(ពិភពលោក)៖ អ្នកខ្លះប្រហែលជាធ្លាប់ឮគេប្រាប់ថា AM មកពីពាក្យ After Midnight មានន័យថា «បន្ទាប់ពីពាក់កណ្ដាលអាធ្រាត្រ» ហើយ PM មកពីពាក្យ Post Midday មានន័យថា «បន្ទាប់ពីថ្ងៃត្រង់» ហើយមើលទៅ? ប៉ុន្តែតាមពិតពាក្យពេញត្រឹមត្រូវរបស់អក្សរកាត់ទាំងពីរ មានន័យខុសស្រឡះពីការសន្និដ្ឋានបែបនេះ។
* ចុះវាមានន័យឲ្យប្រាកដយ៉ាងដូចម្ដេចទៅវិញ?
ជាការពិតណាស់ AM និង PM មិនមែនក្លាយមកពីភាសាអង់គ្លេសនោះទេ គឺវាបានក្លាយមកពីភាសាឡាតាំង (Latin) ដែលពួកអឺរ៉ុបធ្លាប់ប្រើប្រាស់យ៉ាងទូលំទូលាយនាសម័យមុន គ្រាន់តែសម័យបច្ចុប្បន្នយើងគ្រប់គ្នាអានតាមសំនៀងភាសាអង់គ្លេស គឺ អេអឹម និង ភីអឹម។
ពាក្យ AM មកពីពាក្យឡាតាំងថា ante meridiem អានថា «អង់តេ មេរីដ្យំ» ដែលប្រែជាភាសាខ្មែរថា «មុនថ្ងៃត្រង់» ឬប្រែជាភាសាអង់គ្លេស Before Midday។ ចំណែកឯពាក្យ PM មកពីពាក្យឡាតាំងថា Post Meridiem អានថា «ប៉ុស មេរីដ្យំ» ដែលប្រែជាភាសាខ្មែរថា «ក្រោយថ្ងៃត្រង់» ឬប្រែជាភាសអង់គ្លេសថា After Midday។
* ចុះក្រែងម៉ោងសកលមានដល់ទៅ២៤ម៉ោងឯណោះ ចាំបាច់អីត្រូវមានពាក្យ AM និង PM?
ត្រង់ចំណុចនេះ ក៏ជាអ្វីដែលត្រូវបកស្រាយដែរ។ ថ្វីដ្បិតថា ពិភពលោកបច្ចុប្បន្នមានម៉ោងសកលដល់ទៅ ២៤ម៉ោងក៏ពិតមែន ប៉ុន្តែមនុស្សមួយចំនួនធំក៏នៅតែប្រើពាក្យយប់ និងថ្ងៃពីក្រោយលេខម៉ោងនៅឡើយដែរ, ឧទាហរណ៍ថា ម៉ោង១១យប់ ឬម៉ោង១១ថ្ងៃជាដើម។ ម្យ៉ាងទៀតពិភពលោកទាំងមូលហាក់មិនទាន់ទម្លាប់នឹងការហៅតាមម៉ោងសកល ដូចជា ម៉ោង១៣ ម៉ោង១៤ រហូតដល់ម៉ោង២៤ ទូទៅនៅឡើយទេ ពីព្រោះពួកគេបានទម្លាប់នឹងការនិយាយម៉ោងយប់ និងម៉ោងថ្ងៃរត់មាត់ទៅហើយ។
រឿងនេះមានប្រវត្តិពាក់ព័ន្ធនឹងពពួកជនជាតិរ៉ូម៉ាំងនាសម័យបុរាណដែលជាអ្នកបង្កើតនាឡិកាដំបូង ហើយដាក់ត្រឹមតែ១២ម៉ោងប៉ុណ្ណោះ គ្រាន់តែគេបែងចែកជាពេលយប់ និងពេលថ្ងៃ។ ហេតុនេះហើយទើបគេយកពាក្យ និងអក្សកាត់ឡាតាំង AM និង PM មកប្រើប្រាស់សម្រាប់ម៉ោងទាំង១២ខាងលើនេះតែម្ដង គឺ AM តំណាងឱ្យ១២ម៉ោងមុនថ្ងៃត្រង់ ចំណែកឯ PM តំណាងឱ្យ១២ម៉ោងក្រោយថ្ងៃត្រង់វិញ៕