(ពិភពលោក)៖ សព្វថ្ងៃនេះ នៅក្នុងប្រព័ន្ធផ្កាយរបស់យើង គឺមានភពចំនួន៨ ក្នុងនោះរួមមាន ភពពុធ (Mercury), ភពសុក្រ (Venus), ភពផែនដី (Earth), ភពអង្គារ (Mars), ភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអ៊ុយរ៉ាណុស (Uranus) និងភពណិបទូន (Neptune) ប៉ុន្តែនៅមុនឆ្នាំ២០០៦ យើងធ្លាប់មានភពទី៩ ហៅថា ភ្លូតូ (Pluto)។ តើភពនេះបានបាត់បង់ឋានៈរបស់វា ដោយសារតែមូលហេតុអ្វី?
Pluto ត្រូវបានរកឃើញកាលពីឆ្នាំ១៩៣០ ដោយតារាវិទូជនជាតិអាមេរិកឈ្មោះ ក្លាយ ថមបរ (Clyde Tombaugh) តាមរយៈការប្រើមជ្ឈមណ្ឌល តេឡេស្កូបឡូវែល (Lowell Obervatory) នៅរដ្ឋអារីហ្ស៉ូណា (Arizona) នៃសហរដ្ឋអាមេរិក។ ភ្លាមៗនោះ សៀវភៅពុម្ពសិក្សានៅជុំវិញពិភពលោក ក៏ត្រូវបានធ្វើការកែសម្រួលថ្មី ដើម្បីដាក់បញ្ចូលវាទៅជាសមាជិកទី៩ នៃភពនៅក្នុងប្រព័ន្ធផ្កាយរបស់យើង។
ប៉ុន្តែជាច្រើនទសវត្សរ៍បន្តបន្ទាប់មក ក្រុមតារាវិទូបានចាប់ផ្តើមងឿងឆ្ងល់ថា តាមពិត Pluto គ្រាន់តែជាវត្ថុដំបូងមួយក្នុងចំណោមវត្ថុអវកាសមួយក្រុម ដែលមានវត្តមាននៅហួសគន្លងគោចររបស់ភពណិបទូន ឬយ៉ាងណា។ នៅឆ្នាំ១៩៥១ តារាវិទូជនជាតិហូឡង់ឈ្មោះ ចឺរ៉ាដ ខៃភើ (Gerard Kuiper) បានព្យាករថា នៅហួសពីគន្លងរបស់ណិបទូន គឺមានវត្តមានតំបន់ខ្សែក្រវាត់មួយ ដែលពោរពេញទៅដោយអាចម៍ផ្កាយតូចៗ ដូច្នេះហើយទើបតំបន់នោះ ក្រោយមកត្រូវគេដាក់ឈ្មោះឲ្យថា «ខ្សែក្រវាត់ខៃភើ (Kuiper Belt)»។
វត្ថុនៅតំបន់ Kuiper Belt ហៅកាត់ KBO ត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ១៩៩២។ វាមានឈ្មោះសម្គាល់ថា 1992 QBI។ ក្រោយមកទៀតក៏មានការរកឃើញវត្ថុ KBO ផ្សេងៗទៀតដែលមានទំហំប្រហាក់ប្រហែលភពភ្លូតូ រួមដូចជាគ្វ័រអា (Quaoar) នៅឆ្នាំ២០០២, សេដណា (Sedna) នៅឆ្នាំ២០០៣, និងអេរីស (Eris) នៅឆ្នាំ២០០៥ ជាពិសេសគឺ Eris នេះតែម្តង ដែលមើលទៅធំជាង Pluto ហើយអ្នកខ្លះហៅវាថា ភពទី១០ ថែមទៀត។
ប្រការនេះបានបណ្តាលឲ្យសហភាពតារាសាស្រ្តអន្តរជាតិ (International Astronomical Union ឬ IAU) បង្កើតគណៈកម្មាធិការពិសេសមួយ ដែលមានតួនាទីកំណត់និយមន័យថ្មីថា អ្វីទៅជា «ភព»។ នៅជំហានបឋម ពួកគេបានបង្កើតនិយមន័យមួយ ដែលនឹងបង្កើនភពពី៩ទៅ១២ គឺ Pluto និងព្រះចន្ទឆារ៉ន (Charon) របស់វា នឹងត្រូវទទួលស្គាល់ជាភពភ្លោះ ហើយ Eris និងស៉ីរេស (Ceres) ដែលជាវត្ថុធំបំផុតនៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ (Asteriod Belt) ដែលនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ក៏នឹងត្រូវអនុញ្ញាតឲ្យចូលជាសមាជិកនៃភពដែរ។ ប៉ុន្តែនិយមន័យនេះ មានការជំទាស់ខ្លាំង។
បន្ទាប់មកនៅខែសីហា ឆ្នាំ២០០៦ កំលុងមហាសន្និបាតរបស់ IAU នៅទីក្រុងប្រាក (Prague) នៃសាធារណរដ្ឋឆែក និយមន័យថ្មីនៃភព ក៏ត្រូវបានអនុម័តឡើង។ នៅក្រោមនិយមន័យនោះ វត្ថុមួយដើម្បីអាចត្រូវចាត់ទុកជា «ភព» បាន គឺត្រូវបំពេញតាមលក្ខណៈបី។ ទីមួយ៖ វាត្រូវតែជាវត្ថុអវកាស ដែលមានគន្លងគោចរជុំវិញព្រះអាទិត្យ។ ទីពីរ៖ វាត្រូវមានរាងមូលឬស្ទើរមូល។ ទីបី៖ នៅគន្លងគោចររបស់វា មិនត្រូវមានវត្ថុផ្សេងទៀតឡើយ លើកលែងតែព្រះចន្ទរបស់វា។
Pluto បំពេញត្រូវតាមលក្ខខណ្ឌពីរដំបូងប៉ុន្តែឆ្លងមិនផុតលក្ខខណ្ឌទីបី ដោយសារតែ Pluto រងឥទ្ធិពលពីកម្លាំងទំនាញរបស់ភពណិបទូន ហើយតំបន់គន្លងគោចររបស់វា គឺមានវត្តមានវត្ថុ KBO ជាច្រើនផ្សេងទៀត។ ដូច្នេះហើយការកំណត់និយមន័យថ្មីនេះ បានដកហូតឋានៈជាភពដែល Pluto បានរក្សាមកប្រមាណជា៧៦ឆ្នាំ។
គួរជម្រាបថា ទោះជាបែបនេះក្តី Pluto ត្រូវបានចាត់ថ្នាក់ទៅជាប្រភេទវត្ថុថ្មីមួយហៅថា ដ្វាហ្វភ្លែនណិត (Dwarf Planet) គឺយើងអាចនិយាយបានថាជា ក្រុមភពដែលមិនពេញលក្ខណៈ ឬភពបម្រុង រួមជាមួយ Ceres, Eris, Sedna, និង Quaoar។ នាពេលនោះសាស្រ្តាចារ្យជាន់ខ្ពស់ម្នាក់របស់ IAU គឺលោក អាយវ៉ាន់ វីលៀម (Iwan William) បាននិយាយថា ប្រសិនបើយើងមិនបានកំណត់និយមន័យឲ្យតឹងរ៉ឹងទេនោះ ប្រព័ន្ធព្រះអាទិត្យអាចនឹងមានភពកើនដល់រាប់រយជាមិនខាន ក្នុងពេលតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ៕