(ភ្នំពេញ)៖ នៅលើពិភពលោកនេះ តើមានសមុទ្រឯណាដែលថាគ្មានឆ្នេរគ្មានត្រើយ ប៉ុន្តែទីបំផុតរឿងដ៏ចម្លែកនេះនៅតែកើតមានទាល់តែបាន នោះគឺ «សមុទ្រគ្មានឆ្នេរ» ដែលវាមានតែមួយគត់នៅលើពិភពលោកយើងនេះ។ តើអ្នកដឹងទេថា សមុទ្រគ្មានឆ្នេរនោះមានឈ្មោះអ្វី ហើយស្ថិតនៅឯណា? តើវាមានលក្ខណពិសេសយ៉ាងដូចម្ដេច ទើបធ្វើឱ្យវាគ្មានឆ្នេរដូចសមុទ្រដទៃយ៉ាងដូច្នេះ?
សមុទ្រដ៏ចម្លែកតែមួយគត់នៅលើលោកនេះគឺមានឈ្មោះថា សមុទ្រសារហ្កាសសូ (Sargasso sea) ដែលជាតំបន់ទឹកប្រៃមួយនៅក្នុងលម្ហមហាសមុទ្រអាត្លង់ទិកភាគខាងជើង។
ដែនសមុទ្រសារហ្កាសសូគឺហ៊ុមព័ទ្ធដោយចរន្តទឹកសមុទ្រចំនួន៤ ជាហេតុធ្វើឱ្យវាមិនមានព្រំដែននៅជាប់នឹងដីគោកដូចគេឡើយ។ នៅភាគខាងកើតសមុទ្រសារហ្កាសសូ គឺចរន្តទឹកនៃឈូងសមុទ្រស្ត្រីម (Gulf Stream) ខណៈនៅខាងជើងវា គឺចរន្តទឹកមហាសមុទ្រអាត្លង់ទិកខាងជើង (North Atlantic Current) ចំណែកនៅភាគខាងកើតវិញ គឺចរន្តទឹកសមុទ្រខាណារី (Canary Current) រីឯភាគខាងត្បូង គឺចរន្តទឹកមហាសមុទ្រអាត្លង់ទិកដែលនៅក្បែរអេក្វាទ័រ (North Atlantic Equatorial Current)។ ចរន្តសមុទ្រទាំង៤នេះបង្កើតជាតំបន់សមុទ្រសារហ្កាសសូ ដែលប្លែកពីផ្នែកដទៃទៀតនៃមហាសមុទ្រអាត្លង់ទិក។
លក្ខណៈសម្គាល់ពិសេសនៃសមុទ្រសារហ្កាសសូ គឺវត្តមានសារាយសមុទ្រពណ៌ត្នោតម្យ៉ាងហៅថា សារហ្កាសសាំ (Sargassum)។ ទឹកសមុទ្រសារហ្កាសសូ ក៏មើលទៅថ្លាពិសេសប្លែកពីគេផងដែរ ដោយអាចមើលឃើញទៅក្រោមដល់ទៅ៦១ម៉ែត្រឯណោះ។
តំបន់សមុទ្រសារហ្កាសសូមានទីតាំងស្ថិតនៅចន្លោះខ្សែស្របទី២០ទៅដល់ទី៣៥នៃរយៈទទឹងខាងជើង ហើយនិងខ្សែបណ្តោយទី៤០ទៅដល់ទី៧០នៃរយៈបណ្តោយខាងលិច។ ទទឹងរបស់វាត្រូវគេប៉ាន់ស្មានថាមានប្រវែងប្រហែល១,១០០គីឡូម៉ែត្រ ខណៈបណ្តោយប្រមាណ៣,២០០ គីឡូម៉ែត្រ។
នៅក្បែរសមុទ្រនេះគឺមានប្រជុំកោះតូចៗមួយក្រុមដែលស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេស ខណៈប្រជុំកោះនេះមានឈ្មោះថា បឺរមូដា (Bermuda)៕