(ភ្នំពេញ)៖ តាំងពីបុរាណកាលមក មនុស្សយើងបានជឿថាព្រះអាទិត្យវិលជុំវិញភពផែនដី ដែលតែងរះឡើងពីទិសខាងកើត និងអស្ដង្គតនៅទិសខាងលិច ប៉ុន្តែក៏មានដែរនូវអ្នកប្រាជ្ញមួយចំនួនក្រោយៗមកទៀត ដែលបានសង្កេតឃើញថា គឺផែនដីរបស់យើងទៅវិញទេដែលវិញជុំវិញព្រះអាទិត្យនោះ។ តើអ្នកដឹងទេថា អ្នកណាដែលបានដឹងថាផែនដីវិលជុំវិញព្រះអាទិត្យមុនគេបង្អស់?
លោក អារីស្ដាកឃូស (Aristarchus of Samos) ត្រូវបានគេចាត់ទុកថាជាអ្នកដែលបាននិយាយអំពីរឿងនេះមុនគេបង្អស់។ លោកជាប្រជាជនក្រិករស់នៅកោះសាម៉ូស (Samos) ដែលប្រសូត្រឡើងនៅឆ្នាំ ៣១០ មុនគ្រិស្ដសករាជ និងទទួលមរណភាពទៅវិញនៅឆ្នាំ ២៣០ មុនគ្រិស្ដសករាជ។
អារីស្ដាកឃូស មិនត្រឹមអះអាងថា ផែនដី និងផ្កាយព្រះគ្រោះផ្សេងៗទៀតវិលជុំវិញព្រះអាទិត្យប៉ុណ្ណោះទេ គាត់ក៏អាចគណនាពីទំហំ និងរយៈចម្ងាយរវាងផែនដី-ព្រះអាទិត្យ និងរវាងផែនដី-ព្រះចន្ទបានផងដែរ។
លោកបានអះអាងទៀតថា មេឃមិនមែនជាឋានសួគ៌ដូចដែលមនុស្សគ្រប់គ្នាជឿនោះទេ តែវាគឺជាចក្រវាឡដ៏ធំមួយ ស្ទើរតែមិនអាចវាស់ទំហំបាន។ ការអះអាងរបស់ជនជាតិក្រិករូបនេះ មិនទទួលបានការគាំទ្រពីសំណាក់មហាជននាសម័យនោះឡើយ ព្រោះពួកគេបានជឿតាមទ្រឹស្ដីសាសនារួចទៅហើយថា ព្រះអាទិត្យ និងព្រះចន្ទ គឺសុទ្ធតែវិលជុំវិញភពផែនដី ហើយមេឃគឺជាឋានសួគ៌សម្រាប់ព្រះអាទិទេពគង់នៅ។ ថ្វីដ្បិតមហាជនសម័យនាសម័យនោះមិនបានចាត់ទុកអារីស្ដាកឃូសជាតារាវិទូ ប៉ុន្តែពួកគេបានចាត់ទុកលោកជាគណិតវិទូដ៏ឆ្នើមមួយរូប។
តាមកំណត់ត្រាទុកបានសរសេរថា អារីស្ដាកឃូសធ្លាប់បានសិក្សានៅសាលាលីស្យូម (Lyceum) របស់សូក្រាត ដែលជាសាលាដ៏ល្បីល្បាញមួយនៅប្រទេសក្រិកបុរាណជំនាន់ដើមផងដែរ។
មកដល់សម័យអរិយធម៌រ៉ូម៉ាំង (Roman Civilization) ចាប់ពីសតវត្សទី៧មុនគ្រិស្ដសករាជ ដល់សតវត្សទី៥នៃគ្រិស្ដសករាជ ទើបមានគេបានលើកយកទ្រឹស្ដីរបស់អារីស្ដាកឃូសមកនិយាយឡើងវិញ ដោយពួកគេបានចាត់ទុកលោកថាជាមនុស្សឆ្លាតវៃក្នុងវិស័យវិទ្យាសាស្ត្រគ្រប់ប្រភេទ។
ចាប់ពីមកដល់សតវត្សរ៍ទី១៦មកដល់ពេលបច្ចុប្បន្ន ទ្រឹស្ដីផែនដីវិលជុំវិញព្រះអាទិត្យរបស់អារីស្តាកឃូសត្រូវបានពិភពលោកយល់ស្របវិញ ពោលគឺក្រោយពីមានការបោះពុម្ពផ្សាយសៀវភៅ On the Revolution of the Heavenly Spheres របស់លោក នីកូឡាអ៊ូស កូពែរនីគូស (Nicolaus Copernicus) ដែលបានចេញផ្សាយនៅឆ្នាំគ្រិស្ដសករាជ ១៥១៤៕