(ភ្នំពេញ)៖ នៅក្នុងប្រព័ន្ធគណិតសាស្ត្រនាពេលបច្ចុប្បន្ន ការប្រើប្រាស់សញ្ញាស្មើ (=) ក៏ដូចជាសញ្ញាផ្សេងទៀត គឺពិតជាត្រូវការចាំបាច់ខ្លាំងណាស់ ដើម្បីបញ្ជាក់បង្គ្រប់ន័យនៃប្រព័ន្ធលេខនព្វន្ត ពិជគណិត ធរណីមាត្រ អនុគមន៍ ឬក៏សមីការជាដើម។ តើអ្នកដឹងទេថា សញ្ញាស្មើ (=) នេះមានប្រភពមកពីណា? អ្នកណាជាអ្នកបង្កើតសញ្ញាសម្គាល់នេះមុនគេ?

វាមិនមែនជាស្នាដៃរបស់ជនជាតិក្រិក ឬជនជាតិពែរ្ស ឬក៏ជនជាតិអារ៉ាប់នោះឡើយ តែវាជាស្នាដៃមួយរបស់អ្នកស្រុកថិនប៊ី (Tenby) ដែលស្ថិតនៅតាមឆ្នេរតូចមួយភាគខាងត្បូងប្រទេសវែលស៍។

នៅឆ្នាំគ្រិស្ដសករាជ ១៥១០ មានក្មេងអច្ឆរិយៈម្នាក់ឈ្មោះ រ៉ូបឺត រីខដ (Robert Recorde) បានកើតនៅទីនោះ ដោយរូបគេមានទេពកោសល្យខាងផ្នែកតារាសាស្ត្រ និងគណិតសាស្ត្រយ៉ាងចំណាន។ ក្រោយមក រ៉ូបឺត រ៉ាយខាត ក៏បានខ្ពង់ខ្ពស់ថ្កុំថ្កើងរហូតក្លាយជាគ្រូពេទ្យហ្លួងប្រចាំព្រះរាជវាំងក្រុងឡុងដ៍ ក្នុងរជ្ជកាលព្រះចៅអេដវើដទី៦ (King Edward VI of England and Ireland) និងព្រះមហេសីម៉ារី (Mary of Scots) ថែមទាំងបានក្លាយជាអ្នកមើលការខុសត្រូវក្នុងរោងចក្រផលិតប្រាក់កាក់អង់គ្លេសផងដែរ។

ក្រៅពីនេះ លោកមន្ត្រីរាជពេទ្យ រ៉ូបឺត ក៏បានសរសេរតម្រាគណិតសាស្ត្រដែលមានការពេញនិយមជាខ្លាំង ហើយអ្វីដែលល្បីល្បាញបំផុតនោះ គឺសៀវភៅ The Whetstone of Witte ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំគ្រិស្ដសករាជ ១៥៦៧។ នៅក្នុងការបង្ហាញអំពីលេខពិជគណិត លោកថែមទាំងបានបង្ហាញពីសញ្ញាសម្គាល់ម្យ៉ាង ដែលមានលក្ខណៈជាបន្ទាត់ស្របស្មើលើស្មើក្រោម (=) ដល់មហាជននាសម័យនោះផងដែរ។ សញ្ញានេះហើយដែលក្រោយមកគេហៅថា សញ្ញាស្មើ (=) នេះឯង។

ហេតុផលរបស់រ៉ូបឺតដែលប្រើសញ្ញាសម្គាល់នោះ គឺព្រោះគ្មានវត្ថុពីរណាដែលស្មើគ្នាបំផុតជាងសញ្ញានេះទៀតទេ តែសញ្ញាសម្គាល់នេះមិនបានទទួលការពេញនិយមភ្លាមៗទេ ផ្ទុយទៅវិញ សញ្ញាសម្គាល់ដែលគេប្រើជាទូទៅរហូតមកដល់សតវត្សទី១៧ គឺសញ្ញាសម្គាល់ I និង Ae (Æ) ដែលបំព្រួញមកពីពាក្យ Aequalis ប្រែថា «មិនលម្អៀង» ឬក៏ស្មើគ្នានោះឯង។

ទោះជាយ៉ាងណា មកដល់ពេលបច្ចុប្បន្ននេះ ពិភពលោកក៏បានយកសញ្ញាស្មើ (=) របស់លោក រ៉ូបឺត រីខដ មកប្រើឡើងវិញយ៉ាងពេញនិយម និងងាយស្រួលយល់បំផុត៕