(ភ្នំពេញ)៖ ក្រដាសប្រាក់ប្លាស្ទិកមានលក្ខណៈពិសេសផ្នែកសន្តិសុខជាច្រើន ដែលក្រដាសប្រាក់ធម្មតាៗពុំមាន ក្នុងនោះរួមមានការប្រើប្រាស់ទឹកថ្នាំពិសេស ហៅថា Metameric ink ជាដើម។ ក្រៅពីនេះ ក្រដាសប្រាក់ប្លាស្ទិកអាចធន់បានយូរអង្វែងជាងក្រដាសប្រាក់ធម្មតា ដែលវាអាចជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាថ្លៃផលិត និងជំនួសក្រដាសប្រាក់ចាស់ៗ។ តើដឹងទេថាប្រទេសណាបោះពុម្ពក្រដាសប្រាក់ប្លាស្ទិកមុនគេបង្អស់?
ក្រដាសប្រាក់ប្លាស្ទិកសម័យទំនើបបច្ចុប្បន្ន ត្រូវបានអភិវឌ្ឍឡើងដំបូងនៅក្នុងប្រទេសអូស្រ្តាលី ដោយធនាគារកណ្តាល ទីភ្នាក់ងារស្រាវជ្រាវ វិទ្យាសាស្រ្ត CSIRO និងសាកលវិទ្យាល័យមែលប៊នរបស់អូស្រ្តាលី។ ក្រដាសប្រាក់ប្លាស្ទិកទាំងនោះ ត្រូវបានបោះពុម្ពចេញជាលើកទីមួយក្នុងប្រទេសអូស្រ្តាលីនៅឆ្នាំ១៩៨៨។ មកដល់ត្រឹមឆ្នាំ១៩៩៦ លុយដុល្លារអូស្រ្តាលី (A$) ត្រូវបានផ្លាស់ប្តូរទាំងស្រុងពីក្រដាសប្រាក់ធម្មតាទៅជាក្រដាសប្រាក់ប្លាស្ទិក។
ប្រទេសរ៉ូម៉ានី (Romania) បានក្លាយជាប្រទេសដំបូងគេបង្អស់ប្រចាំនៅតំបន់អឺរ៉ុប ដែលបានបោះពុម្ពក្រដាសប្លាស្ទិកនៅឆ្នាំ១៩៩៩ ហើយបានក្លាយជាប្រទេសទី៣នៅលើពិភពលោក ដែលបានប្តូរក្រដាសប្រាក់ធម្មតាទាំងស្រុងទៅជាក្រដាសប្រាក់ប្លាស្ទិកនៅឆ្នាំ២០០៣ បន្ទាប់ពីប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់។
រូបិយបណ្ណដទៃទៀតដែលត្រូវបានផ្លាស់ប្តូរទៅជាក្រដាសប្រាក់ប្លាស្ទិកទាំងស្រុង រួមមានដូចជា៖
* លុយដុង (đồng) របស់ប្រទេសវៀតណាម (ឆ្នាំ២០០៦)។
* លុយដុល្លារព្រុយណេរបស់ប្រទេសព្រុយណេ (ឆ្នាំ២០០៦)។
* លុយគីណា (kina) របស់ប្រទេសប៉ាពូនូវែលហ្គីណេ (ឆ្នាំ២០០៨)។
* លុយដុល្លារកាណាដារបស់ប្រទេសកាណាដា (ឆ្នាំ២០១៣)។
* លុយរូហ្វីយ៉ា (rufiyaa) របស់ប្រទេសម៉ាល់ឌីវ (ឆ្នាំ២០១៧)។
* លុយអ៊ូហ្គុយយ៉ា (ouguiya) របស់ប្រទេសម៉ូរីតានី (ឆ្នាំ២០១៧)។
* លុយគ័រដូបានី (córdoba) របស់ប្រទេសនីហ្ការ៉ាហ្កា (ឆ្នាំ២០១៧)។
* លុយវ៉ាទូ (vatu) របស់ប្រទេសវ៉ានូទូ (ឆ្នាំ២០១៧)។
* លុយដុល្លាររបស់តំបន់ភាគខាងកើតសមុទ្រការីបង់ (ឆ្នាំ២០១៩)។
* លុយផោន (Pound) របស់ចក្រភពអង់គ្លេស (ឆ្នាំ២០២១)។
គិតមកទល់ឥឡូវ ប្រទេសដែលបានដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ប្លាស្ទិក រួមមាន នីហ្សេរីយ៉ា (Nigeria) កាប់វែរ (Cape Verde) ស៉ីលី (Chile) ហ្កំប៊ី (Gambia) ទ្រីនីដាដនិងតូបាហ្គោ (Trinidad and Tobago) វៀតណាម (Vietnam) ម៉ិកស៉ិក (Mexico) សិង្ហបុរី (Singapore) ម៉ាឡេស៉ី (Malaysia) បុតស្វាណា (Botswana) សៅតូម៉េនិងប្រាំងស៉ីប (São Tomé and Príncipe) ម៉ាសេដ្វានខាងជើង (North Macedonia) រុស្ស៉ី (Russia) សូឡូម៉ុន (Solomon) សាម័រ (Samoa) ម៉ារ៉ុក (Morocco) អាល់បានី (Albania) ស្រីលង្កា (Sri Lanka) ហុងកុង (Hong Kong) អ៉ីស្រាអែល (Israel) ចិន (China) កូវ៉ែត (Kuwait) ម៉ូសំប៊ិក (Mozambique) អារ៉ាប៊ីសាអូឌីត (Saudi Arabia) ក្វាតេម៉ាឡា (Guatemala) ហៃទី (Haiti) លីប៊ី (Libya) ម៉ូរីស (Mauritius) កូស្តារីកា (Costa Rica) ហុងឌូរ៉ាស (Honduras) អង់ហ្គោឡា (Angola) ណាមីប៊ី (Namibia) លីបង់ (Lebanon) និងអេហ្ស៉ីប (Egypt)៕