(ពិភពលោក)៖ ថ្វីត្បិតបើគិតជារួមភពផែនដីយើង មានមហាសមុទ្រតែមួយក៏ពិតមែន ប៉ុន្តែផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលគ្របដណ្តប់រហូតដល់ទៅ ៧១ភាគរយនៃផ្ទៃផែនដីទាំងមូលនេះ ត្រូវបានគេធ្វើការបែងចែកទៅតាមតំបន់នីមួយៗ អមទៅដោយឈ្មោះខុសៗគ្នា។ ទោះយ៉ាងណាមិញ ព្រំដែននៃតំបន់មហាសមុទ្រទាំងនេះ មានការវិវត្តផ្លាស់ប្ដូរជាបន្តបន្ទាប់ទៅតាមពេលវេលា ដោយផ្អែកទៅតាមហេតុផលនៃកត្តាផ្សេងៗ ដូចជាកត្តាប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ និងវិទ្យាសាស្ត្រជាដើម។
បើយោងទៅតាមប្រវត្តិសាស្រ្តតាំងពីដើមមកបានឲ្យដឹងថា ពិភពលោកយើងនេះមានអាងមហាសមុទ្រចំនួន៤ទីតាំង ដែលត្រូវបានគេដាក់ឈ្មោះឲ្យថា មហាសមុទ្រអាត្លង់ទិច មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា ព្រមទាំងមហាសមុទ្រអាក់ទិច។ ក៏ប៉ុន្តែនាបច្ចុប្បន្ននេះ មានប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ បានចាប់ផ្ដើមទទួលស្គាល់នូវតំបន់មហាសមុទ្រខាងត្បូង ឬមហាសមុទ្រអង់តាក់ទិច ដែលនៅជុំវិញទ្វីបទឹកកកអង់ទាក់ទិច ជាអាងមហាសមុទ្រទី៥។
គួរជម្រាបថា ប៉ាស៊ីហ្វិក អាត្លង់ទិច និងឥណ្ឌាគឺជាមហាសមុទ្រ ដែលត្រូវបានគេស្គាល់ទូទៅជាងគេ ខណៈមហាសមុទ្រខាងត្បូង គឺជាតំបន់ មហាសមុទ្រថ្មីបំផុត ដែលត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកថា ជាតំបន់មហាសមុទ្រ ដែលលាតសន្ធឹងពីឆ្នេរទ្វីបអង់តាក់ទិចរហូតដល់ ខ្សែបន្ទាត់ស្របទី៦០ ខាងត្បូងខ្សែអេក្វាទ័រ។ ការកំណត់ព្រំដែននៃមហាសមុទ្រខាងត្បូង ត្រូវបានស្នើទៅកាន់អង្គការជលសាស្រ្តអន្តរជាតិ (IHO) កាលពីឆ្នាំ២០០០។ ប៉ុន្តែមិនមែនប្រទេសទាំងអស់សុទ្ធតែឯកភាព ជុំវិញសំណើកំណត់ព្រំដែនមហាសមុទ្រថ្មីនេះឡើយ ទើបមកទល់ឥឡូវ បញ្ហានេះនៅមិនទាន់ត្រូវបាន IHO ផ្តល់សច្ចាប័ននៅឡើយទេ។
* ក្នុងចំណោមតំបន់មហាសមុទ្រទាំងអស់គឺ ប៉ាស៉ីហ្វិកមានទំហំធំជាងគេបំផុត៖
១៖ មហាសមុទ្រប៉ាស៉ីហ្វិក (១៦៨,៧២៣,០០០ គីឡូម៉ែត្រក្រឡា)
២៖ មហាសមុទ្រអាត្លង់ទិច (៨៥,១៣៣,០០០ គីឡូម៉ែត្រក្រឡា)
៣៖ មហាសមុទ្រឥណ្ឌា (៧០,៥៦០ ,០០០ គីឡូម៉ែត្រក្រឡា)
៤៖ មហាសមុទ្រខាងត្បូង (២១,៩៦០,០០០ គីឡូម៉ែត្រក្រឡា)
៥៖ មហាសមុទ្រអាក់ទិច (១៥,៥៥៨,០០០ គីឡូម៉ែត្រក្រឡា)៕