(ពិភពលោក)៖ ដូចយើងដឹងហើយថា មនុស្សដំបូងបានចាប់ផ្ដើមកំណើតដំបូងនៅទ្វីបអាហ្វ្រិក ក្រោយមក ក៏បានធ្វើបម្លាស់ទីទៅកាន់ទ្វីបអាស៉ី និងទ្វីបអឺរ៉ុបជាដើម ហើយក៏បានទៅដល់អាមេរិកផងដែរ ប៉ុន្តែបើទ្វីបអាមេរិកនៅដាច់ពីទ្វីបអាហ្វ្រិក ទ្វីបអឺរ៉ុប និងទ្វីបអាស៉ីយ៉ាងដូច្នេះនោះ តើមនុស្សទៅដល់នេះយ៉ាងដូច្នេះ?

banner

* ការវិវត្តទ្វីប
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកជំនាញបានបង្ហាញថា កាលពីប្រមាណ ២ ម៉ឺនឆ្នាំមុន ទីកន្លែងជាច្រើននៅជុំវិញពិភពលោកត្រូវគ្របដណ្ដប់ដោយទឹកកក ដែលគេឱ្យឈ្មោះថា យុគទឹកកក (Ice Age)។ នៅអំលុងពេលយុគទឹកកកនេះ ផ្ទៃខាងលើនៃទឹកសមុទ្របានប្រែជាកករឹង ហើយបានបណ្តាលឱ្យនីវ៉ូទឹកសមុទ្រមានការថយចុះ។

ការស្រាវជ្រាវបានបង្ហាញទៀតថា មុនរំកិលដាច់ចេញពីគ្នា ទ្វីបអាស៉ី និងទ្វីបអាមេរិកខាងជើង គឺនៅជាប់គ្នានៅឡើយទេ ខណៈកន្លែងតំណភ្ជាប់រវាងទ្វីបទាំងពីរ គឺនៅត្រង់តំបន់មួយមានឈ្មោះថា ប៊ែរីងជៀ (Beringia)។ តំបន់ប៊ែរីងជៀនេះ បើគិតអំពីទីតាំងបច្ចុប្បន្ន គឺរួមបញ្ចូលទាំងតំបន់ស៉ឺបេរី (Siberia) រដ្ឋអាឡាស្កា (Alaska State) សមុទ្រប៊ែរីង (Bering Sea) និងសមុទ្រឆុកឈី (Chukchi Sea) ផងដែរ។ មនុស្សអាចធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ពីអាស៊ីទៅអាមេរិកខាងជើងបាន តាមរយៈស្ពានដីមួយនៅក្នុងតំបន់ប៊ែរីជៀ។

* ការបម្លាស់ទីរបស់មនុស្សដើមដំបូង
ជាទូទៅ ក្រុមអ្នកវិទ្យាសាស្ត្រជំនាញបានព្រមព្រៀងគ្នាថា ការបម្លាស់ទីរបស់មនុស្សដើមដំបូងនៅទូទាំងពិភពលោក គឺត្រូវប្រើពេលរាប់សែនឆ្នាំ និងរាប់ពាន់ជំនាន់មនុស្សឯណោះ។ នៅប្រហែល ២ លានឆ្នាំមុន មនុស្សក្នុងអម្បូរហូមីនីត (Hominids) ដែលជាបុព្វបុរសនៃមនុស្សជាតិយើងនោះ បានចាកចេញពីអាហ្វ្រិកទៅកាន់អាស៊ី ដោយក្រុមខ្លះបានធ្វើដំណើរឆ្ពោះទៅឥណ្ឌា និងអាស៊ីភាគអាគ្នេយ៍ ឯក្រុមខ្លះទៀតបានងាកទៅអឺរ៉ុប។ ជាងមួយលានឆ្នាំក្រោយមក មនុស្សដំបូងបានចាកចេញពីអាហ្វ្រិកខាងកើតទៅកាន់អាហ្វ្រិកខាងត្បូង និងអាស៉ីភាគនិរតី។

ក្រោយៗមកទៀត ពួកគេបានបន្តដំណើរទៅកាន់ដែនដីអូស្ត្រាលី។ ការធ្វើដំណើរទៅកាន់ដែនដីអូស្ត្រាលីនៅពេលនោះ ភាគច្រើនគឺធ្វើដំណើរដោយថ្មើរជើង ពីព្រោះនៅយុគសម័យនោះ កម្ពស់ទឹកសមុទ្រនៅមានកម្ពស់ទាបនៅឡើយ ហើយការធ្វើដំណើរតាមផ្លូវទឹកវិញ គឺមានតិចតួចប៉ុណ្ណោះ។ ចេញពីអាស៊ីភាគនិរតី មនុស្សក៏បានធ្វើដំណើរទៅកាន់អឺរ៉ុបភាគខាងជើងដែរ។ នៅទីនោះ លក្ខណៈភូមិសាស្ត្រមានភ្នំខ្ពស់ និងមានសីតុណ្ហភាពត្រជាក់ខ្លាំង។ ដោយសារតែមានឧបសគ្គយ៉ាងនេះហើយ ទើបធ្វើឱ្យពន្យារដល់ការធ្វើដំណើរទៅមុខទៀតរបស់មនុស្ស ដែលចង់បម្លាស់ទីពីអឺរ៉ុបខាងជើងតម្រង់ទៅកាន់អាស៊ីខាងជើងទៀត។ ប៉ុន្តែបើទោះបីជាភ្នំខ្ពស់យ៉ាងណា អាកាសធាតុត្រជាក់យ៉ាងណាក៏ដោយ ក៏មនុស្សទាំងនោះនៅតែជម្នះទាល់តែបាន ហើយបានធ្វើដំណើរទៅដល់ដែនដីត្រជាក់បំផុតមួយ ដែលបច្ចុប្បន្នគឺប្រទេសរុស្ស៊ី។ ពួកគេបានបន្តដំណើររហូតដល់ដែនដីស៊ីបេរី និងបានឆ្លងកាត់ស្ពានដីចូលទៅកាន់អាមេរិកខាងជើង ដែលកាលណោះ គឺស្ថិតក្នុងសម័យយុគទឹកកកនៅឡើយ។

នៅប្រហែល ១ ម៉ឺនឆ្នាំមុន យុគទឹកកកក៏បានឈានដល់ទីបញ្ចប់ ហើយទឹកកកក៏បានចាប់ផ្តើមរលាយបន្តិចម្តងៗ ខណៈកម្ពស់ទឹកសមុទ្រក៏បានកើនឡើងដែរ មិនយូរប៉ុន្មាន ទឹកសមុទ្រក៏បានឡើងលិចបាត់ស្ពានដី ដែលជាទីកន្លែងសម្រាប់ឆ្លងកាត់ពីអាស៊ីទៅកាន់អាម៉េរិកខាងជើង។ នៅពេលនោះហើយដែលទ្វីបអាស៊ី និងទ្វីបអាមេរិកត្រូវបានខណ្ឌចែកគ្នាដោយសមុទ្រ។ នៅពេលដែលមនុស្សដំបូងបានទៅដល់អាមេរិកខាងជើងហើយ មនុស្សក៏បានបន្តរស់នៅទីនោះដោយប្រកបរបរបរបាញ់ និងដូចកាលពីមុនដដែល។ ពីមួយឆ្នាំទៅមួយឆ្នាំ ការបរបាញ់ និងការប្រមូលផលរបស់មនុស្ស ក៏ចេះតែបន្តឆ្ងាយទៅៗ រហូតបានទៅដល់ទ្វីបមួយទៀត គឺទ្វីបអាមេរិកខាងត្បូង ដែលជាទ្វីបដ៏ធំបំផុតមួយដែរ។

សូមជម្រាបថា បច្ចុប្បន្ន តំបន់ប៊ែរីជៀ ត្រូវបានពុះជ្រៀកដោយច្រកសមុទ្រប៊ែរីង (Bering Strait) ដោយត្រើយខាងលិច គឺតំបន់ស៉ីបេរី និងត្រើយខាងកើត គឺរដ្ឋអាឡាស្កា។ រវាងត្រើយនៃតំបន់ទាំងពីរនេះមានចម្ងាយអប្បបរមាជាង ៨៨ គីឡូម៉ែត្រ។ នៅចន្លោះរបស់តំបន់ទាំងពីរនេះដែរ គឺមានកោះសំខាន់ៗ ២ រួមមាន កោះដាយអូមីដធំ (Big Diomede) និងកោះដាយអូមីដតូច (Little Diomede)៕