(ពិភពលោក)៖ ជាទូទៅនៅពេលមេឃស្រឡះល្អ យើងមើលឃើញផ្ទៃមេឃមានពណ៌ខៀវ ប៉ុន្តែតើអ្នកធ្លាប់នឹកឆ្ងល់ក្នុងចិត្តដែរឬទេថា តើវាមកពីមូលហេតុអ្វី។
ពន្លឺដែលបញ្ចេញមកពីព្រះអាទិត្យ មើលទៅមានពណ៌ស ប៉ុន្តែតាមពិតវាផ្សំឡើងពីពណ៌ទាំង៧ ដែលពួកយើងឃើញក្នុងឥន្ទធនូ។ នៅពេលពន្លឺសរបស់ព្រះអាទិត្យ ចាំងឆ្លងកាត់គ្រីស្តាល់រាងពិសេសម៉្យាងហៅថា «ព្រីសិម (Prism)» ពន្លឺនោះត្រូវពត់ពែន ហើយបំបែកទៅជាពណ៌ទាំងអស់របស់វា។ ពន្លឺពណ៌ទាំងនេះដែលយើងមើលឃើញផ្ទាល់ភ្នែក គ្រាន់តែជាចម្រៀកតូចមួយប៉ុណ្ណោះ នៃប្រភេទថាមពលពន្លឺទាំងឡាយ ដែលបាញ់ជះនៅជុំវិញចក្រវាឡ និងជុំវិញខ្លួនពួកយើង។
កាំពន្លឺទាំង៧ពណ៌របស់ព្រះអាទិត្យ ធ្វើដំណើរក្នុងទម្រង់ជាខ្សែរលក ដែលមានលក្ខណៈខ្លីនិងវែងខុសៗគ្នា។ ក្នុងចំណោមនោះពន្លឺពណ៌ខៀវមានលក្ខណៈខ្លី ជាងពន្លឺពណ៌ក្រហម។ ចូរចាំថាពន្លឺធ្វើដំណើរលើខ្សែបន្ទាត់ត្រង់ លុះត្រាតែអ្វីម៉្យាងទៅពាំងផ្លូវវា។ ឧទាហរណ៍ កញ្ចក់នឹងបំផ្លាតវា, គ្រីស្តាល់ដូចជា «ព្រីសិម» នឹងពត់ពែនវា រីឯម៉ូលេគុលឧស្ម័ននៅក្នុងបរិយាកាស នឹងស្រូបយក ហើយបាចសាយវាឲ្យរប៉ាត់រប៉ាយ។
នៅពេលពន្លឺព្រះអាទិត្យចូលមកដល់បរិយាកាសនៃភពផែនដី វានឹងត្រូវម៉ូលេគុលឧស្ម័ន ព្រមទាំងភាគល្អិតតូចៗនៅក្នុងខ្យល់អាកាសស្រូបយក ហើយបញ្ចេញបាចសាចទៅវិញនៅគ្រប់ទិសទីទាំងអស់ ពាសពេញផ្ទៃមេឃ។ ក្នុងចំណោមកាំពន្លឺទាំង៧ពណ៌ កាំពន្លឺដែលមានលក្ខណៈជា ខ្សែរលកខ្លីៗនិងតូចៗដូចជា ខៀវនិងស្វាយ គឺត្រូវបានចាប់យក ហើយបាចសាចខ្លាំងជាងពណ៌ដទៃទៀត។ ប៉ុន្តែដោយសារ ភ្នែកយើងមានរំញោចខ្លាំង ជាមួយពណ៌ខៀវ ជាជាងពណ៌ស្វាយ ហេតុនេះហើយទើប យើងមើលផ្ទៃមេឃឃើញចេញខៀវ។
បើក្រឡេកមើលនៅជិតជើងមេឃវិញ ផ្ទៃមេឃហាក់មានពណ៌ខៀវស្រាល ឬក៏សតែម្តង។ មូលហេតុគឺព្រោះតែពន្លឺព្រះអាទិត្យដែលជះមកដល់យើង តាមបណ្តោយជើងមេឃ ត្រូវឆ្លងកាត់បរិយាកាសក្រាស់ជាង ពន្លឺព្រះអាទិត្យដែលមកដល់យើងចំពីខាងលើ។ ស្របពេលដែលពន្លឺព្រះអាទិត្យឆ្លងកាត់បរិយាកាសកាន់តែក្រាស់ ម៉ូលេគុលឧស្ម័នក៏បានចាប់យក និងបាចសាចកាំពន្លឺពណ៌ខៀវកាន់តែខ្លាំងដែរ ទៅកាន់ទិសដៅជាច្រើន។ មួយវិញទៀត គឺផ្ទៃផែនដីក៏ចាំងផ្លាត ព្រមទាំងបាចសាចពន្លឺព្រះអាទិត្យដែរ។ កត្តាទាំងនេះធ្វើឲ្យពណ៌ពន្លឺលាយឡំចូលគ្នាម្តងទៀត ដែលជាហេតុបណ្តាលឲ្យយើងមើលឃើញពណ៌ស ជាជាងពណ៌ខៀវ។
* ហេតុអ្វីនៅពេលថ្ងៃលិច ធ្វើឲ្យផ្ទៃមេឃមានពណ៌ក្រហមឬទឹកក្រូច?
នៅពេលដែលព្រះអាទិត្យ ចុះមកទាបនៅលើផ្ទៃមេឃ ពន្លឺរបស់វាត្រូវឆ្លងកាត់បរិយាកាសក្រាស់ ទើបអាចមកដល់ពួកយើង។ ហេតុដូច្នេះពន្លឺពណ៌ខៀវកាន់តែត្រូវបាចសាច ហើយធ្វើឲ្យកាំពន្លឺពណ៌ក្រហម និងកាំពន្លឺពណ៌លឿង ឆ្លងផុតមកដល់ភ្នែករបស់យើងផ្ទាល់។
* តើផ្ទៃមេឃនៅភពដទៃទៀតមានពណ៌ខៀវ ដូចនៅភពយើងដែរឬទេ?
វាត្រូវអាស្រ័យទៅលើសារធាតុនៅក្នុងបរិយាកាសនៃភពទាំងនោះ។ ឧទាហរណ៍ ភពអង្គារ (Mars) មានបរិយាកាសដ៏ស្តើងខ្លាំង ដែលផ្សំឡើងពីឧស្ម័នកាបូនិចភាគច្រើន ហើយពោរពេញទៅដោយភាគល្អិតនៃធូលីដីតូចៗបំផុត។ ភាគល្អិតទាំងនេះបាចសាចពន្លឺខុសពីម៉ូលេគុលឧស្ម័ន និងភាគល្អិត នៅក្នុងបរិយាកាសរបស់ផែនដី។
រូបភាពពីយានរ៉ូបូតរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលស្ថិតនៅលើភពអង្គារ (Mars) បានបង្ហាញឲ្យឃើញថា ថ្ងៃលិចនៅទីនោះ គឺផ្ទុយស្រឡះពីអ្វីដែលយើងធ្លាប់តែឃើញនៅលើផែនដី។ កំលុងពេលថ្ងៃ ផ្ទៃមេឃរបស់ភពអង្គារ មានពណ៌ទឹកក្រូចឬក្រហម ប៉ុន្តែនៅពេលព្រះអាទិត្យលិច ផ្ទៃមេឃនៅជុំវិញព្រះអាទិត្យចាប់ផ្តើម ផ្លាស់ប្តូរទៅរកពណ៌ខៀវ-ប្រផេះវិញ៕