ងៃ ដែលសម្រេចបាននៅស្ថានីយអវកាសអន្តរជាតិកាលពីចន្លោះឆ្នាំ២០១៥-២០១៦។ យ៉ាងណាមិញ អវកាសយានិកអាមេរិកមួយរូបទៀត គឺលោក ម៉ាក វាន់ហេ (Mark Vande Hei) នឹងបំបែកកំណត់ត្រានេះ នៅពេលដែលលោកត្រូវត្រឡប់ចុះមកផ្ទៃផែនដីវិញនាខែមីនា ឆ្នាំ២០២២ ក្រោយចំណាយពេល៣៥៣ថ្ងៃ។
គួរបញ្ជាក់ថា បើគិតពីរយៈពេលសរុបនៃបេសកកម្មផ្សេងៗរួមបញ្ចូលគ្នា អាមេរិកមានលោកស្រី ផេហ្គី វីតសុន (Peggy Whitson) ដែលកាន់កំណត់ត្រា៦៦៥ថ្ងៃ និងស្ថិតនៅលេខរៀងទី៩ ក្រោមក្រុមអវកាសយានិករុស្ស៉ី៕