(ភ្នំពេញ)៖ នៅក្នុងអត្ថបទមុនៗ Fresh News Plus បានបង្ហាញអំពីទីក្រុងឡកយ៉ាង ក្រុងឆាងអាន និងក្រុងប៉េកាំង ហើយនៅក្នុងអត្ថបទនេះយើងនឹងបន្តបង្ហាញអំពីទីក្រុងចំណាស់ទី៤របស់ប្រទេសចិន ដែលជាប់ឈ្មោះជាទីក្រុងវប្បធម៌ និងទេសចរណ៍ដ៏ល្បីល្បាញមួយផងដែរ។
៤៖ ក្រុងខាយហ្វឹង
ក្រុងខាយហ្វឹង (Kaifeng) មានឈ្មោះដើមហៅថាក្រុងតាលាំង (Daliang) ក្រុងពានជិង (Bianjing) ជាដើម ពោលគឺត្រូវបានកែប្រែទៅតាមសម័យកាលផ្សេងៗគ្នា។
នាពេលបច្ចុប្បន្ន ក្រុងនេះមានទីតាំងស្ថិតនៅភាគខាងលិចនៃខេត្តហឺណាន (Henan) នៅជាប់ច្រាំងទន្លេលឿងតែម្ដង ដែលជាមូលដ្ឋានប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សំខាន់មួយរបស់ប្រទេសចិន។
ដូចទៅនឹងក្រុងប៉េកាំងដែរ ក្រុងខាយហ្វឹងគឺត្រូវបានរងការបំផ្លិចបំផ្លាញ និងជួសជុល-កសាងឡើងវិញជាបន្តបន្ទាប់ជាច្រើនសម័យកាលរហូតដល់ពេលបច្ចុប្បន្ន។
ឆ្នាំ៣៦៤មុនគ្រិស្ដសករាជ ជាពេលដែលក្រុងបុរាណនេះត្រូវបានកសាងឡើងដំបូង ដើម្បីតាំងជារាជធានីរបស់នគរវៃ (State of Wei) ដែលជារដ្ឋបុរាណមួយក្នុងចំណោមរដ្ឋបុរាណជាច្រើនទៀតរបស់ចិនក្នុងសម័យនគរសង្គ្រាម (Warring States) ដោយកាលណោះរាជធានីនេះមានឈ្មោះថា ក្រុងតាលាំង (Daliang)។ នៅពេលនគរឈីង (State of Qin) ចាប់ផ្ដើមរីកចម្រើនរុងរឿង កងទ័ពឈីងក៏បានវាយលុកចូលនគរវៃ ជាហេតុធ្វើឱ្យរាជធានីតាលាំងត្រូវបានបំផ្លិចបំផ្លាញ។
ក្រុងខាយហ្វឹង នៅក្នុងប្រវត្តិសាស្រ្តមានកេរ្តិ៍ឈ្មោះថា «លើពិភពលោក មិនមានអ្វីដែលសម្បូរបែប និងស្រស់ស្អាតដូចពានជិងនោះឡើយ»។ កេរដំណែលសំខាន់តែបន្សល់ទុកនៅក្នុងបុរាណមួយនេះ រួមមាន អារាមលង្ហិន (Iron Pagoda) ព្រះពន្លានាគ (Dragon Pavilion) ទ្វារក្រុងតាលាំង (Daliang City Gate) ឧទ្យានទន្លេឈីងមីង (Qingming Riverside) វិថីអធិរាជសុង (Imperial Street of the Song Dynasty) ប្រាង្គស្គរ (Drum Tower) ព្រមទាំងវត្តអារាម និងប្រាសាទជាច្រើនទៀត។
គិតមកដល់ពេលនេះ ក្រុងខាយហ្វឹងមានអាយុកាលប្រមាណជាង២០០០ឆ្នាំមកហើយ។ អ្វីដែលពិសេសបំផុតនោះ ក្រុងខាយហ្វឹងមានទីតាំងភូមិសាស្ត្រល្អ អាកាសធាតុសមល្មម ផលិតផលសម្បូរបែប ការដឹកជញ្ជូនងាយស្រួល ការអប់រំនិងវប្បធម៌រីកចម្រើន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាមានការអភិវឌ្ឍ រីឯសេដ្ឋកិច្ចក៏មានភាពរុងរឿង។ គោលដៅទេសចរណ៍បេតិកភណ្ឌមួយនេះជាទីក្រុងទេសចរណ៍ដ៏សំខាន់ និងជាទីក្រុងបើកចំហនៅតំបន់ទំនាបកណ្តាល៕