(ភ្នំពេញ)៖ ពិភពលោកតែងតែដឹងថាប្រាសាទអង្គវត្ត (Angkor Wat) គឺជាមហាសំណង់ដ៏ល្អឯកលើសគេនៅប្រទេសកម្ពុជា ពីរ៉ាមីតហ្គីហ្សា (The Great Pyramid of Giza) គឺជាសំណង់អស្ចារ្យជាងគេនៅប្រទេសអេហ្ស៉ីប ប៉ុន្តែនៅតំបន់រដ្ឋបាលទីបេនៃប្រទេសចិនឯណោះ ក៏មានសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយផងដែរ។
* តើសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យជាងគេនៅតំបន់ទីបេ គឺជាអ្វី?
សំណង់ស្ថាបត្យកម្មនោះមានឈ្មោះថា រាជវាំងប៉ូតាឡា (Potala palace) ដែលអាចបកជាភាសាខ្មែរបានថា «ពុទ្ធលោក»។ រាជវាំងនេះស្ថិតនៅភាគពាយព្យនៃទីក្រុងឡាសា (Lhasa) នៃតំបន់រដ្ឋបាលស្វយ័តទីបេ ប្រទេសចិន។ រាជវាំងដ៏ខ្ពស់ស្កឹមស្កៃនេះមានព្រះរាជដំណាក់ វិមាន ប្រាសាទ និងអារាមព្រះពុទ្ធសាសនា។
រាជវាំងពុទ្ធលោក ឬប៉ូតាឡា ត្រូវបានសាងសង់ឡើងនៅសតវត្សទី៧ ក្នុងសម័យដែលទីបេនៅជាមហាអាណាចក្រមួយ (the great Tibetan kingdom) តាំងជារាជធានីរបស់ស្ដេចទីបេ គឺព្រះចៅសង្ឃសេនកម្ពុ (Songtsen Gampo)។ នៅពេលនោះ ព្រះអង្គបានសាងសង់វិមានចំនួន៩៩៩ ដែលមានបន្ទប់សរុបចំនួន១,០០០បន្ទប់។ ក្រោយមក វិមានទាំងនោះត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររន្ទះបាញ់ និងសង្គ្រាម។ មកដល់សតវត្សទី១៧ ទីបេក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សឆេង (Qing dynasty) ហើយគេក៏បានជួសជុលវិមានមួយចំនួនឡើងវិញ។ តាំងពីពេលនោះមក សម្តេចសង្ឃដាឡៃឡាម៉ា (Dalai Lama) ក៏បានបន្តពង្រីកជាបន្តបន្ទាប់រហូតសម្រេចបានទ្រង់ទ្រាយដ៏អស្ចារ្យនៃរាជវាំងពុទ្ធលោកសព្វថ្ងៃនេះ។ អតីតរាជវាំងនេះបានក្លាយជាមហាកុដិរបស់សង្ឃដាឡៃឡាម៉ានៅរដូវរងា និងជាកន្លែងប្រារព្ធពិធីសាសនា និងជាមជ្ឈមណ្ឌលនយោបាយដ៏សំខាន់មួយរបស់ទីបេ។
រាជវាំងពុទ្ធលោកមានកម្ពស់៣,៧០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ គ្របដណ្តប់លើផ្ទៃដីសរុប៣៦០,០០០ម៉ែត្រក្រឡា ខណៈផ្ទៃដីសាងសង់វិមានមានទំហំ១៣០,០០០ម៉ែត្រក្រឡា។ មហាវិមានដែលធំជាងគេមានកម្ពស់១១៧ម៉ែត្រ ហើយមាន១៣ជាន់ឡើងពីជើងភ្នំរហូតដល់កំពូលភ្នំ ក្នុងនោះមានវិមាន ប្រាសាទតាលីង វិហារពុទ្ធសាសនាមហាយាន ដំណាក់គម្ពីរធម៌ កន្លែងស្នាក់នៅរបស់ព្រះសង្ឃ ក៏ដូចជាទីធ្លា សួនច្បារជាដើម។
វិមានធំៗត្រូវបានបែងចែកជាពីរផ្នែក គឺវិមានពណ៌ស និងវិមានពណ៌ក្រហម។ វិមានសនៅភាគខាងកើត ជាកន្លែងសម្តេចសង្ឃដាឡៃឡាម៉ាគង់នៅ មានកម្ពស់៧ជាន់ ហើយជាន់ខាងលើហៅថា សូរ្យវិមាន ឬ វិមានព្រះអាទិត្យ។ វិមានក្រហមស្ថិតនៅចំកណ្តាលនៃរាជវាំងពុទ្ធលោក។ នៅខាងមុខជញ្ជាំងក្រហមមានផ្ទាំងជញ្ជាំងពណ៌ដ៏ខ្ពស់មួយជាផ្ទាំងបង្ហាញពីព្រះពោធិសត្វអវលោកេស្វរៈ (Bodhisattva Avalokiteshvara)។
ក្នុងនាមជាកន្លែងស័ក្តិសិទ្ធិរបស់ពុទ្ធសាសនាទីបេ រាជវាំងពុទ្ធលោកនេះមានអ្នកធ្វើធម្មយាត្រា និងអ្នកទេសចររាប់មិនអស់មកទស្សនារៀងរាល់ឆ្នាំ។ ជាទូទៅ ពួកគេចាប់ផ្តើមទស្សនាពីចម្លាក់ថ្មគ្មានអក្សរនៅជាប់ជើងភ្នំ ឆ្លងកាត់ជណ្ដើរទេររហូតមកដល់ទ្វារខាងកើត។
សូមជម្រាបថា នៅឆ្នាំ១៩៩៤ វិមានពុទ្ធលោក ឬប៉ូថាឡារបស់ទីបេនេះ ត្រូវបានចុះក្នុងបញ្ជីជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕
ប្រភព៖ សៀវភៅវប្បធម៌ «ទេសភាព និងស្ថាបត្យកម្ម»