(ពិភពលោក)៖ ថ្ងៃនេះ Fresh News Plus នឹងចែករំលែកចំណេះដឹងទូទៅស្តីពីទម្ងន់របស់ផែនដី។ តើអ្នកធ្លាប់ងឿងឆ្ងល់ទេថា ផែនដីដែលយើងរស់នៅសព្វថ្ងៃ មានទម្ងន់ប៉ុន្មានគីឡូក្រាម? ហើយគេធ្វើយ៉ាងម៉េចទើបអាចថ្លឹងវាបាន?
ក្រុមតារាវិទូបានព្យាយាមដើម្បីស្រាយចម្ងល់ចំពោះសំណួរនេះ ប៉ុន្តែមុននឹងឆ្លើយសំណួរនេះ ជាដំបូងអ្នកត្រូវតែដឹងសិន ពីភាពខុសគ្នារវាងទម្ងន់ (Weight) និងម៉ាស់ (Mass) ដើម្បីឲ្យអ្នកកាន់តែងាយយល់ពីរបៀប ដែលអ្នកវិទ្យាសាស្ត្រឆ្លើយនឹងសំណួរខាងលើ។
ម៉ាស់ គឺជារង្វាស់បរិមាណនៃរូបធាតុ ដែលវត្ថុមួយផ្ទុកហើយមានលក្ខណៈថេរ។ រីឯទម្ងន់ គឺជាកម្លាំងទំនាញនៅលើវត្ថុមួយ។ ទម្ងន់របស់វត្ថុ គឺអាស្រ័យលើម៉ាស់ និងសន្ទុះនៃទំនាញ។
បើនិយាយពីម៉ាស់ គឺគេនិយាយពីវត្ថុដែលមានលក្ខណៈថេរជានិច្ច មិនថាវាស្ថិតនៅកន្លែងណានោះទេ មានន័យថា ម៉ាស់របស់អ្នកមិនប្រែប្រួលឡើយ មិនថាអ្នកនៅលើផែនដី ឬក៏នៅកន្លែងផ្សេងទៀត នៅក្នុងលំហរនេះ។ ប៉ុន្តែបើគេនិយាយពីទម្ងន់វិញ, ទម្ងន់របស់អ្នកពេលនៅលើផែនដី នឹងមានលក្ខណៈខុសគ្នានឹងទម្ងន់របស់អ្នក ពេលនៅកន្លែងផ្សេងទៀតនៅក្នុងលំហរ ព្រោះតែកម្លាំងទំនាញ។ និយាយមួយបែបទៀត ទម្ងន់របស់អ្នកនៅឋានព្រះច័ន្ធ នឹងស្រាលជាងពេលអ្នកនៅលើផែនដី ពីព្រោះកម្លាំងទំនាញនៅឋានព្រះច័ន្ទ ខ្សោយជាងកម្លាំងទំនាញនៅលើផែនដី។
បើសិនជាមានសំណួរថា តើផែនដីមានទម្ងន់ប៉ុន្មាន មានន័យថា គេចង់ដឹងអំពីចំនួនផោន (Pounds) ឬគីឡូក្រាម (Kilograms)។ តាមពិតទៅ គេមិនអាចយកជញ្ជីងទៅថ្លឹងទម្ងន់ផែនដីបានទេ។ អ្នកវិទ្យាសាស្ត្រ បានវាស់ផែនដីដោយប្រើគណិតវិទ្យា រូបវិទ្យា និងចំណេះដឹងស្តីពីកម្លាំងទំនាញ ក្នុងការគណនារកទម្ងន់របស់ផែនដី។
បើតាមអ្នកវិទ្យាសាស្ត្រ បានអះអាងថា ផែនដីមានទម្ងន់ប្រមាណ ៦គុណនឹង១០ ស្វ័យគុណ២៤គីឡូក្រាម (៦,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០) ឬ ១.៣គុណនឹង១០ ស្វ័យគុណ២៥ផោន (១៣,០០០,០០០,០០០,០០០,០០០,០០០,០០០,០០០)។
ប៉ុន្តែបើគេនិយាយពីម៉ាស់ផែនដីវិញ វាមានប្រមាណ ៥.៩៧៣៦គុណនឹង១០ ស្វ័យគុណ២៤គីឡូក្រាម (៥,៩៧៣,៦០០,០០០,០០០,០០០,០០០,០០០,០០០)។ បើមើលតួលេខពិតជាច្រើនមែនទែន ប៉ុន្តែវាជារឿងពិត ព្រោះផែនដីមានទំហំធំធេងណាស់។
គួរកត់សម្គាល់ដែរថា អ្នកវិទ្យាសាស្ត្របានគណនារកទម្ងន់ផែនដី ដោយប្រើច្បាប់ស្តីពីកម្លាំងទំនាញ។ ត្រូវចងចាំមួយទៀតថា ម៉ាស់ និងទម្ងន់ មានភាពខុសគ្នា ហើយវាមានសារៈសំខាន់ណាស់ នៅពេលដែលយើងចង់និយាយអំពីការវាស់វែងនៅក្នុងលំហរ៕