(ភ្នំពេញ)៖ នៅក្នុងអត្ថបទមុនៗ Fresh News Plus បានបង្ហាញអំពីទីក្រុងឡកយ៉ាង និងក្រុងឆាងអាន ហើយនៅក្នុងអត្ថបទនេះយើងនឹងបន្តបង្ហាញអំពីទីក្រុងចំណាស់ទី៣ ដែលជារដ្ឋធានីប្រទេសចិនបច្ចុប្បន្ន នោះគឺរដ្ឋធានីប៉េកាំង ឬប៉ីជីង នៃសាធារណរដ្ឋប្រជាមានិតចិន។

៣៖ ក្រុងប៉េកាំង

ក្រុងប៉េកាំង (Peking) ឬប៉ីជីង (Beijing) បានក្លាយជារាជធានីដំបូងរបស់នគរជី (State of Ji) តាំងពីឆ្នាំ១០៤៥មុនគ្រិស្ដសករាជ ប៉ុន្តែនៅសម័យនគរសង្គ្រាម (Warring States) រដ្ឋបុរាណមួយនេះត្រូវបានគេហៅថា នគរជីង (Jin) ហើយក្រោយមកទៀតក៏ត្រូវកាន់កាប់ដោយនគរយាន (Yan state) វិញ។ កាលណោះ ប៉េកាំងត្រូវបានគេហៅឈ្មោះថាក្រុងជីឆឹង (Jicheng)។

នៅសម័យក្រោយមកទៀត ថ្វីដ្បិតក្រុងជីឆឹង (ប៉េកាំង) មិនមែនជារាជធានីដ៏ពេញនិយមដូចក្រុងឡកយ៉ាង និងក្រុងឆាងអាន ប៉ុន្តែក្រុងនេះក៏មានជាប់ទាក់ទងនឹងប្រវត្តិសង្គ្រាមជាច្រើនសម័យកាលផងដែរ។ នៅសម័យសាមកុក ជីឆឹងគឺជាតំបន់ឈរជើងរបស់ ហ្កុងស៊ុន ចាន (Gongsun Zan) និង យាន សៅ (Yan Shao) មុនធ្លាក់ក្រោមការត្រួតត្រារបស់នគរវៃ (Cao-Wei) និងរាជវង្សជីងខាងកើត (Western Jin)។

ក្នុងសម័យនគរទាំង១៦ ក្រុងជីឆឹងបានក្លាយជារាជធានីនៅដើមរាជការយាន (Former Yan)។ នៅសម័យរាជវង្សសួយ ឆ្នាំគ្រិស្ដសករាជ៦០៥ អធិរាជរាជសួយយ៉ាង (Emperor Yang of Sui) បានបញ្ជូនឱ្យមេទ័ព ម៉ា ស៊ូម៉ូវ (Ma Shumuo) ដឹកនាំការជីកមហាព្រែកជីកដ៏ធំក្នុងប្រវត្តិសាស្ត្រពីប៉េកាំងមកដល់ហាងចូវ (Hangzhuo) ក្នុងគោលបំណងដើម្បីបង្កលក្ខណងាយស្រួលក្នុងការគ្រប់គ្រងចក្រភពដ៏ធំនេះ។ នៅសម័យរាជវង្សថាង (Tang dynasty) ក្រុងប៉េកាំងត្រូវបានគេហៅឈ្មោះថាក្រុងយ៉ូវចូវ (Youzhou)។

មកដល់សម័យរាជវង្សជីង (Jin dynasty) ប៉េកាំងក៏បានក្លាយជារាជធានីជាថ្មីម្ដងទៀតនៅឆ្នាំគ្រិស្ដសករាជ១១៥៣។ មកដល់ឆ្នាំ១២១៣ កងទ័ពម៉ុងហ្គោលដឹកនាំដោយអធិរាជ សង់ស៉ីខាន់ បានវាយលុកចូលរាជធានីមួយនេះដើម្បីដណ្ដើមយកទឹកដីនគរជីន មុនបន្តវាយយកនគរសុង (Song dynasty)។

មកដល់សម័យរាជវង្សយ័ន (Yaun dynasty) រាជវង្សម៉េង (Ming dynasty) និងរាជវង្សឆេង (Qing dynasty) ក្រុងប៉េកាំងត្រូវបានអភិវឌ្ឍយ៉ាងច្រើនជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានការកសាងព្រះបរមរាជវាំង Forbidden City ផងដែរ។ Forbidden City ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយរបស់ប្រទេសចិន។

បច្ចុប្បន្នក្រុងប៉េកាំងគឺជារដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ វប្បធម៌ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសចិន ហើយវាក៏ជាទីក្រុងប្រវត្តិសាស្រ្ត និងវប្បធម៌មួយរបស់ពិភពលោកផងដែរ។

គិតមកទល់ពេលនេះ ក្រុងប៉េកាំងមានអាយុកាលជាង៣,០០០ឆ្នាំមកហើយ ពោលគឺប្រហាក់ប្រហែលនឹងទីក្រុងឆាងអាន។ នៅក្នុងក្រុងនេះមានទីបុរាណដ្ឋាន និងរចនាសម្ពន្ធសំខាន់ៗដូចជាទីលានធានអានមិន វិមានវីរបុរសប្រជាជន វិមានម៉ៅសេទុង ព្រះបរមរាជវាំងបុរាណ ឧទ្យាន ប្រាសាទឋានសួគ៌ រាជវាំងរដូវវស្សា ផ្នូរម៉េង កំពែងក្រុង និងទីតាំងពុទ្ធសាសនាចិនជាច្រើន៕

សូមចុចត្រង់នេះអាន (ភាគ២)