(ពិភពលោក)៖ ចាប់តាំងពីជំនាន់លោក ចន អេហ្វ ខេនណឺឌី (John F. Kennedy) មក ប្រធានាធិបតីអាមេរិកគ្រប់រូប សុទ្ធតែមានមន្រ្តីជំនួយការម្នាក់ដែលដើរតាមជាប់ ដោយកាន់នូវកាបូបយួរមួយហៅថា «នុយក្លេអ៊ែរហ៊្វូតប៊ល (Nuclear Football)» ដែលជាវត្ថុប្រើសម្រាប់បញ្ជាឱ្យបើក ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ក្នុងករណីប្រធានាធិបតីអាមេរិក មិនស្ថិតក្នុងបន្ទប់ស្ថានការណ៍ (Situation Room) នៅសេតវិមាន ពោលគឺពេលធ្វើដំណើរនៅខាងក្រៅ។ ឈ្មោះ «Nuclear Football» នេះ បានមកពីគម្រោងសង្រ្គាមនុយក្លេអ៊ែរមួយ ហៅថា «ដ្រប់ឃីក (Dropkick)» ជាពាក្យដែលពាក់ព័ន្ធនឹងកីឡាបាល់ឱបអាមេរិក Football។
កាបូប Nuclear Football ស្ថិតក្រោមការគ្រប់គ្រងដោយផ្លាស់វេនគ្នា រវាងមន្រ្តីយោធាដែលជាជំនួយការរបស់ប្រធានាធិបតីអាមេរិក។ ពួកគេតម្រូវឱ្យរក្សាទុកកាបូបនេះ នៅក្បែរខ្លួនប្រធានាធិបតីជាប់ជានិច្ច។ ហេតុដូច្នេះហើយទើបយើងតែងចំណាំឃើញ មន្រ្តីជំនិតម្នាក់ដែលមានកាបូបនេះនៅក្នុងដៃ ឈរឬក៏ដើរក្បែរៗប្រធានាធិបតីអាមេរិកគ្រប់ពេលវេលា រួមមានទាំងពេលជិះលើយន្តហោះ អ៊ែរហ្វសវាន់ (Air Force One), ឧទ្ធម្ភាគចក្រ ម៉ារីនវាន់ (Marine One) ឬក៏ រថយន្តប្រធានាធិបតី។
ប្រធានាធិបតីអាមេរិក ក្នុងនាមជាអគ្គមេបញ្ជាការផុតលេខ នៃកងកម្លាំងប្រដាប់អាវុធអាមេរិក មានសិទ្ធិចេញបញ្ជាឱ្យបើកការវាយប្រហារនុយក្លេអ៊ែរ ដោយមិនចាំបាច់សុំការអនុញ្ញាតពីសភាឡើយ។ នៅពេលបើកឡើង កាបូប Nuclear Football អាចប្រើដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណប្រធានាធិបតី, ធ្វើការទាក់ទងជាមួយក្រសួងការពារជាតិអាមេរិក និងផ្តល់នូវជម្រើសសម្រាប់ការវាយប្រហារ។
ដោយផ្ទុយពីការសន្និដ្ឋានរបស់មនុស្សមួយភាគច្រើន កាបូប Nuclear Football មិនមាន «ប៊ូតុងនុយក្លេអ៊ែរ» សម្រាប់ឱ្យចុចនោះទេ ហើយប្រធានាធិបតីអាមេរិក ក៏មិនអាចប្រើវាផ្ទាល់ ដើម្បីបាញ់អាវុធនុយក្លេអ៊ែរតែម្តងឡើយផងដែរ។ កាបូបនេះអនុញ្ញាតឱ្យ ប្រធានាធិបតីអាមេរិកចេញបញ្ជាប្រើអាវុធនុយក្លេអ៊ែរមែន ប៉ុន្តែការវាយប្រហារនឹងត្រូវធ្វើឡើង ដោយខាងយោធាអាមេរិកឯណោះទេ។
យ៉ាងណាមិញ នៅមានរបស់សំខាន់មួយទៀតគឺ លេខសម្ងាត់មាស «Gold Code» ដែលសរសេរនៅលើកាតផ្លាស្ទិកមួយហៅថា «ដឹប៊ីស្គីត (The Biscuit)» ព្រោះបើគ្មានលេខសម្ងាត់នេះទេ ប្រធានាធិបតីអាមេរិក ក៏មិនអាចចេញបញ្ជាឱ្យប្រើអាវុធនុយក្លេអ៊ែរបានដែរ។ ដូច្នេះហើយប្រធានាធិបតីអាមេរិក ត្រូវតែរក្សាទុកកាតផ្ទុកលេខសម្ងាត់នេះ នៅជាប់ខ្លួនជានិច្ចដូចគ្នា។ សម្រាប់ហេតុផលសន្តិសុខ នៅលើកាត Biscuit មានលេខសម្ងាត់ជាច្រើន ដែលក្នុងនោះរួមមានទាំងលេខកូដមិនបានការផងដែរ គឺប្រធានាធិបតីអាមេរិក ត្រូវតែចងចាំលេខកូដដែលត្រឹមត្រូវដោយខ្លួនឯង។
នៅពេលប្រធានាធិបតីអាមេរិក សម្រេចចេញបញ្ជាឱ្យបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លេខកូដសម្ងាត់នឹងត្រូវផ្ទៀងផ្ទាត់ដោយក្រសួងការពារជាតិអាមេរិក ហើយបញ្ជានោះនឹងត្រូវធ្លាក់ជាបន្តបន្ទាប់ទៀតទៅថ្នាក់ក្រោមៗ និងផ្នែកដែលពាក់ព័ន្ធ រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែក នាវាមុជទឹក និងមូលដ្ឋានមីស៉ីល ដែលសុទ្ធតែផ្ទុកអាវុធនុយក្លេអ៊ែរ។ ក្នុងដំណាក់កាលនីមួយៗ គេប្រើគោលការណ៍បុគ្គលពីរនាក់ ហៅថា «ធូមែនរូល (Two-Men Rule)» ដោយសូម្បីតែបញ្ជារបស់ប្រធានាធិបតី ក៏ត្រូវការការផ្ទៀងផ្ទាត់ពីរដ្ឋមន្រ្តីការពារជាតិអាមេរិកដែរ ប៉ុន្តែទោះជាបែបនេះក្តី រដ្ឋមន្រ្តីការពារជាតិត្រូវតែគោរពតាម បទបញ្ជារបស់ប្រធានាធិបតី ដោយគ្មានសិទ្ធិជំទាស់បាននោះទេ។
កាបូប Nuclear Football ជាផលិតផលរបស់ក្រុមហ៊ុន ហ្សេរ៉ូ ហាលីបឺតុន (Zero Halliburton) នៅរដ្ឋយូតា (Utah) របស់សហរដ្ឋអាមេរិក។ ពួកវាត្រូវបានបង្កើតឡើងចេញពីកាបូបយួរអាលុយមីញ៉ូម ដែលស្រោបស្បែកពណ៌ខ្មៅ។ នៅពេលផ្ទុកឧបករណ៍ និងឯកសារចាំបាច់រួចរាល់ កាបូប Nuclear Football មានទម្ងន់ប្រហែល២០គីឡូក្រាម។ នៅពេលប្រធានាធិបតីអាមេរិក មានកិច្ចការត្រូវចេញក្រៅសេតវិមាន ជំនួយការជាមន្រ្តីយោធាម្នាក់ តែងកាន់កាបូបនេះជាប់តាមកៀកជានិច្ច សូម្បីតែក្នុងជណ្តើរយន្ត។ មន្រ្តីយោធាជាជំនួយការសរុប៥រូប ដែលមានតួនាទីផ្តល់ដំណឹងដល់ប្រធានាធិបតីអាមេរិក ក្នុងករណីសហរដ្ឋអាមេរិករងការវាយប្រហារនុយក្លេអ៊ែរ គឺជាអ្នកផ្លាស់វេនគ្នា ទទួលបន្ទុកមើលការខុសត្រូវលើកាបូប Nuclear Football។
គួរជម្រាបថា ជាទូទៅក៏មានកាបូប Nuclear Football និងលេខសម្ងាត់ Gold Code ដាច់ដោយឡែកផ្សេងទៀត សម្រាប់អនុប្រធានាធិបតីអាមេរិកផងដែរ ហើយនៅសេតវិមានវិញ មានកាបូបបម្រុងមួយជាប់នៅទីនោះជានិច្ច។ មកទល់បច្ចុប្បន្ន មិនធ្លាប់មានប្រធានាធិបតីអាមេរិកណាម្នាក់ បានប្រើកាបូបនុយក្លេអ៊ែរនេះឡើយ។ ដោយឡែក រុស្ស៉ីក៏ត្រូវគេដឹងថាមានកាបូបស្រដៀងគ្នានេះដែរ ហៅថា «ឈេហ្គែត (Cheget)» ដែលជាឈ្មោះភ្នំមួយ នៅក្នុងប្រទេសរុស្ស៉ី៕