(ពិភពលោក)៖ ជាទូទៅថ្ងៃបុណ្យ Christmas ត្រូវបានប្រារព្ធឡើងដើម្បីរំឭកដល់ថ្ងៃប្រសូត្ររបស់ព្រះយេស៊ូគ្រឹស្ត (Jesus Christ) ដែលគ្រឹស្តសាសនិកគ្រប់រូបគោរពចាត់ទុកទ្រង់គឺជាបុត្ររបស់ព្រះជាម្ចាស់។ ប៉ុន្តែបច្ចុប្បន្ននេះបុណ្យ Christmas គឺត្រូវបានប្រារព្ធឡើងដោយមនុស្សម្នានៅជុំវិញពិភពលោក មិនថាពួកគេជាអ្នកកាន់សាសនាគ្រឹស្តដែរឬក៏អត់ឡើយ។
សព្វថ្ងៃ Christmas គឺជាឱកាសដែលអាចឲ្យសមាជិកក្រុមគ្រួសារព្រមទាំងមិត្តភក្តិទាំងឡាយ មានពេលវេលាជួបជុំបង្កើតការចងចាំអំពីរឿងល្អៗដែលពួកគេមានជាមួយគ្នា។ មិនតែប៉ុណ្ណោះ វាក៏ជាថ្ងៃដែលមនុស្សគ្រប់វ័យចូលចិត្តនិងទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំផងដែរ ជាពិសេសសម្រាប់ក្មេងៗតែម្តង ព្រោះវាជាពេលដែលអ្នកត្រូវឲ្យកាដូ ឬក៏ទទួលកាដូ។
តាមពិតទៅ ពុំមាននរណាម្នាក់បានដឹងច្បាស់អំពីថ្ងៃប្រសូត្រពិតប្រាកដរបស់ព្រះយេស៊ូនោះទេ ដូច្នេះហើយតើហេតុអ្វីបានជាគេប្រារព្ធបុណ្យ Christmas នៅថ្ងៃទី២៥ ខែធ្នូ? មានទ្រឹស្ដីមួយចំនួនដែលផ្តល់ការបកស្រាយសម្រាប់ក្តីចម្ងល់នេះ។
អ្នកកាន់គ្រឹស្តសាសនិកកាលពីជំនាន់ដំបូងបានជឿថា ថ្ងៃដែលនាងម៉ារៀ (Maria) ត្រូវបានប្រាប់ថានាងនឹងមានទារកដ៏វិសេសវិសាលម្នាក់គឺព្រះយេស៊ូ គឺនៅថ្ងៃទី២៥ ខែមីនា ហៅថាថ្ងៃអេនណាន់ស៉ីអេសិន (Annunciation) ហើយបើគិតទៅ៩ខែក្រោយថ្ងៃទី២៥ ខែមីនា គឺត្រូវនឹងថ្ងៃទី២៥ ខែធ្នូ។
ទ្រឹស្តីមួយទៀតគឺថា តាំងពីជំនាន់ដើម មនុស្សជាច្រើនបាននាំគ្នាប្រារព្ធពិធីបុណ្យផ្សេងៗ ដើម្បីអបអរបាតុភូត វិនធើសូលស្ទីស (Winter Solstice) ដែលជាពេលដំណាក់កាលអាក្រក់បំផុតនៃរដូវត្រជាក់បានកន្លងផុតទៅ។ អំឡុងពេល Winter Solstice ដែលកើតឡើងនៅខ្ទង់ថ្ងៃទី២០ ឬ២០ជាង ក្នុងខែធ្នូ ពួកអឺរ៉ុបនៅភាគខាងជើងគេប្រារព្ធពិធីបុណ្យហៅថា យ៊ូល (Yule) ចំណែកពួករ៉ូម៉ាំងប្រារព្ធពិធីបុណ្យ សាធើនណាលា (Saturnalia) ជាដើម ដើម្បីឧទ្ទិសដល់ព្រះសាធើន (Saturn) ដែលជាអាទិទេពនៃវិស័យកសិកម្ម ហើយនិងបុណ្យមួយទៀតហៅថា ជូវេណាលា (Juvenalia) ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ សម្រាប់អាទិទេពឈ្មោះ មីសរ៉ា (Mithra)។
យ៉ាងណាមិញ នៅពេលសាសនាគ្រឹស្តចាប់កំណើតដំបូងៗ ថ្ងៃប្រសូត្រនៃព្រះយេស៊ូមិនមានពិធីបុណ្យសម្រាប់អបអរនោះទេ ដោយមានតែថ្ងៃបុណ្យអ៉ីស្ទើរ (Easter) ប៉ុណ្ណោះ ដែលជាថ្ងៃបុណ្យធំរបស់គ្រឹស្តសាសនា។ សូម្បីតែព្រះគម្ពីររបស់គ្រឹស្តសាសនា ឌឺបាយប៊ល (The Bible) ក៏មិនមានលើកឡើងពីថ្ងៃខែឆ្នាំជាក់លាក់នៃការប្រសូត្ររបស់ព្រះយេស៊ូដែរ ប៉ុន្តែមានការសន្និដ្ឋានមួយចំនួនថាថ្ងៃទី៦ ខែមករា គឺជាថ្ងៃដែលទ្រង់បានប្រសូត្រ ហើយពុំមែនថ្ងៃទី២៥ ខែធ្នូ ទេ។
ប៉ុន្តែអ្វីក៏បានប្រែប្រួលកាលពីសតវត្សរ៍ទី៤ នៅពេលសម្តេចប៉ាប ជូលៀសទី១ (Julius I) បានកំណត់ជ្រើសរើសយកថ្ងៃទី២៥ ខែធ្នូ ធ្វើជាកាលបរិច្ឆេទផ្លូវការសម្រាប់ឲ្យគ្រឹស្តសាសនិកទាំងអស់អាចនាំគ្នាប្រារព្ធពិធីបុណ្យ ដើម្បីអបអរការប្រសូត្រនៃព្រះយេស៊ូហៅថា Christmas។
ហេតុអ្វីបានជាថ្ងៃទី២៥ ខែធ្នូ ទៅវិញ? មូលហេតុពិតប្រាកដនៅតែកំពុងបន្តស្ថិតក្រោមការជជែកដេញដោលនៅឡើយទេ ប៉ុន្តែមតិភាគច្រើនជឿជាក់ថា ការកំណត់យកថ្ងៃទី២៥ ខែធ្នូ នេះ គឺដើម្បីបង្កើនលទ្ធភាពគ្រឹស្តសាសនិកនៅជុំវិញពិភពលោក ឲ្យទទួលយកក៏ដូចជាប្រារព្ធបុណ្យ Christmas ឲ្យបានផុសផុល ជាជាងទៅប្រារព្ធពិធីបុណ្យដទៃទៀត ដែលមានវត្តមានរួចស្រេចជាយូរមកហើយនាសម័យនោះ។
គួរបញ្ជាក់ថា មកដល់ឆ្នាំ៤៣២ ការប្រារព្ធពិធីបុណ្យ Christmas បានរីកសុះសាយដល់ប្រទេសអេហ្ស៉ីប។ បន្តមកដល់យុគសម័យកណ្តាល ដែលគេហៅថា Middle Ages ទំនៀមទម្លាប់នៃការប្រារព្ធ Christmas បានរីកសាយថែមទៀតនៅជុំវិញពិភពលោក ដោយលុបពិធីបុណ្យផ្សេងៗទៀត ដែលប្រារព្ធឡើងក្នុងអំឡុងពេលដូចគ្នា ហើយជាច្រើនសតវត្សរ៍តៗក្រោយមក ពិធីបុណ្យនេះនៅតែបន្តរីករាលដាលដដែល។
ដូច្នេះហើយ ថ្ងៃប្រសូត្ររបស់ព្រះយេស៊ូគ្រឹស្ត ត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី២៥ ខែធ្នូ រហូតមកទល់បច្ចុប្បន្ន ប៉ុន្តែឥឡូវវាមិនគ្រាន់តែជាបុណ្យសាសនាប៉ុណ្ណោះទេ។ រីឯថ្ងៃទី៦ ខែមករា ក៏បានក្លាយជាថ្ងៃដែលគ្រឹស្តសាសនិកប្រារព្ធបុណ្យហៅថា អ៉ីភីហ្វានី (Feast of the Epiphany) ជាពេលក្រុមបុរសអ្នកប្រាជ្ញាបានមកដល់ទីក្រុងបេសស្លេហ៊ែម (Bethlehem) នៃប្រទេសអ៉ីស្រាអែល ហើយជួបព្រះយេស៊ូដែលទើបនឹងប្រសូត្រ។ រីឯពេលវេលាដែលស្ថិតនៅចន្លោះថ្ងៃទី២៥ ខែធ្នូ និងថ្ងៃទី០៦ ខែមករា ក៏ត្រូវបានគេស្គាល់ថា ជា១២ថ្ងៃនៃគ្រីសស្មាស់ (Christmas)៕