(ពិភពលោក)៖ ថ្ងៃនេះ Fresh News Plus សូមនាំអារម្មណ៍លោកអ្នកមកស្គាល់ឧទ្យានជាតិទីក្រុងទាំង១០ដ៏ធំបំផុតនៅលើពិភពលោក។ តើពួកវាមានឈ្មោះអ្វីខ្លះ ហើយមានទំហំប៉ុនណាទៅ?
១៖ ឧទ្យាន Chugach State Park រដ្ឋអាឡាស្កា
Chugach State Park គឺជាឧទ្យានជាតិទីក្រុងដែលធំជាងគេបំផុតលើពិភពលោក ដែលមានទំហំលើសពី២០០,០០០ហិកតា ស្ថិតនៅក្នុងទីក្រុង Anchorage នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ ជាការពិត វាមានទំហំធំជាងឧទ្យានជាតិទីក្រុង Table Mountain National Park ដែលធំជាងគេលំដាប់ទី២ ដល់ទៅជិត១០ដងឯណោះ។
២៖ ឧទ្យាន Table Mountain National Park ប្រទេសអាហ្វ្រិកខាងត្បូង
Table Mountain National Park គឺជាឧទ្យានទីក្រុងដែលធំជាងគេលំដាប់ទី២ ស្ថិតនៅក្រុងខេបថោន (Cape Town) ប្រទេសអាហ្វ្រិកខាងត្បូង។ ឧទ្យានជាតិនេះមានទំហំ២២,១០០ហិកតា ហើយវាត្រូវបានដាក់ឈ្មោះតាមកំពូលភ្នំរាងសំប៉ែតមួយ ដែលមើលទៅដូចជាតុជ្រុង។
៣៖ ឧទ្យាន Margalla Hills National Park ប្រទេសប៉ាគីស្ថាន
Margalla Hills National Park គឺជាឧទ្យានជាតិទីក្រុងដែលធំលំដាប់ទី៣ វាមានទំហំ១៧,៣៨៦ហិកតា។ ឧទ្យានជាតិនេះស្ថិតនៅក្រុងអ៉ីស្លាមបាដ (Islamabad) រដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន។
៤៖ ឧទ្យាន Pedra Branca State Park ប្រទេសប្រេស៉ីល
Pedra Branca State Park គឺជាឧទ្យានជាតិទីក្រុងលំដាប់ទី៤ ស្ថិតក្នុងទីក្រុងរីយោដឺហ្សង់នែរ៉ូ (Rio de Janeiro) ដែលជាក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៉ីល។ ឧទ្យានជាតិទីក្រុងនេះមានទំហំ១២,៣៩៤ហិកតា ដោយគេបានផ្ដល់នាមមួយទៀតដល់ឧទ្យានជាតិនេះថា «ព្រៃទីក្រុង»។
៥៖ ឧទ្យាន McDowell Sonoran Preserve រដ្ឋអារីហ្សូណា
McDowell Sonoran Preserve ស្ថិតនៅក្នុងទីក្រុងស្កុតដាល (Scottsdale) ក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ ឧទ្យានជាតិទីក្រុងលំដាប់ទី៥នេះ មានទំហំ១២,៣០០ហិកតា ហ៊ុមព័ទ្ធទៅដោយវាលខ្សាច់សូណូរ៉ាន (Sonoran) ក៏អាចធ្វើដំណើរដោយថ្មើរជើង ជិះសេះ និងជិះកង់ក៏បាន។
៦៖ ឧទ្យាន Losiny Ostrov National Park ប្រទេសរុស្ស៉ី
ឧទ្យានជាតិទីក្រុងលំដាប់ទី៦ មានឈ្មោះថា Losiny Ostrov National Park ស្ថិតនៅក្នុងរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៉ី។ តាមពិតទៅ ឧទ្យានជាតិនេះមានទំហំ១១,៦០០ហិកតា ហើយវាគ្របដណ្តប់ដោយព្រៃឈើលើសពី ៨០% ខណៈដែលទំហំលើសពីពាក់កណ្តាលនៃឧទ្យាននេះ មិនបើកឱ្យចូលកម្សាន្តជាសាធារណៈនោះទេ។
៧៖ ឧទ្យាន Sanjay Gandhi National Park ប្រទេសឥណ្ឌា
Sanjay Gandhi National Park គឺយកឈ្មោះតាមអ្នកនយោបាយឥណ្ឌាដ៏មានឥទ្ធិពលមួយរូប ដែលមានទំហំ១០,៣៨៤ហិកតា ហើយស្ថិតក្នុងក្រុងម៉ុមបៃ (Mumbai) របស់ប្រទេសឥណ្ឌា។ ឧទ្យានជាតិទីក្រុងដែលធំលំដាប់ទី៧នេះ ផ្ទុកទៅដោយតំបន់ព្រៃឈើយ៉ាងធំ ហើយមានព្រៃឈើប្រមាណ១,៣០០ប្រភេទ។
៨៖ ឧទ្យាន Franklin Mountains State Park រដ្ឋតិចសាស់
ដូចដែលឈ្មោះរបស់វាបង្កប់ន័យស្រាប់ ឧទ្យានជាតិទីក្រុងលំដាប់ទី៨ Franklin Mountains State Park មានទីតាំងនៅជួរភ្នំហ្វ្រេងគ្លីន (Franklin) ដែលស្ថិតនៅក្នុងទីក្រុងអ៊ែលប៉ាសូ (El Paso) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ឧទ្យានជាតិនេះមានទំហំ៩,៨១២ហិកតា ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីអភិរក្សតំបន់ការពារទេសភាពវាលខ្សាច់ឈីហូហួន (Chihuahuan)។
៩៖ ឧទ្យាន Bayou Sauvage National Wildlife Refuge រដ្ឋល្វីស្យាណា
ឧទ្យានជាតិទីក្រុងលំដាប់ទី៩ មានឈ្មោះថា Bayou Sauvage National Wildlife Refuge ដែលបង្កើតឡើងដើម្បីការពារតំបន់វាលភក់ចុងក្រោយ ដែលនៅសេសសល់ក្នុងតំបន់។ ឧទ្យានជាតិនេះមានទំហំ៩,២១០ហិកតា ស្ថិតនៅក្រុងញូវអរលិន (New Orleans) រដ្ឋល្វីស្យាណា សហរដ្ឋអាមេរិក។
១០៖ ឧទ្យាន Bukhansan National Park ប្រទេសកូរ៉េខាងត្បូង
ឧទ្យានជាតិលំដាប់ទី១០ មានឈ្មោះថា Bukhansan National Park ស្ថិតនៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ពាក្យថា Bukhansan មានន័យថា ភាគខាងជើនៃទន្លេហាន។ វាមានទំហំ៧,៩៩២ហិកតា ហើយត្រូវបានជាប់កំណត់ត្រារបស់ Guinness Book of World Records ថាជាទីកន្លែងដែលមានអ្នកទៅទស្សនាច្រើនជាងគេបំផុត បើគិតជាទំហំឯកតា ហើយក្នុងមួយឆ្នាំៗ ឧទ្យានជាតិនេះទទួលអ្នកកម្សាន្តប្រមាណ៥លាននាក់៕