(ភ្នំពេញ)៖ ធម្មជាតិបានបង្កើតរឿងអស្ចារ្យយ៉ាងច្រើននៅលើផែនដី ក្នុងនោះក៏បានបង្កើតនូវជំនោរទន្លេដែលជាមរតកទេសភាពដ៏អស្ចារ្យឱ្យយើងគ្រប់គ្នាបានឃើញ។ នៅក្នុងអត្ថបទនេះ Fresh News Plus សូមបង្ហាញអំពី «ជំនោរទន្លេធំជាងគេនៅលើពិភពលោក» មកបង្ហាញជូនប្រិយមិត្តឱ្យបានជ្រាប។
ជំនោរទន្លេដែលធំជាងគេនៅលើពិភពលោកនោះគឺជំនោរទន្លេឈានថាង (Qiantang river tides) នៅប្រទេសចិន។ ទន្លេឈានថាង គឺជាទន្លេធំបំផុតនៅក្នុងខេត្តជឺជាំង (Zhejiang) ភាគខាងកើតប្រទេសចិន។ ទន្លេនេះគ្របដណ្តប់លើផ្ទៃដីប្រមាណ៥៥,០០០គីឡូម៉ែត្រក្រឡា និងហូរចាក់ទៅក្នុងសមុទ្រចិនខាងកើត ត្រង់ទីក្រុងហាងចូវ (Hangzhou) នៃខេត្តជឺជាំងនោះឯង។
ជំនោរទន្លេឈានថាងផ្ដល់នូវទេសភាពយ៉ាងល្អឯកប្រៀបដូចជាមរតកធម្មជាតិដ៏អស្ចារ្យ។ មូលហេតុដែលធ្វើឱ្យជំនោរទន្លេឈានថាងមានភាពរុងរឿងបែបនេះ គឺដោយសារតែមានលក្ខខណ្ឌភូមិសាស្ត្រដ៏ពិសេស។ នៅខាងក្រៅទន្លេឈានថាង គឺជាឆកសមុទ្រហាងចូវ ដោយនៅខាងក្រៅធំទូលាយតែទឹករាក់ ខាងក្នុងតូចចង្អៀតតែទឹកជ្រៅ ជាឆកសមុទ្រដែលមានរាងដូចត្រែ (ឧបករណ៍ ភ្លេងម្យ៉ាងធ្វើអំពីស្ពាន់សម្រាប់ ផ្លុំ ឬប្រគំនៅពេលត្រួតពល)។ រយៈទទឹងផ្ទៃទន្លេនេះគឺលាតសន្ធឹងរហូតដល់១០០គីឡូម៉ែត្រ ផ្នែកខ្លះមានប្រវែង២០គីឡូម៉ែត្រ ហើយផ្នែកដែលខ្លីបំផុតក៏មានប្រវែង៣គីឡូម៉ែត្រដែរ។
នៅពេលមានជំនោរទន្លេម្ដងៗ មាត់ឆកសមុទ្រហាងចូវក៏ស្រាប់តែលេចចេញទឹកសមុទ្រយ៉ាងច្រើន។ ដោយសារតែទឹកទន្លេស្រកចុះយ៉ាងឆាប់រហ័ស ហើយទឹករលកដែលរាលដាលតាមផ្លូវមិនអាចកើនឡើងទាន់ល្បឿននៃទឹកឡើង បណ្តាលឱ្យមានរលកក្រោយរុញច្រានរលកមុខ
ធ្វើឱ្យរលកមួយខ្ពស់ជាងរលកមួយ។
មានរឿងព្រេងមួយដែលទាក់ទងនឹងជំនោរទន្លេនេះបានដំណាលថា៖ គឺក្នុងរជ្ជកាលឈុនឈីវ (Chunqiu period) ត្រូវនឹងឆ្នាំ៧៧០-៤៧៦មុនគ្រិស្ដសករាជ មាននគរមួយឈ្មោះថា នគរអ៊ូ (Wu state) ហើយស្តេចនគរអ៊ូព្រះនាម ហ្វូឆាយ (Fuchai) បានធ្វើចម្បាំងឈ្នះនគរយៀក (Yue state) ដែលមានទីតាំងនៅខេត្តជឺជាំង។ ស្តេចនគរយៀកព្រះនាម គ័រជាន (Goujian) ព្រមដាក់នគរយៀករបស់ខ្លួនចំណុះក្រោមនគរអ៊ូ ហើយធ្វើជាទាសករនៅនគរអ៊ូ ប៉ុន្តែព្រះអង្គបានលួចបង្វឹកកងទ័ពស្ងាត់ៗ ក្នុងគោលបំណងស្តារនគរយៀកឡើងវិញនៅថ្ងៃខាងមុខ។ រឿងរ៉ាវនេះត្រូវបានដឹងឮដល់មន្ត្រីនគរអ៊ូម្នាក់ឈ្មោះ អ៊ូ ជឺស៉ី (Wu Zixu) ហើយលោកបានទូលជាច្រើនលើកច្រើនសាថ្វាយព្រះអង្គហ្វូឆាយឱ្យសម្លាប់ព្រះអង្គគ័រជានចោលទៅ ការពារកុំឱ្យមានគ្រោះកាចនៅថ្ងៃក្រោយ។ ប៉ុន្តែដោយសារតែមានមន្ត្រីអាក្រក់ម្នាក់ឈ្មោះ ប៉ ភី (Bo Pi) បាននិយាយពាក្យចចាមអារ៉ាមផ្តេសផ្កាសម្តងហើយម្តងទៀតនៅចំពោះព្រះភក្តរបស់ស្តេចហ្វូឆាយថា អ៊ូ ជឺស៉ី មានគំនិតក្បត់រាជបល្ល័ង្ក ដែលជាហេតុធ្វើឱ្យព្រះអង្គហ្វូឆាយខ្ញាល់យ៉ាងខ្លាំង ហើយបានបញ្ជាឱ្យ អ៊ូ ជឺស៉ី ចាក់សម្លាប់ខ្លួន ហើយឱ្យគេយកសាកសពទៅស្ងោរ និងខ្ទប់យកទៅបោះចោលនៅក្នុងទន្លេឈានថាងនេះឯង។ ៩ឆ្នាំក្រោយពីការស្លាប់របស់មន្ត្រី អ៊ូ ជឺស៉ី នោះមក នៅនគរយៀកមានមន្ត្រីម្នាក់ឈ្មោះ វិន ចុង (Wen Zhong) បានរៀបចំផែនការឱ្យព្រះអង្គគ័រជានស្ដារនគរយៀកឡើងវិញ ហើយចុងបញ្ចប់ព្រះអង្គក៏បានយកឈ្នះលើនគរអ៊ូ និងបានធ្វើគុតព្រះអង្គហ្វូឆាយបានផងដែរ នេះក៏ព្រោះតែព្រះអង្គហ្វូឆាយមិនជឿតាមសម្ដីដាស់តឿនរបស់មន្ត្រី អ៊ូ ជឺស៉ី។ មិនយូរប៉ុន្មាន ស្តេចនគរយៀក ព្រះអង្គគ័រជានក៏ដើរជាន់ដានព្រះអង្គហ្វូឆាយ ដោយព្រះអង្គជឿលើពាក្យចចាមអារ៉ាមរបស់មន្ត្រីអាក្រក់ដែរ ហើយទីបំផុតបានបង្ខំឱ្យមន្ត្រី វិន ចុង ចាក់សម្លាប់ខ្លួនឯងដែរ។ ទោះបីជា អ៊ូ ជឺស៉ី និង វិន ចុង បម្រើម្ចាស់ផ្សេងគ្នានៅច្រាំងទន្លេឈានថាងម្ខាងម្នាក់ក៏ដោយ តែបុព្វហេតុដែលធ្វើឱ្យពួកគេស្លាប់គឺដូចគ្នា និងមានគំនុំលើស្ដេចរៀងៗខ្លួន។ ពាក្យបណ្តាសារបស់មន្ត្រីទាំងពីរបានក្លាយទៅជារលកធំៗបង្កើតបានជាខ្យល់ជំនោរទន្លេឈានថាង។
រៀងរាល់ឆ្នាំ អ្នកស្រុកចិនតែងតែប្រារព្ធពិធីទស្សនាជំនោរទន្លេឈានថាង ដែលបានចាប់ផ្តើមមានតាំងពីសម័យរាជវង្សហាន រាជវង្សថាង និងរាជវង្សសុង ដោយបានឆ្លងកាត់រយៈពេលជាង២ពាន់ឆ្នាំ ហើយក៏បានក្លាយទៅជាទំនៀមទម្លាប់ក្នុងតំបន់នោះរហូតដល់ពេលបច្ចុប្បន្ន។ អ្នកប្រាជ្ញបុរាណចិននាសម័យរាជវង្សសុង គឺលោក ស៊ូ តុងប៉ ឬស៊ូស៉ឺ (Su Shi) ក៏បានតែងកំណាព្យអំពីទេសភាពនៃជំនោរទន្លេឈានថាងនេះផងដែរ។
គួរជម្រាបថា ក្រៅពីជំនោរទន្លេឈានថាងនេះ ពិភពលោកក៏នៅមានជំនោរទន្លេធំៗ២ទៀត គឺជំនោរទន្លេគង្គា (Ganga river tide) នៅប្រទេសឥណ្ឌា និងជំនោរទន្លេអាម៉ាហ្សូន (Amazon river tides) នៅប្រទេសប្រេស៉ីល៕