(ភ្នំពេញ)៖ នៅក្នុងអត្ថបទមុនៗ Fresh News Plus បានបង្ហាញអំពីទីក្រុងឡកយ៉ាង ក្រុងឆាងអាន ក្រុងប៉េកាំង ក្រុងខាយហ្វឹង និងក្រុងណានជីង ហើយនៅក្នុងអត្ថបទនេះយើងនឹងបន្តបង្ហាញអំពីទីក្រុងចំណាស់ទី៦របស់ប្រទេសចិន នោះគឺទីក្រុងហាងចូវ ឬហ័ងចូវ។
៦៖ ក្រុងហាងចូវ
ហាងចូវ (Hangzhou) ជាទីក្រុងបុរាណមួយស្ថិតនៅក្នុងខេត្តចឺជាំង (Zhejiang) ភាគខាងកើតប្រទេសចិនបច្ចុប្បន្ន។
ក្នុងសម័យ៥ជំនាន់ ក្រុងហាងចូវ គឺជារាជធានីរបស់នគរអ៊ូយាគ (Wuyue 907–978) និងរាជវង្សសុងខាងត្បូង (Southern Song 1127–1279)។
ទីក្រុងហាងចូវ ជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយលើពិភពលោក ដោយសារទេសភាពបឹងខាងលិច ឬបឹងស៉ីហ៊ូ (Xihu) ដ៏ស្រស់ស្អាត។ បឹងស៉ីហ៊ូមានបីមុខបែរទៅកាន់ភ្នំពពក មុខមួយជាទឹកព័ទ្ធជុំវិញទីក្រុងយ៉ាងស្រស់ស្អាត បានប្រើសម្រស់ធម្មជាតិដ៏ស្អាតនេះទាក់ទាញអារម្មណ៍មនុស្សទាំងឡាយ។ ដូចជនជាតិចិនតែពោលថា «លើមេឃមានស្ថានសួគ៌ ក្រោមដីមានស៊ូចូវ និងហាងចូវ» បង្ហាញពីការសរសើរដ៏ស្មោះពីសំណាក់មនុស្សគ្រប់ស្រទាប់សម្រាប់ទីក្រុងដ៏ស្រស់ស្អាតទាំងនេះ។
អ្នកនិពន្ធសម័យរាជវង្សសុងដ៏ល្បីល្បាញ គឺលោក ស៊ូ តុងប៉ (Su Dongpo) បានសរសេរថា «ក្រោមដីមានបឹង៣៦ដែលល្អបំផុត គឺហាងចូវ»។
វប្បធម៌ទេសភាពហាងចូវមានភាពស្រស់បំព្រងសម្បូរបែប សួនច្បារបុរាណ ព្រះពន្លា វត្តអារាម ប្រាសាទ គុហាថ្ម សិលាចារឹកពាសពេញ ទឹកជ្រោះ ស្ពានគំនូរកាយវិការរាប់ពាន់ អច្ឆរិយវត្ថុដ៏អស្ចារ្យ ភ្នំខៀវទឹកថ្លា រចនាប័ទ្មច្រើនបែប មានកន្លែងល្បីឈ្មោះជាច្រើន ដូចជា អារាមលីងអ៉ីង (Lingyin) ប្រាសាទលីវហឺ (Liuhe) ប្រាសាទមេទ័ពយៀកហ្វី (Yue Fei) ជាដើម។ ដូចនេះហើយមនុស្សបុរាណនិយាយថា «ការចងចាំនៃជាំងណាន គឺហាងចូវ»៕