(ភ្នំពេញ)៖ មានរឿងអស្ចារ្យជាច្រើនដែលត្រូវបានកសាងឡើងដោយមនុស្សជំនាន់ដើម ក្នុងនោះមានទាំងអច្ឆរិយវត្ថុ ព្រែកជីក និងសំណង់ស្ថាបត្យកម្មយ៉ាងច្រើន។ នៅក្នុងអត្ថបទថ្មីនេះ Fresh News Plus សូមលើកឡើងអំពីប្រព័ន្ធធារាសាស្ត្រក្រោមដីដ៏អស្ចារ្យ ដែលជាស្នាដៃដ៏មហិមាមួយក្នុងចំណោមស្នាដៃធំៗទាំង៣នៅប្រទេសចិន។
ប្រព័ន្ធធារាសាស្ត្រក្រោមដីនេះត្រូវបានហៅឈ្មោះថា ប្រព័ន្ធធារាសាស្ត្រថឺផាន (Turpan water system) ខណៈជនជាតិអ៊ុយហ្គួរ (Uygurs) ដែលរស់នៅតំបន់ស៉ីនជាំង (Xinjiang) ហៅថា ការ៉េស (Karez)។ ការ៉េស ក្នុងភាសាអ៊ុយហ្គួរគឺមានន័យថា «រូងអណ្តូង»។
* ការស្ថាបនា
ប្រព័ន្ធធារាសាស្ត្រថឺផាន ត្រូវបានកសាងឡើងនៅតំបន់វាលខ្សាច់ថឺផាន-ហាមី (Turpan-Hami) នៃតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ប្រទេសចិន។ ប្រជាជននៅតំបន់ថឺផានបានចាត់ទុកអណ្តូងនោះជា «ទន្លេក្រោមដី»។
ដំណើរការជីកអណ្ដូងដំបូងគឺធ្វើឡើងនៅសម័យមុនគ្រិស្ដសករាជ គ្រាដែលតំបន់នោះមិនទាល់ក្លាយជាតំបន់ត្រួតត្រារបស់ជនជាតិចិននៅភូមិភាគកណ្ដាលនៅឡើយ ពោលគឺជាង២ពាន់ឆ្នាំមកហើយ។ លុះដល់សម័យរាជវង្សថាង (Tang dynasty) គេបានសាងសង់អណ្ដូងបន្ថែមជាង១,៧០០អណ្តូង ធ្វើឱ្យប្រព័ន្ធធារាសាស្ត្រក្រោមដីនេះមានប្រវែងសរុប៥,២០០គីឡូម៉ែត្រ ហើយផ្ដល់ទឹកផ្គត់ផ្គង់ផ្ទៃដីកសិកម្មច្រើនជាង៣០,០០០ហិកតា ដែលស្មើនឹង៦៧%នៃផ្ទៃដីដាំដុះសរុប។ វាមានសារៈសំខាន់ខ្លាំងណាស់ដល់ការអភិវឌ្ឍផលិតផលកសិកម្មក្នុងស្រុក និងបំពេញតម្រូវការរបស់ប្រជាជន។
រចនាសម្ពន្ធរបស់ប្រព័ន្ធធារាសាស្ត្រថឺផាន ជាទូទៅត្រូវបានបង្កើតឡើងជាបួនផ្នែកគឺ ១-រូងអណ្តូង ២-ផ្លូវទឹកក្រោមដី (លូ) ៣-ផ្លូវទឹកលើដី (ប្រឡាយ) និង៤-ទំនប់ទឹក (អាងស្តុកទឹកខ្នាតតូច)។ អ្នកជីករកប្រភពទឹក ជាធម្មតារកឃើញប្រភពទឹកនៅតាមផ្លូវលំហូរទឹកក្រោមដីនៅតាមជ្រលងភ្នំ ហើយបន្ទាប់មក គេជីករូងអណ្តូងពី២០ម៉ែត្រទៅ៣០ម៉ែត្រ ដែលមានជម្រៅពី១០ម៉ែត្រទៅរាប់សិបម៉ែត្រ។ បន្ទាប់មកទៀត គេក៏ប្រមូលផ្តុំប្រភពទឹកគ្រប់ទីកន្លែង ដោយបង្កើនសក្តានុពលនៃទឹក ត្រូវខួងទៅបាតអណ្តូងតាមរយៈស្ថានភាពនៃដីខ្ពស់ទាប ហើយគេតភ្ជាប់អណ្តូងនីមួយៗបង្ហូរចុះមកក្រោម ឆ្ពោះទៅតំបន់ពណ៌បៃតង ហើយនាំទឹកឡើងលើផ្ទៃដីតាមរយៈផ្លូវទឹកលើដី (ប្រឡាយទឹក) និងអាចយកទៅស្រោចស្រពដីស្រែចម្ការបាន។ ទំនប់ទឹក ឬអាងស្តុកទឹកខ្នាតតូច គឺជាអាងទឹកមួយដែលអាចកំណត់បរិមាណទឹកបាន។ អណ្តូងការ៉េសមួយ ជាទូទៅមានប្រវែងប្រហែល៣គីឡូម៉ែត្រ ហើយប្រព័ន្ធដែលប្រវែងវែងជាងគេបំផុត ជាទូទៅតែងតែមានអណ្តូងជាច្រើនតភ្ជាប់គ្នាដែលមានប្រវែងរហូតដល់រាប់រយរាប់ពាន់គីឡូម៉ែត្រ ហើយនៅតាមចន្លោះអណ្តូងវែងនេះដែរ តែងតែមានរូងអណ្តូងរាប់សិបរាប់រយរូង។ រូងអណ្តូងខ្សែទឹកខាងលើមានជម្រៅរហូតដល់ជាង១០០ម៉ែត្រ និងរូងអណ្តូងខ្សែទឹកខាងក្រោមមានសភាពរាក់ជាងខ្សែទឹកខាងលើ ជាទូទៅមានជម្រៅតែ២-៣ម៉ែត្រប៉ុណ្ណោះ។
* ប្រភពទឹក
តំបន់ថឺផាន គឺជាតំបន់មួយក្នុងចំណោមតំបន់ស្ងួតបំផុតនៅក្នុងប្រទេសចិន ដែលមានភ្លៀងធ្លាក់ប្រចាំឆ្នាំគឺត្រឹមតែ១៦មីលីម៉ែត្រប៉ុណ្ណោះ ខណៈបរិមាណរំហួតទឹកគឺលើសពី៣,០០០មីលីម៉ែត្រ។ ទោះបីជាមានក្តៅហួតហែង និងមានភ្លៀងធ្លាក់តិចក៏ដោយ តែភាគខាងជើងនៅមានភ្នំព័រហ្គឺតា (Bogda) និងភាគខាងលិចមានភ្នំខាឡាអ៊ូឆឹង (Kala Wucheng) ភ្នំទាំងនេះគ្របដណ្តប់ដោយព្រិលពេញមួយឆ្នាំ។ ពេលដែលទឹកកករលាយ ទឹកក៏ហូរធ្លាក់ទៅតំបន់ថឺផាននោះ។ នៅនិទាឃរដូវ និងរដូវក្តៅមានការរលាយទឹកកក និងទឹកភ្លៀងនៅមុខភ្នំជាច្រើនបានជ្រាបចូលទៅក្នុងវាលខ្សាច់ហ្គឺពី (Gobi) ហើយបានបង្កើតបានជាប្រព័ន្ធទឹកក្រោមដី ដែលផ្គត់ផ្គង់ដល់ប្រភពប្រព័ន្ធធារាសាស្ត្រថឺផានយ៉ាងច្រើន។ កំពូលភ្នំព័រហ្គឺតាសានភាគខាងជើងមានកម្ពស់ជាង៥,៤៤៥ម៉ែត្រ ខណៈដែលនៅចំណុចកណ្តាលនៃបឹងអាយទីង (Ayding Lake) មានកម្ពស់ទឹកទាបជាងកម្ពស់ទឹកសមុទ្រ១៥៤ម៉ែត្រ ដូច្នេះវាអំណោយផលដល់សណ្ឋានដីក្នុងការជីកអណ្តូងការ៉េស។
ប្រភេទដីនៅតំបន់ថឺផាន គឺផ្សំឡើងដោយក្រួស និងដីឥដ្ឋបញ្ចូលគ្នា ដូច្នេះធ្វើឱ្យប្រភេទដីមានភាពរឹងមាំ ជញ្ជាំងអណ្តូង និងផ្លូវលំហូរទឹកមិនងាយបាក់បែក។ ទាំងនេះផ្តល់នូវសណ្ឋានដីអំណោយផលដល់ការជីកអណ្តូងការ៉េស។ ដូចនេះហើយប្រជាជនបានប្រើប្រាស់ដីដ៏ពិសេសនេះមកដឹកនាំការសាងសង់ ដូចជា ការប្រើប្រាស់ជម្រាលរបស់ភ្នំដើម្បីបង្កើតអណ្ដូងការ៉េសដ៏ប្រណីត ហើយបានប្រើប្រាស់លំហូរទឹកក្រោមដី ដើម្បីស្រោចស្រពដីស្រែចម្ការ បង្កើតបានជាតំបន់បៃតង។
ទោះបីជាតំបន់អណ្តូងការ៉េសមានកម្តៅហួតហែង ខ្យល់បក់សាហាវ ដែលធ្វើឱ្យមានបរិមាណរំហួតទឹកច្រើនក៏ដោយ ប៉ុន្តែដោយសារមានកត្តាទាំងនេះ ទើបធ្វើឱ្យអណ្តូងការ៉េស ឬប្រព័ន្ធធារាសាស្ត្រថឺផាននេះមានទឹកហូរដោយស្ថិរភាព និងធានាដល់ការទ្រទ្រង់ប្រព័ន្ធធារាសាស្ត្របានដោយខ្លួនឯងថែមទៀត។
* អត្ថប្រយោជន៍
តួនាទីរបស់ប្រព័ន្ធធារាសាស្ត្រថឺផាន គឺមានអត្ថប្រយោជន៍ដល់ជីវភាព និងផលិតផលកសិកម្មរបស់ប្រជាជនតាមតំបន់បៃតង ដែលជាផ្លូវទឹកក្រោមដីជីកដោយប្រជាជនហើយបានបង្ហូរទឹក តាមរយៈជើងភ្នំធានសានដល់លើផ្ទៃដី។
នៅសម័យបុរាណ តំបន់ស៊ីនជាំងមានប្រជាជនតិចតួច ហើយអ្នកស្រុកបានប្រើសិប្បកម្មបង្កើតបានឧបករណ៍សាមញ្ញៗ ហើយបានជីកអណ្តូងជ្រៅៗ និងផ្លូវទឹកក្រោមដី។ គម្រោងធំៗរបស់ពួកគេនេះ ពិតជាអស្ចារ្យ និងប្រកបដោយភាពវៃឆ្លាត ធ្វើឲ្យយើងទាំងអស់គ្នាកោតស្ញប់ស្ញែងមិនដាច់ពីមាត់។ ប្រព័ន្ធធារាសាស្ត្រថឺផាននៅស៊ីនជាំងនេះហូរចេញពីចំណុចភាគខាងជើងទៅភាគខាងត្បូង ពាត់ខ្វាត់ខ្វែងគ្នា។ រយៈពេលរាប់ពាន់ឆ្នាំមកនេះ ប្រព័ន្ធធារាសាស្ត្រថឺផានបានដឹកនាំទឹកពីភ្នំធានសានទៅវាលខ្សាច់មិនដែលដាច់ខានឡើយ។
ដោយសារតែមានប្រព័ន្ធធារាសាស្ត្រថឺផានពាត់ខ្វាត់ខ្វែងគ្នា ទើបធ្វើឱ្យតំបន់ថឺផានដែលរុំព័ទ្ធជុំវិញដោយវាលខ្សាច់ក្លាយទៅជាតំបន់បៃតង ជាពិសេសជាតំបន់ផលិតផ្លែទំពាំងបាយជូរដ៏ផ្អែមជាងគេលើពិភពលោក ហើយក៏បានឱ្យតំបន់នេះក្លាយជាតំបន់ប្រកបដោយប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែបផងដែរ។ មកដល់សព្វថ្ងៃនេះ ប្រព័ន្ធធារាសាស្ត្រថឺផាននៅតែបន្តផ្គត់ផ្គង់ទឹកស្អាតប្រចាំថ្ងៃដល់ប្រជាជនតំបន់ថឺផាន។ ភូមិជាង៥០០ភូមិនៅក្នុងតំបន់ទាំងនេះត្រូវបានដាក់ឈ្មោះតាមអណ្តូងការ៉េសផងដែរ។
ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងការអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យាទំនើបយ៉ាងទូលំទូលាយក្នុងតំបន់ថឺផាននេះ ប្រព័ន្ធធារាសាស្ត្រអេឡិចត្រូនិកមួយត្រូវបានសាងសង់យ៉ាងទូលំទូលាយនៅក្នុងតំបន់ថឺផាន។ ប្រជាជននៅទីនេះបានប្រើប្រាស់ទឹកម៉ាស៊ីនយ៉ាងងាយស្រួល ដូច្នេះតួនាទីរបស់ប្រព័ន្ធធារាសាស្ត្រថឺផានក៏បានថយចុះបន្តិចម្តងៗ។
បច្ចុប្បន្ននេះនៅក្នុងតំបន់ស៊ីនជាំងមានអណ្តូងការ៉េសដែលសេសសល់ត្រឹមតែប្រមាណ៦១៤អណ្តូងប៉ុណ្ណោះ ហើយតំបន់ថឺផានក៏សល់ត្រឹមតែ៤០៤អណ្តូងដែរ។ អណ្តូងទឹកការ៉េសដែលល្បីល្បាញបំផុត គឺអណ្តូងមីយ៉ាគីអាជី (Miyaki Ajikaner Well) ដែលមានអាយុកាល៨០០ឆ្នាំ ហើយមានប្រវែងតភ្ជាប់ប្រហែល២១គីឡូម៉ែត្រ។ ក្នុងនាមជាគម្រោងសំណង់អភិរក្សទឹកបុរាណមួយដែលត្រូវបានប្រើរាប់ពាន់ឆ្នាំមកហើយនេះ ប្រព័ន្ធធារាសាស្ត្រថឺផានតំបន់ស៊ីនជាំងជាអ្នកបង្រួបបង្រួមកម្លាំងបញ្ញា និងកម្លាំងពលកម្មរបស់ប្រជាជនបញ្ចូលគ្នា ហើយគម្រោងសំណង់នេះពិតជាសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សំខាន់របស់មនុស្សជាតិ៕