(ភ្នំពេញ)៖ នៅប្រទេសចិន អ្វីដែលល្បីល្បាញខ្លាំងជាងគេនោះគឺមហាកំពែងចិន (Great Wall of China) និងមហាព្រែកជីកប៉េកាំង-ហាងចូវ (Grand Canal) ដែលជាមហាស្ថាបត្យកម្មបុរាណដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ប៉ុន្តែនៅមានមហាស្ថាបត្យកម្មបុរាណមួយទៀត ដែលមានតម្លៃប្រហាក់ប្រហែលនឹងសំណង់ទាំងពីរនេះដែរ។ តើស្ថាបត្យកម្មបុរាណមួយទៀតនោះ គឺជាអ្វី?
មហាសំណង់ស្ថាបត្យកម្មបុរាណដ៏អស្ចារ្យមួយទៀតរបស់ប្រទេសចិនគឺទូជាំងយៀន (Dujiangyan) ដែលជាសំណង់ទំនប់ទឹកដ៏អស្ចារ្យមួយមានអាយុកាលចាស់ជាងគេបំផុតនៅលើពិភពលោក។ សំណង់ទំនប់នេះស្ថិតនៅភាគខាងលិចទីក្រុងទូជាំងយៀន ខេត្តស៊ីឈួន (Sichuan) ពោលគឺស្ថិតតាមបណ្ដោយទន្លេមីងជាំង (Minjiang) ភាគខាងកើតតំបន់ទំនាបឆឹងទូ (Chengdu)។ ទំនប់ទឹកនេះដើរតួនាទីក្នុងការគ្រប់គ្រងទឹកជំនន់ និងជាប្រព័ន្ធធារាសាស្ត្រសម្រាប់តំបន់និងទីក្រុងជាង៣០នៅប្រទេសចិន។ ទូជាំងយៀន ត្រូវបានស្ថាបនាឡើងនាសម័យរាជវង្សឈីង (Qin dynasty) ឆ្នាំ២៥៦មុនគ្រិស្តសករាជ ពោលគឺមានរយៈកាលជាង២ពាន់ឆ្នាំមកហើយ។
ពីដើមមក នៅតំបន់វាលទំនាបឆឹងទូធ្លាប់មានគ្រោះទឹកជំនន់នៅរដូវវស្សា និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅរដូវប្រាំង នេះក៏ដោយសារបរិមាណទឹកដ៏ច្រើនដែលហូរមកតាមទន្លេមីងជាំង។ នាសម័យបុរាណនោះ នៅពេលដែលទឹកជំនន់ទន្លេមីងជាំងឡើងហួសខ្សែកំណត់ ផ្ទៃទឹកនៅតំបន់ទំនាបឆឹងទូប្រៀបដូចជាមហាសមុទ្រដ៏ធំល្វឹងល្វើយ នៅពេលជួបគ្រោះរាំងស្ងួត ទីនេះក៏ប្រែទៅជាវាលរហោស្ថានវិញ សូម្បីតែស្រូវមួយគ្រាប់ក៏មិនបានប្រមូលផលដែរ។ គ្រោះធម្មជាតិទាំងនេះគឺជាឧបសគ្គធំមួយក្នុងការរស់នៅ និងការអភិវឌ្ឍរបស់ប្រជារាស្ត្របុរាណចិន។
លុះដល់ចុងសម័យនគរសង្គ្រាម (Warring States period) នគរឈីងដែលជានគរមួយក្នុងចំណោមនគរជាច្រើនទៀតនោះ បានក្លាយជាមហាអំណាចរុងរឿងមួយ ស្ដេចឈីងព្រះនាម ចាវ ស៊ាង (King Zhaoxiang of Qin) បានតែងតាំង លី ពីង (Li Bing) ដែលជាអ្នកមានចំណេះដឹងខាងតារាសាស្ត្រ ភូមិសាស្ត្រ ឱ្យធ្វើជាមេដឹកនាំប្រចាំតំបន់រដ្ឋបាលស៊ូ (Shu)។ លី ពីង បានប្តេជ្ញាចិត្តទប់ស្កាត់គ្រោះទឹកជំនន់ទន្លេមីងជាំង ការពារប្រជារាស្ត្រ អភិវឌ្ឍកសិកម្ម បង្កើនសេដ្ឋកិច្ចនគរឈីង។ ដើម្បីសម្រេចបានគោលដៅនេះ លោកម្ចាស់ លី បានបង្កើតប្រព័ន្ធធារាសាស្រ្តនៅទូជាំងយៀន ដោយលោកបានដឹកនាំការស្ថាបនាទំនប់ និងជីកព្រែកបំបែកខ្សែទឹកទន្លេមីងជាំងជា២ខ្សែ ដែលមានរាងដូចជា «មាត់ត្រី»។ ខ្សែទី១នៅខាងលិចហៅថា ទន្លេក្រៅ គឺជាបណ្តាញទឹកហូរពីទន្លេមីងជាំង វាជួយឱ្យតំបន់នោះជៀសផុតពីទឹកជំនន់។ ខ្សែទី២នៅខាងកើតហៅថា ទន្លេក្នុង ដែលត្រូវបានជីកដោយកម្លាំងមនុស្សសម្រាប់ធ្វើជាកន្លែងស្ទាក់ទឹកទុក ឬអាងស្តុកទឹក ជួយឱ្យតំបន់ឆឹងទូរួចផុតពីគ្រោះទឹកជំនន់នៅរដូវវស្សា ហើយនៅរដូវប្រាំងអាចបង្ហូរទឹកចូលស្រែរបស់ប្រជារាស្ត្របាន។ អត្ថប្រយោជន៍របស់អាងស្តុកទឹកនេះ គឺនៅពេលដែលកម្រិតទឹកទន្លេក្នុងឡើងខ្ពស់ ទឹកទាំងនោះនឹងត្រូវហៀរមកក្រៅតាមផ្លូវទឹកមួយរាងដូចកដប។ ប្រសិនបើជួបបញ្ហាទឹកជំនន់ខ្លាំង ទឹកមួយភាគធំនឹងហៀរចេញពីទំនប់ចាក់ទៅទន្លេមីងជាំងចុះទៅក្រោម។
គិតចាប់ពីការបញ្ចប់ការដ្ឋានសាងសង់ទំនប់ទូជាំងយៀនរហូតមកដល់បច្ចុប្បន្ននេះ ដីនៅក្រុងឆឹងទូបានប្រែពីដីខ្សោះជីវជាតិក្លាយជាដីមានជីវជាតិ ពីទីកន្លែងជួបគ្រោះទុរភិក្សមកជាទឹកដីសម្បូរសប្បាយ។ រឿងដែលអស្ចារ្យលើសនេះ គឺវាមានអាយុកាលជាង២ពាន់ឆ្នាំមកហើយ ប៉ុន្តែសំណង់នៅតែរឹងមាំបានយូរអង្វែង។ ជាងនេះទៅទៀត វាក៏បានធ្វើឱ្យសង្គមនិងសេដ្ឋកិច្ចមានការអភិវឌ្ឍខ្លាំងផងដែរ។ អាងស្តុកទឹកនេះអាចស្រោចស្រពលើផ្ទៃដីកសិកម្មរហូតដល់៥,៣០០គីឡូម៉ែត្រក្រឡា។
សូមជម្រាបថា នៅឆ្នាំ២០០០ មហាសំណង់ស្ថាបត្យកម្មបុរាណ «ទូជាំងយៀន» ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបានទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរមកពីជុំវិញពិភពលោក «សមិទ្ធផលរបស់ លី ពីង ត្រូវបានបង្ហាញឱ្យមនុស្សជាតិនាសម័យបច្ចុប្បន្នបានស្គាល់យ៉ាងទូលំទូលាយ»៕
ប្រភព៖ សៀវភៅវប្បធម៌ចិន «ទេសភាព និងស្ថាបត្យកម្ម»