(ភ្នំពេញ)៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិននាពេលបច្ចុប្បន្នគឺកំពុងមានភាពជិតស្និទ្ធនឹងគ្នាយ៉ាងខ្លាំង ក្នុងនោះកម្ពុជា-ចិនបានក្លាយជាមិត្តដែកថែបនឹងគ្នា ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប៉ុន្តែតើអ្នកដឹងទេថាកម្ពុជា-ចិនបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាដំបូងបង្អស់តាំងពីេពលណាមក?
ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិនបានពន្លាតយ៉ាងវែងឆ្ងាយតាំងពីប្រមាណជាង២ពាន់ឆ្នាំមកហើយ ពោលគឺតាំងពីសម័យនគរភ្នំ ដែលចិនហៅថា «នគរហ្វូណន», នេះបើតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន។ ប៉ុន្តែបើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់សាស្ត្រាចារ្យ ត្រឹង ងា បានពន្យល់ថា ថ្វីដ្បិតទំនាក់ទំនងរវាងរាជការខ្មែរនិងរាជការចិនបានចាប់ផ្ដើមចាប់ពីសម័យនគរភ្នំក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ គឺកើតមានតាំងពីមុនសម័យនគរភ្នំមកម្ល៉េះ ដោយគេបានស្រាវជ្រាវដឹងថាជនជាតិចិនបានមកដល់ទឹកដីអាស៉ីអាគ្នេយ៍ ធ្វើជំនួញជួញដូរជាមួយអ្នកស្រុកនេះជាយូរមកហើយ នេះក៏ព្រោះតែជនជាតិចិនមានអារ្យធម៌យូរលង់ អាចធ្វើសំពៅបរជិះតាមសមុទ្របានឆ្ងាយ។
យោងតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន នៅសម័យរាជវង្សហាន (Han dynasty 202 BC-220 AD) ពិសេសគឺសម័យហានខាងកើត (Eastern Han (25–220 AD) ទំនាក់ទំនងរវាងរាជការខ្មែរនិងរាជការចិនក៏បានផ្ដើមជាលើកដំបូងបង្អស់។ ជាក់ស្ដែង បើតាមរាជពង្សាវតាហានខាងកើត នាគ្រិស្ដសករាជឆ្នាំ៨៤ ត្រូវនឹងសករាជយៀនហឺឆ្នាំទី១នៃរជ្ជកាលអធិរាជចាង (Emperor Zhang of Han) ព្រះមហាក្សត្រនគរភ្នំបានបញ្ជូនរាជទូតទៅកាន់រាជធានីឡកយ៉ាង (Luoyang) ដោយបាននាំបណ្ណាការមានដូចជាកុយរមាស មាន់ព្រៃរោមស និងវត្ថុប្រចាំតំបន់ផ្សេងទៀតទៅថ្វាយស្ដេចមហាហាន ហើយអធិរាជហានចាងក៏បានប្រទានព្រះរាជអំណោយថ្វាយព្រះមហាក្សត្រនគរភ្នំវិញផងដែរ។ កុយរមាស គឺជាស្នែងរបស់សត្វរមាស និងជាឱសថមួយដ៏កម្រ។ បើតាមរាជពង្សាវតាហានខាងកើតបានបញ្ជាក់ទៀតថា កុយរមាស និងមាន់ព្រៃរោមស គឺជាផលិផលប្រចាំតំបន់របស់នគរភ្នំ។
សៀវភៅប្រវត្តិសាស្ត្រខ្មែរ និងសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន សុទ្ធតែមិនបានបញ្ជាក់អំពីព្រះនាមព្រះមហាក្សត្រនគរភ្នំនោះឡើយ ក៏ប៉ុន្តែបើតាមឆ្នាំដែលព្រះរាជាខ្មែរបញ្ជូនបណ្ណាការទៅថ្វាយស្ដេចចិននៅឆ្នាំ៨៤នោះ គឺត្រូវនឹងរជ្ជកាលព្រះបាទហ៊ុនទៀន និងព្រះនាងលាវយី ដែលជាក្សត្រស្ថាបនិកអាណាចក្រភ្នំនោះឯង ខណៈសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិនក៏បានបញ្ជាក់ដែរថា ការថ្វាយបណ្ណាការពីសំណាក់ស្ដេចក្រុងភ្នំថ្វាយស្ដេចក្រុងចិននេះ គឺជាទំនាក់ទំនងលើកដំបូងរវាងចក្រភពហាន និងហ្វូណនដែលជារដ្ឋទើបនឹងកកើតថ្មី។
សូមជម្រាបថា នៅសម័យដើមគ្រិស្ដសករាជ អាណាចក្រភ្នំគឺជាអាណាចក្រដែលសំខាន់ជាងគេនៅអាស៉ីអាគ្នេយ៍។ ពាក្យខ្មែរបុរាណហៅ «កុរុងវ្នំ» ខណៈបច្ចុប្បន្នក្លាយមកហៅថា «ក្រុងភ្នំ» ប៉ុន្តែកាលពីសម័យដើមនោះ ជនជាតិចិនហៅឈ្មោះតាមអ្នកស្រុកអាយមិនច្បាស់ក៏ចេញសំនៀងថា «ហ្វូណន»៕