(ភ្នំពេញ)៖ ភូមិសាស្ត្រដែលមានជីវជាតិ សម្បូរសប្បាយ ហើយជាទីតាំងយុទ្ធសាស្ត្រងាយស្រួលការពារ តែពិបាកវាយលុក គឺជាទីតាំងដែលពិសេសបំផុតក្នុងការកសាងរាជធានីកាលពីបុរាណ ដូចជា ក្រុងឡកយ៉ាង ក្រុងឆាងអានជាដើម។ អ្នកដែលធ្លាប់ទស្សនាភាពយន្តបុរាណចិន ច្បាស់ជាបានស្គាល់នូវរាជធានីបុរាណរបស់ប្រទេសចិនទាំងនេះ។
ប្រទេសចិន ដែលជាប្រទេសចំណាស់ជាងគេមួយដែរនោះ គឺមានទីក្រុងបុរាណដល់ទៅជាង២០០ឯណោះ ប៉ុន្តែទីក្រុងបុរាណដែលល្បីល្បាញបំផុតនោះគឺមានចំនួន៨ ក្នុងនោះមានដូចជាក្រុងឡកយ៉ាង (Luoyang) ក្រុងឆាងអាន (Chang'an) បច្ចុប្បន្នគឺក្រុងស៉ីអាន (Xi'an) ក្រុងប៉េកាំង ឬប៉ីជីង (Beijing) ក្រុងណាជីង (Nanjing) ក្រុងខាយហ្វឹង (Kaifeng) ក្រុងហាងចូវ (Hangzhou) ក្រុងអានយ៉ាង (Anyang) និងក្រុងចឹងចូវ (Zhengzhou)។
១៖ ក្រុងឡកយ៉ាង
ក្រុងឡកយ៉ាង គឺជាទីក្រុងប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ល្បីល្បាញមួយនៅប្រទេសចិន ដែលមានប្រវត្តិកសាងតាំងពីឆ្នាំ២០៧០មុនគ្រិស្ដសករាជមកម្ល៉េះ ពោលគឺជារាជធានីមានអាយុកាលយូរជាងគេក្នុងប្រវត្តិសាស្រ្តចិន។ មកទល់ពេលនេះ ក្រុងឡកយ៉ាងមានអាយុកាលជាង៤,០០០ឆ្នាំមកហើយ។ បច្ចុប្បន្នក្រុងមួយនេះស្ថិតនៅភាគខាងលិចខេត្តហឺណាន (Henan) ប្រទេសចិន។
ឈ្មោះរបស់ក្រុងឡកយ៉ាង គឺពាក់ព័ន្ធនឹងទន្លេល័រ (Luo river) ដោយទីតាំងនៃទីក្រុងចំណាស់មួយនេះត្រូវបានស្ថាបនាឡើងនៅជាប់នឹងទន្លេល័រ ដែលជាទីតាំងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ នៅខាងជើងទីក្រុងគឺជាទន្លេលឿង រីឯនៅខាងត្បូងទីក្រុងនេះគឺទន្លេអ៉ី (Yi river) ពោលទីតាំងនេះគឺពិតជាទីបរមភូមិដ៏ពិសេស ដូចប្រយោគបុរាណចិនពោលថា «ងាយស្រួលការពារ ពិបាកវាយលុក»។
ទីក្រុងឡកយ៉ាងជារាជធានីដ៏ល្បីល្បាញនៃរាជវង្សបុរាណក្នុងប្រវត្តិសាស្ត្រប្រទេសចិន ពិសេសគឺជារាជធានីរបស់ស្ដេចចក្រព័ត្តិដំបូងបង្អស់របស់ចិន គឺអធិរាជឈីង ស៉ីហ័ង (Emperor Qin Shi Huang) នៃចក្រភភពឈីង។
រាជវង្សបុរាណចិនដែលបានតាំងរាជធានីនៅក្រុងឡកយ៉ាង រួមមាន រាជវង្សស៊ា (Xia dynasty) រាជវង្សសាង (Shang dynasty) រាជវង្សចូវ (Zhou dynasty) រាជវង្សហានខាងកើត (Eastern Han) នគរវៃ (សាមកុក) រាជវង្សជីងខាងលិច (Northern Jin) រាជវង្សវៃខាងកើត (Eastern Wei) រាជវង្សសួយ (Sui dynasty) រាជវង្សថាង (Tang dynasty) ចុងសម័យរាជវង្សលាំង (Later Liang) ចុងសម័យរាជវង្សជីង (Later Jin)។
ចាប់ពីការចូលត្រួតត្រារបស់ម៉ុងហ្គោលមក ក្រុងឡកយ៉ាងលែងជារាជធានីរបស់រាជវង្សបុរាណចិនទៀតហើយ ដោយគ្រាន់តែជាទីក្រុងរដ្ឋបាលប្រចាំតំបន់របស់រាជវង្សយ័ន (Yuan dynasty) រាជវង្សម៉េង (Ming dynasty) និងរាជវង្សឆេង (Qing dynasty)។
ក្នុងរជ្ជកាលអធិរាជនី អ៊ូ ចឺធាន (Wu Zetian) ក្រុងឡកយ៉ាងត្រូវបានគេហៅឈ្មោះថា ក្រុងស៉ិនទូ (Shendu)។ នៅសម័យរាជវង្សឆេង ក្រុងឡកយ៉ាងនេះត្រូវបានប្ដូរឈ្មោះទៅជាក្រុងហឺណានហ្វូ (Henanfu)។
កំពែងក្រុងឡកយ៉ាងត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមជាបន្តបន្ទាប់ ហើយក៏ត្រូវបានជួសជុលឡើងវិញជាបន្តបន្ទាប់ដែរ។ ជញ្ជាំងកំពែងដែលយើងឃើញដល់សព្វថ្ងៃនេះ គឺត្រូវបានជួសជុលឡើងវិញនៅសម័យរាជវង្សឆេង។
នៅក្នុងក្រុងឡកយ៉ាងមានវត្តអារាមពុទ្ធសាសនាដំបូងបង្អស់នៅប្រទេសចិន ហើយក៏មានប្រាសាទបុរាណនៃរាជវង្សហាន រាជវង្សចូវខាងលិច រាជវង្សសួយ និងរាជវង្សថាង និងផ្នូរបុរាណជាច្រើនផងដែរ។ រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតនៅក្រុងឡកយ៉ាងនោះ គឺគុហាទ្វារនាគខាងត្បូងនៅក្នុងទីក្រុង៕
ប្រភព៖ សៀវភៅវប្បធម៌ «ទេសភាព និងស្ថាបត្យកម្ម»