(ពិភពលោក)៖ ការហៅកម្រិតមាស និងសម្គាល់មាស មានបែបបទច្រើនយ៉ាងណាស់ គឺចាប់ពីកម្រិត 10K ដល់ 24K។ ទោះយ៉ាងណា ជាទូទៅ គេយកតែមាស ៤កម្រិតមកហៅ និងសម្គាល់តែប៉ុណ្ណោះ ដែលកម្រិតទាំង៤នោះ រួមមាន៖ 10K, 14K, 18K, និង 24K។
តើមាសកម្រិត 10K, 14K, 18K, និង 24K ខុសគ្នាបែបណាដែរ?
នេះជាចំណេះដឹងទូទៅមួយដ៏មានសារៈសំខាន់ ហើយ Fresh News Plus សូមចែករំលែកចំណេះដឹងនេះ ដូចខាងក្រោម៖
* មាសកម្រិត 24K៖
24K គឺជាមាសសុទ្ធតែម្តង ឬបង្ហាញថា មាសនោះសុទ្ធចាប់ពី 99.95% ឡើងទៅ។ គួរកត់សម្គាល់ថា ភាគច្រើនយើងមិនដែលឃើញគេយកមាសកម្រិតនេះ ទៅធ្វើជាគ្រឿងអលង្ការឡើយ ដោយសារមាសសុទ្ធមានលក្ខណៈទន់ និងងាយនឹងរងការឆ្កូតណាស់។ ដូច្នេះហើយបានជារឿយៗ គេតែងតែបញ្ចូលលោហៈធាតុផ្សេងទៀតទៅក្នុងមាស ដើម្បីឲ្យវារឹង និងជាប់បានយូរ ដើម្បីធ្វើជាគ្រឿងអលង្ការ។
* មាសកម្រិត 18K៖
18K គឺជាមាសដែលត្រូវបានបង្កើតឡើងដោយផ្ទុកមាស 75% និងមានលោហៈធាតុ 25% ។ មាសប្រភេទនេះ ភាគច្រើនគេសម្គាល់ថា ជាទម្រង់មាសសុទ្ធ ដែលសម្រាប់យកទៅធ្វើជាចិញ្ចៀន នាឡិកា និងគ្រឿងអលង្ការជាច្រើនទៀត។ ទោះបីជា 18K មើលទៅស្រស់ស្អាត ក៏ប៉ុន្តែវាថ្លៃ ហើយក៏ងាយរងការឆ្កូតស្ទើរតែដូចមាសកម្រិត 24K ដែរ។
* មាសកម្រិត 14K៖
14K គឺជាមាសដែលត្រូវបានបង្កើតឡើងដោយមាស 58.3% និងលោហៈធាតុ 41.7% ។ មាសប្រភេទនេះ ជាទូទៅត្រូវបានគេឃើញថា មានប្រើប្រាស់យ៉ាងច្រើនទៅលើគ្រឿងអលង្ការ ដែលលក់នៅប្រទេសអ្នកមាន ដូចជា អាមេរិក អង់គ្លេស និងជាពិសេសប្រទេសលោកខាងលិច។ 14K គឺជាប្រភេទមាសមួយ ដែលមិនងាយឆ្កូត និងរឹងមាំ ប៉ុន្តែថ្លៃជាងកម្រិត 10K បន្តិច។
* មាសកម្រិត 10K៖
10K គឺជាប្រភេទមាសដែលត្រូវបានបង្កើតឡើងដោយមាស 41.7% និងលោហៈធាតុ 58.3% ។ មាសប្រភេទនេះ ធូរថ្លៃជាងគេបំផុត រឹងមាំជាងគេបំផុត ប៉ុន្តែគេហៅវាជាទូទៅថា ជាមាសអន់បំផុតឡើយ ហើយសម្រាប់អ្នកមានលំដាប់ខ្ពស់ គេមិនដែលទិញមាសប្រភេទនេះ ទៅធ្វើជាគ្រឿងអលង្ការឡើយ។ ទោះបីជាវាធូរថ្លៃសម្រាប់អ្នកក្រ និងរឹងមាំជាងកម្រិតមាសផ្សេងទៀត ប៉ុន្តែពណ៌វាមិនសូវស្អាត ហើយងាយនឹងប្រតិកម្មជាមួយស្បែកមនុស្សផងដែរ។
សូមបញ្ជាក់ថា K មានន័យថា ការ៉ាត់ (Karat) សម្រាប់ហៅមាស។ រីឯ ការ៉ាត់ (Carat) ដែលសរសេរដោយអក្សរ C នៅពីមុខ គេសម្គាល់ដល់រង្វាស់រង្វាល់ទម្ងន់ សម្រាប់ហៅពេជ្រ៕