(ពិភពលោក)៖ នៅលើផែនដី អាងមហាសមុទ្រត្រូវបានបែងចែកចេញជា៥ ខណៈពួកវាមានសីតុណ្ហភាពខុសៗគ្នា ដោយមានខ្លះត្រជាក់ ខ្លះក្តៅ។ តើមហាសមុទ្រមួយណាទៅ ដែលក្តៅជាងគេ ហើយមួយណាដែលត្រជាក់ជាងគេ?
១៖ មហាសមុទ្រអាក់ទិច (Arctic Ocean)
មហាសមុទ្រអាក់ទិច ដែលស្ថិតនៅតំបន់ប៉ូលខាងជើង គឺជាមហាសមុទ្រត្រជាក់ជាងគេបង្អស់ នៅលើពិភពលោក ហើយក៏ជាមហាសមុទ្រតូចបំផុតផងដែរ ជាមួយទំហំ ១៥,៥៥៨,០០០គីឡូម៉ែត្រក្រឡា។ មហាសមុទ្រអាក់ទិច មានសីតុណ្ហភាពជាមធ្យមចន្លោះ ១ទៅ២ក្រោមសូន្យអង្សាសេ ដែលនាំឲ្យវាទទួលបានរហស្សនាមថា មហាសមុទ្រទឹកកក។
២៖ មហាសមុទ្រខាងត្បូង (Southern Ocean)
នៅចំណាត់ថ្នាក់លេខ២ នៃមហាសមុទ្រដែលត្រជាក់ជាងគេលើផែនដី គឺមហាសមុទ្រខាងត្បូង ដែលព័ទ្ធជុំវិញទ្វីបទឹកកកអង់តាក់ទិច នៃប៉ូលខាងត្បូង។ មហាសមុទ្រនេះ មានសីតុណ្ហភាពជាមធ្យមចន្លោះ ២ក្រោមសូន្យអង្សាសេ ទៅដល់១០អង្សាសេ។ ភូមិវិទូមួយចំនួន បានលើកឡើងថា មហាសមុទ្រខាងត្បូង មិនសមទទួលបានឋានៈជា មហាសមុទ្រមួយផ្សេងទៀតឡើយ ប៉ុន្តែអង្គការវិទ្យាសាស្រ្តអន្តរជាតិ និងប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បានទទួលស្គាល់មហាសមុទ្រនេះ។
៣៖ មហាសមុទ្រអាត្លង់ទិច (Atlantic Ocean)
មហាសមុទ្រអាត្លង់តិច គ្របដណ្តប់លើផ្ទៃផែនដីជិត ២០ភាគរយ។ មហាសមុទ្រនេះ មានកន្លែងខ្លះដែលស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំង ដូចជានៅក្បែរតំបន់ប៉ូលជាដើម ខណៈនៅក្បែរខ្សែអេក្វាទ័រ គឺវាមានអាកាសធាតុបែបត្រូពិច។ សីតុណ្ហភាពជាមធ្យម របស់មហាសមុទ្រអាត្លង់ទិច គឺចន្លោះ ២ក្រោមសូន្យអង្សាសេ ទៅដល់ ៣០អង្សាសេ។
៤៖ មហាសមុទ្រប៉ាស៉ីហ្វិក (Pacific Ocean)
មហាសមុទ្រប៉ាស៉ីហ្វិក មានទំហំផ្ទៃនិងបរិមាណទឹក ធំជាងនិងច្រើនមហាសមុទ្រអាត្លង់ទិចទ្វេដង។ វាលាតសន្ធឹងរវាងទ្វីបអាមេរិក អាស៉ី និងអូស្រ្តាលី លើផ្ទៃផែនដីជាង៣០ភាគរយ គឺមានទំហំធំជាងគេបង្អស់។ នៅតំបន់ក្បែរប៉ូលទាំងពីរ ទឹករបស់មហាសមុទ្រប៉ាស៉ីហ្វិក មានសីតុណ្ហភាពជាមធ្យម ១ក្រោមសូន្យអង្សាសេ ខណៈនៅតំបន់ក្បែរខ្សែអេក្វាទ័រ កម្រិតសីតុណ្ហភាពឡើងដល់ជាង ៣០អង្សាសេ។
៥៖ មហាសមុទ្រឥណ្ឌា (Indian Ocean)
ដោយសារមួយផ្នែកធំស្ថិតនៅតំបន់ត្រូពិច មហាសមុទ្រឥណ្ឌា គឺជាមហាសមុទ្រ ដែលក្តៅជាងគេនៅលើផែនដី។ មហាសមុទ្រនេះ មានសីតុណ្ហភាពជាមធ្យមចន្លោះ ២០ទៅ៣០អង្សាសេ ហើយវាមិនមានកន្លែងដែលត្រជាក់ខ្លាំង ដូចជាមហាសមុទ្រប៉ាស៉ីហ្វិក និងមហាសមុទ្រអាត្លង់ទិចនោះឡើយ៕