(ភ្នំពេញ)៖ នៅក្នុងអត្ថបទមុន Fresh News Plus បានបង្ហាញអំពីទីក្រុងឡកយ៉ាងដែលជាទីក្រុងចំណាស់ជាងគេរបស់ប្រទេសចិន ហើយនៅក្នុងអត្ថបទនេះយើងនឹងបង្ហាញអំពីទីក្រុងចំណាស់ទី២ដែលជាទីក្រុងប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ល្បីល្បាញមួយដែរនៅប្រទេសចិន។

២៖ ក្រុងឆាងអាន

ឆាងអាន (Chang'an) គឺជាឈ្មោះដើមរបស់ក្រុងស៉ីអាន (Xi'an) បច្ចុប្បន្ន ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទន្លេវៃ (Wei river) នៃខេត្តស្សានស៉ី (Shaanxi)។ ក្រុងបុរាណនេះធ្លាប់ជារាជធានីរបស់នគរនិងរាជវង្សបុរាណចិនជាច្រើនសម័យ ក្នុងនោះមានដូចជា៖

* សម័យចូវខាងលិច (Western Zhou) បានតាំងរាជធានីនៅក្រុងឆាងអាននេះមុនដំបូងគេ ពោលគឺចាប់ពីឆ្នាំ១០៤៥-៧៧១មុនគ្រិស្ដសករាជ។

* សម័យនគរឈីង (Qin state) និងចក្រភពឈីង (Qin Empire)៖ ស្ដេចនគរឈីងបានផ្លាស់រាជធានីពីក្រុងស៊ានយ៉ាង (Xianyang) ទៅតាំងនៅក្រុងឆាងអានវិញចាប់ពីឆ្នាំ៨៩៧មុនគ្រិស្ដសករាជ។

* សម័យរាជវង្សហាន (Han dynasty)៖ បន្ទាប់ពីយកឈ្នះលើ ស៊ាង អ៉ី (Xiang Yu) ក្នុងសង្គ្រាមឈូ-ហាននោះមក លីវ ប៉ាង (Liu Bang) ក៏បានឡើងធ្វើជាស្ដេចបង្កើតរាជវង្សថ្មីហៅថា «មហាហាន» ដោយយករាជធានីឆាងអានរបស់មហាឈីងធ្វើជារាជធានីរបស់ខ្លួនចាប់ពីឆ្នាំ២០២មុនគ្រិស្ដសករាជ។

* សម័យសាមកុក៖ នាចុងសម័យរាជវង្សហាន នគរវៃ (Cao-Wie) ដែលជានគរមួយក្នុងចំណោមនគរទាំងបី គឺបានតាំងរាជធានីនៅក្រុងឆាងអាននេះ។ បន្ទាប់មក នគរជីង (Eastern Jin) ដែលបង្កើតដោយ ស៉ឺ ម៉ាអ៉ី (Sima Yi) ក៏បានតាំងរាជធានីនៅក្រុងឆាងអាននេះដែរចាប់ពីឆ្នាំគ្រិស្ដសករាជ២៦៦-៤២០។

* សម័យនគរទាំង១៦ (Sixteen Kingdom) ឬនគរខាងជើងនគរខាងត្បូង៖ ចាប់ពីឆ្នាំគ្រិស្ដសករាជ៣០៤-៤៣៩ ប្រទេសចិនត្រូវបានបែកបាក់គ្នាជាថ្មី ដោយបានបែកចែកជានគរខាងជើង និងនគរខាងត្បូង ក្រុងឆាងអានក៏ជារាជធានីរបស់នគរមួយចំនួនផងដែរ ដូចជានៅដើមរាជការចាវ (Former Zhao) ដើមរាជការឈីង (Former Qin) និងចុងរាជការឈីង (Later Qin) រាជការជីងខាងកើត (Eastern Jin) រាជការវៃខាងលិច (Western Wei) និងបានក្លាយជារាជធានីរបស់រាជការចូវខាងជើង (Northern Zhou) ផងដែរ។

* សម័យរាជវង្សសួយ (Sui dynasty)៖ បន្ទាប់ពីរាជការសួយបង្ក្រាបពួកនគរទាំង១៦ខាងលើ បង្រួបបង្រួមនគរខាងជើងនិងនគរខាងត្បូងរួចមក ទឹកដីប្រទេសចិនបុរាណក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចមហាសួយចាប់ពីគ្រិស្ដសករាជ ៥៨១-៦១៨។ ក្នុងរជ្ជកាលអធិរាជវិន (Emperor Wen of Sui) បានប្ដូរឈ្មោះក្រុងឆាងអានទៅជាក្រុងតាស៉ីង (Daxing)។

* សម័យរាជវង្សថាង (Tang dynasty)៖ បន្ទាប់ពី លី យ័ន (Li Yuan) ផ្ដួលរំលំស្ដេចមហាសួយនៅឆ្នាំគ្រិស្ដសករាជ ៦១៨ បានហើយ លី យ័ន ក៏បានគ្រប់គ្រងប្រទេសចិនទាំងមូល ដោយទទួលព្រះបរមនាមថា អធិរាជកៅជូ (Emperor Gaozu of Tang) ហើយបានបង្កើតរាជការថ្មីហៅថា «មហាថាង» ហើយក៏បានយកក្រុងឆាងអានដដែលនេះធ្វើជារាជធានីរហូតដល់ឆ្នាំ៦៨៣។ នៅឆ្នាំ៧០៥ ស្ដេចក្រោយៗនៃរាជវង្សថាងក៏បានវិញមកតាំងរាជធានីនៅក្រុងឆាងអានវិញរហូតដល់ឆ្នាំ៩០៤នៃគ្រិស្ដសករាជ។

នៅសម័យរាជវង្សថាងនោះ គឺជាពេលបើកដំណើរការផ្លូវសូត្រ (Silk Road) ដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រចិន ក៏ដូចជាប្រវត្តិសាស្ត្រពិភពលោក។ ផ្លូវសូត្រនេះគឺចេញពីទីក្រុងឆាងអានឆ្លងកាត់អាស៊ីកណ្តាលទៅដល់អាស៊ីខាងលិច។ រយៈពេលជាងមួយទសវត្សរ៍ វាបានភ្ជាប់ទំនាក់ទំនងវប្បធម៌ចិនជាមួយឥណ្ឌា ពែរ្ស (Persian) និងរ៉ូម៉ាំង (Roman) ព្រមទាំងបាននាំយកនវានុវត្តន៍ដ៏អស្ចារ្យនៃក្រណាត់សូត្រ រំសេវ ក្រដាស និងរូបមន្តបោះពុម្ពទៅភាគខាងលិច។ តាមរយៈផ្លូវសូត្រនេះក៏បានជួយផ្សព្វផ្សាយព្រះពុទ្ធសាសនា ឥស្លាមសាសនា និងសិល្បៈដែលទាក់ទងទៅក្នុងប្រទេសចិនផងដែរ។

មកដល់សម័យរាជវង្សយ័ន (Yaun dynasty) ក្រុងឆាងអានក៏ត្រូវបានប្ដូរឈ្មោះមកជាក្រុងស៉ីអាន (Xi'an) វិញនៅឆ្នាំគ្រិស្ដសករាជ ១៣៦៩។

គិតមកទល់ពេលនេះ ក្រុងឆាងអានមានអាយុកាលជាង៣,០០០ឆ្នាំមកហើយ។ នៅឆ្នាំ១៩៨៧ អតីតរាជធានីក្រុងឆាងអាន ឬក្រុងស៉ីអាននេះ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបានក្លាយជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញមួយរបស់ប្រទេសចិន៕

សូមចុចត្រង់នេះដើម្បីអានអត្ថបទភាគ១៖

ប្រភព៖ សៀវភៅវប្បធម៌ «ទេសភាព និងស្ថាបត្យកម្ម»