(ភ្នំពេញ)៖ បក្សីរាប់លានប្រភេទសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗគ្នា ដោយបក្សីខ្លះអាចហើរខ្ពស់ៗបាន បក្សីខ្លះអាចសម្លឹងបានឆ្ងាយៗ បក្សីខ្លះបំបៅដោះកូន រីឯបក្សីខ្លះទៀតអាចចាប់ចំណីក្នុងទឹកបានទៀតផង ប៉ុន្តែវាមិនងាយនោះឡើយដែលថាបក្សីទាំងនោះអាចហើរថយក្រោយបាន។ តើមានបក្សីដែលអាចហើរថយក្រោយបានដែរទេ?
សត្វបក្សីហាំមីងបឺដ (Hummingbird) គឺជាអម្បូរសត្វបក្សីមានលក្ខណៈពិសេសដ៏គួរឱ្យចាប់អាម្មណ៍ និងមានសមត្ថភាពយ៉ាងអស្ចារ្យ។ ពួកវាមិនត្រឹមជាពពួកបក្សីដែលផ្លាស់ប្តូរទីជម្រកតាមរដូវកាល និងមានទំហំតូចជាងគេប៉ុណ្ណោះទេ តែក៏ជាសត្វបក្សីតែមួយគត់ដែលអាចហើរថយក្រោយបានផងដែរ។ បក្សីហាំមីងបឺដទទះស្លាបក្នុងទម្រង់ដូចទៅនឹងរាងលេខ៨ ដែលនាំឲ្យពួកវាអាចហើរថយក្រោយបានដោយងាយ។
ល្បឿននៃការទទះស្លាបរបស់សត្វបក្សីហាំមីងបឺដ អាចឈានដល់២០០ដងក្នុងមួយវិនាទី ហើយចង្វាក់បេះដូងរបស់ពួកវាបានលោតដល់១,២៦០ដងក្នុងមួយនាទី។ ការទទះស្លាបមហាសែនលឿនដូច្នេះហើយ ទើបធ្វើឲ្យបក្សីនេះបញ្ចេញសំឡេងរំញ័រនៅពេលហើរ និងត្រូវបានគេដាក់ឈ្មោះឲ្យថា «Hummingbird» តែម្តង។
ការធ្វើសកម្មភាពដ៏រហ័សបែបនេះបានជួយឲ្យរាងកាយពួកវាធ្វើប្រតិកម្មមេតាបូលីសិម (Metabolism) ដែលជាកត្តានាំឱ្យពពួកបក្សីប្រភេទនេះអាចមានអាយុវែងផងដែរ។ អម្បូរបក្សីហាំមីងបឺដញីមួយក្បាលធ្លាប់ត្រូវគេកត់ត្រាថារស់នៅបានរហូតដល់អាយុ១២ឆ្នាំឯណោះ។ សម្រាប់ក្រុមបក្សីហាំមីងបឺដនៅទ្វីបអាមេរិកខាងជើង គឺអាចរស់នៅបានជាមធ្យមចន្លោះពី៣-៥ឆ្នាំ។
ជាការពិតណាស់ បើតាមការស្រាវជ្រាវផ្នែកជីវសាស្ត្ររបស់បក្សីហាំមីងបឺដ គឺគេបានរកឃើញថាពពួកបក្សីនេះមានដើមកំណើតដំបូងនៅទ្វីបអាមេរិក៕