(ភ្នំពេញ)៖ មនុស្សភាគច្រើនតែងគិតថា ព្រះអាទិត្យរះនៅទិសខាងកើត ហើយក៏សន្មតទិសផ្សេងៗទៀតតាមក្រោយ ប៉ុន្តែមិនមែនសុទ្ធតែដូច្នោះទេ ព្រោះតាមពិតការដែលថាព្រះអាទិត្យរះនៅចំទិសខាងកើតនោះ ក្នុងមួយឆ្នាំមានតែពីរថ្ងៃប៉ុណ្ណោះ គឺពេលដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា។
* តើត្រូវធ្វើដូចម្ដេចទើបអាចដឹងថា ទិសណាទិសណី ប្រសិនបើអ្នកកំពុងស្ថិតនៅកណ្តាលព្រៃ ឬកំពុងវង្វេងទិស?
ជាធម្មតា នៅតំបន់ខ្លះ ព្រះអាទិត្យរះនៅទិសអាគ្នេយ៍ ហើយលេចទៅវិញនៅទិសនិរតី ឬរះនៅទិសឦសាន ហើយលេចទៅវិញនៅទិសពាយព្យ។ វិធីដ៏គួរឱ្យជឿជាក់ជាងនេះ គឺរង់ចាំឱ្យដល់ពេលយប់ដើម្បីមើលផ្កាយប្រាប់ទិស ដោយសម្លឹងរកក្រុមផ្កាយខ្លាឃ្មុំធំ (great bear or ursa major) ឬក្រុមផ្កាយបោយដងទឹកធំ (the big dipper) ខ្មែរតែងហៅហ្វូងផ្កាយក្រពើ ដែលមើលទៅដូចជាបោយទឹកដែលមានដងសម្រាប់ចាប់។
ពេលឃើញហើយ អូសខ្សែភ្ជាប់ផ្កាយទាំងពីរត្រង់មាត់បោយអូសខ្សែឡើងជារឿយៗ យើងនឹងឃើញផ្កាយឧត្តរដែលកំពុងចែងចាំង... វាមិននៅចំទិសខាងជើងទេ តែនៅខាងជើងល្មមជួយអ្នកដែលវង្វេងក្នុងព្រៃបាន។
ផ្កាយឧត្តរក៏មិនមែននៅចំទិសខាងជើងជានិច្ចដែរ រឿងនេះព្រោះតែផែនដីតែងផ្អៀងទៅមកខណៈវិលជុំវិញខ្លួនឯង។ ចូរគិតថា បើផែនដីមានរាងដូចបាល់ដែលកំពុងវិលជុំវិញស្នូលសន្មត ដែលស៊កកាត់ប៉ូលផែនដីទាំងសងខាង ដោយមានកម្លាំងទំនាញរបស់ព្រះចន្ទ និងព្រះអាទិត្យដែលធ្វើឱ្យស្នូលផ្អៀងបន្តិចៗ ចុងស្នូលផ្នែកខាងលើនឹងអូសជារូបរង្វង់មូល មានន័យថា វាមិនមែនចង្អុលទៅផ្កាយឧត្តរដោយត្រង់នោះទេ តែវានឹងរំកិលសន្សឹមៗទៅក្បែរ ឬឃ្លាតឆ្ងាយពីផ្កាយឧត្តរក៏មានដែរ។
នៅមានវិធីដែលឆ្លាតជាងនេះមួយទៀត នោះគឺការប្រើត្រីវិស័យ។ ត្រីវិស័យគឺតែងតែចង្អុលទៅទិសខាងជើងជានិច្ច មិនដែលចង្អុលទៅទិសផ្សេងឡើយ៕