(ពិភពលោក)៖ កោះហ្គ្រីនលែន (Greenland) ជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ក៏ជាកោះធំជាងគេបំផុតនៅលើពិភពលោកផងដែរ។ នៅលើផ្ទៃកោះយក្សនេះ គឺផ្ទាំងទឹកកកសក្បុសគ្របដណ្តប់ជាអចិន្ត្រៃយ៍ប្រមាណ៧០ភាគរយឯណោះ ប៉ុន្តែតើហេតុអ្វីបានជាកោះនេះមានឈ្មោះ Greenland ដែលមានន័យថា «ដែនដីពណ៌បៃតង» បែបនេះទៅវិញ?
យោងតាមការសន្និដ្ឋានរបស់ក្រុមប្រវត្តិវិទូ បុរសម្នាក់ឈ្មោះ អេរីគ ស័រវ៉ាល់សុន (Erik Thorvaldsson) ដែលមានរហស្សនាមថា អេរីគសក់ក្រហម (Erik the Red) គឺជាអ្នកនៅពីក្រោយការបង្កើតឈ្មោះ «ហ្គ្រីនលែន» នេះឡើង កាលពីកំលុងសតវត្សទី១០។ អេរីគ ជាជនជាតិន័រវែសដែលរស់នៅប្រទេសអ៉ីស្លង់ ប៉ុន្តែត្រូវបានគេបង្ខំឲ្យនិរទេសចេញពីអ៉ីស្លង់ ក្រោយមានជម្លោះជាមួយអ្នកជិតខាង រហូតធ្វើឱ្យអ្នកជិតម្ខាងម្នាក់បាត់បង់ជីវិត។
ដូច្នេះហើយអេរីគក៏បានដឹកនាំមនុស្សមួយចំនួនចេញទូកធ្វើដំណើរឆ្ពោះទៅភាគខាងលិច ដើម្បីស្វែងករកដែនដីចចាមអារ៉ាមមួយ។ ទីបំផុត អេរីគបានទៅដល់កោះហ្គ្រីនលែន ហើយក៏ចាប់ផ្តើមតាំងទីលំនៅនៅទីនោះជាលើកដំបូងបំផុត។ អេរីគ ត្រូវគេជឿថាបានសម្រេចដាក់ឈ្មោះឲ្យដែនដីថ្មី ដែលសម្បូរទៅដោយទឹកកកនេះថា ហ្គ្រីនលែន ឬ ដែនដីបៃតង ក្នុងក្តីសង្ឃឹមថាវានឹងអាចទាក់ទាញឲ្យមានមនុស្សកាន់តែច្រើននាំគ្នាទៅរស់នៅលើកោះហ្គ្រីនលែននេះ។
គួរបញ្ជាក់ថា កោះហ្គ្រីនលែនមានផ្ទៃដីសរុប២.១៦៦លានគីឡូម៉ែត្រក្រឡា។ ផ្ទៃកោះហ្រ្គីនជាង៨០ភាគរយគ្របដណ្តប់ដោយព្រិលទឹកកក ប៉ុន្តែនៅម្តុំចុងភាគខាងត្បូងកោះនេះ ក៏មានរុក្ខជាតិដុះលូតលាស់ពណ៌បៃតងផងដែរនារដូវក្តៅ។ ពាក់ព័ន្ធប្រជាសាស្ត្រវិញ កោះហ្គ្រីនលែនប្រជាជនរស់នៅមានប្រហែលជាង៥០,០០០នាក់ ដែលភាគច្រើនជាជនជាតិភាគតិចហៅថា Inuit (អ៉ីណួត)៕